ជាតិ
ពីនេះ ពីនោះ
ដៃស្នា ខុសពី ស្នាដៃ
24, Oct 2023 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បែងចែក​យ៉ាងច្បាស់​រវាងពាក្យ «ដៃស្នា» និង «ស្នាដៃ»។

 
«ដៃស្នា»  មានន័យថា បង់បាញ់, ​ផ្នែកមួយនៃគ្រឿងសំណង់មានតួនាទីសម្រាប់ទ្រចុងផ្ទោងសំយាបដំបូល :  ដៃស្នាទ្រចុងដំបូលរបស់ខ្មែរបង្ហាញនូវភាពប៉ិនប្រសប់របស់ជាងខ្មែរ។   
 
សារព័ត៌មានឌីជីថល​​ថ្មីៗ សូម​លើកយកពាក្យ «បង់បាញ់» មកពន្យល់​បន្ថែមទៀត ដោយពាក្យនេះ សំដៅលើចន្ទល់វែងដែលទល់ជ្រែង :  បង់បាញ់ផ្ទះ, ដាក់បង់បាញ់ជ្រែងឱ្យមាំ។  
 
ដោយឡែក «ស្នា» ជា​អាវុធមួយប្រភេទ ធ្វើដោយឈើ មានត្រពងមានដៃ មានខ្សែបន្លោះ មានកៃតម្លោះបាន មានព្រួញស្លាបសម្រាប់ដាក់ផ្ទាប់យឹតបាញ់ :  ស្នាបង់បាញ់ ធម៌បង់ទន្ទេញ, ស្នាបាក់ កុំចាក់ច្បោស មនុស្សមានទោស កុំយកខ្លួនបៀត។  
 
ចំពោះ​ពាក្យ «ស្នាដៃ» គឺ​ការដែលកើតពីដៃធ្វើ; ថ្វីដៃ :  ប្រាសាទនគរវត្តជាស្នាដៃរបស់ពួកជាងខ្មែរសម័យបុរាណ។  យើង​អាច​សរសេរ​ជា «សម្នាដៃ» ឬ «សំណា​ដៃ» ក៏បាន ពោលគឺ​មានន័យថា ស្នាដៃ, ថ្វីដៃ, ការដែលកើតឡើងដោយដៃ :  ក្បាច់រចនានគរវត្តជាសម្នាដៃរបស់ពួកជាងខ្មែរក្នុងបុរាណសម័យ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com