ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ បដិសេធរបាយការណ៍ WJP ដែលវាយតម្លៃនីតិរដ្ឋកម្ពុជា ជាប់ចំណាត់ថ្នាក់១៤១
26, Oct 2023 , 8:59 pm        
រូបភាព
ផ្នែកយុត្តិធម៌សង្គម កម្ពុជាជាបចំណាត់ថ្នាក់១៤២។ រូបពី WJP
ផ្នែកយុត្តិធម៌សង្គម កម្ពុជាជាបចំណាត់ថ្នាក់១៤២។ រូបពី WJP
ភ្នំពេញ៖ ការគោរពនីតិរដ្ឋនៅកម្ពុជា គឺស្ថិតក្នុងលេខ១៤១ ក្នុងចំណោម១៤២ប្រទេស។ ​ តាមរយៈរបាយការណ៍នេះ បានវាយតម្លៃលើកត្តាចំនួន៨ ដែលក្នុងនោះកត្តាយុត្តិធម៌សង្គម កម្ពុជាទទួលចំណាត់ថ្នាក់១៤២ ហើយមានតែកត្តាសណ្ដាប់ធ្នាប់និងសន្តិសុខប៉ុណ្ណោះ ដែលមានភាពល្អប្រសើរ គឺចំណាត់ថ្នាក់៩៩។ នេះបើយោង​តាម​សន្ទស្សន៍​នីតិរដ្ឋ​ឆ្នាំ ២០២៣ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក


ចំណាត់ថ្នាក់ដែលកម្ពុជា ទទួលបានគឺទាបជាងបណ្ដាប្រទេសនៅក្នុងតំបន់ ខណៈការគោរពនីតិរដ្ឋ នៅមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់១៣២។ ចំណែក ថៃ ជាប់លេខ៨០ ហើយវៀតណាមជាប់លេខ៨៤។ យ៉ាងណាករណីនេះ ពុំមែនជារឿងថ្មីឡើយ ពោលគឺឆ្នាំទី៧ហើយ ដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេនៅក្នុងតំបន់ ស្ដីពីការគោរពនីតិរដ្ឋ។ 
 
ឆ្លើយតបនឹងរបាយការនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានសង្កេតឃើញថា WJP តែងវាយតម្លៃដោយគ្មានការចូលរួមសហការពីភាគីរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ លោកចាត់ទុក ការចាត់ចំណាត់ថ្នាក់ទាំងនេះ មិនមានតម្លាភាព មិនអាចយកជាការ ឬជឿទុកចិត្តបានឡើយ។ 
 
«វាជារបាយការណ៍មួយដែលមិនអាចជឿទុកចិត្ត យើងមិនដឹងគេប្រើវិធីសាស្រ្តយ៉ាងម៉េច! ខណៈប្រទេសខ្លះមានសង្គ្រាម រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រហូតដល់បណ្ដាប្រទេសផ្សេងៗដាក់ទណ្ឌកម្មគ្រប់គ្នា បែរជាទទួលបានចំណាត់ថ្នាក់ល្អជាងកម្ពុជាទៅវិញ»។ លោក ជិន ម៉ាលីន ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៦តុលា។ 
 
ប៉ុន្តែ លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ បែរជាយល់ថា របាយការណ៍របស់ WJP មានសូចនាករគ្រប់គ្រាន់ទៅវិញ។ ចំពោះ ផ្នែកយុត្តិធម៌សង្គម ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់ចុងក្រោយគេនេះ លោក អំ សំអាត ក៏បានលើកឡើងដែរថា ភាគច្រើនសង្គមស៊ីវិលតែងតែទទូចឱ្យរដ្ឋាភិបាល ធ្វើកំណែទម្រង់លើប្រព័ន្ធច្បាប់ តុលាការ ដើម្បីធានាឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់។ 
 
កន្លងមក ច្បាប់នៅកម្ពុជាពុំអាចឱ្យពលរដ្ឋ អនុវត្តសិទ្ធិសេរីភាព បានពេញលេញ ហើយបញ្ហារំលោភសិទ្ធិមនុស្ស រួមទាំងប្រព័ន្ធយុត្តិធម៌ក៏ពុំទាន់ឯករាជ្យ។ នេះជាការយល់ឃើញ របស់លោក អំ សំអាត ដោយបានសង្កត់ធ្ងន់ថា ដោយសារបញ្ហាទាំងនេះហើយ ទើបកត្តាយុត្តិធម៌ នៅកម្ពុជាជាប់លេខ១៤២។ 
 
ត្បិតកម្ពុជា តែងតែទទួលបានចំណាត់ថ្នាក់ទាបជាងគេ នៅក្នុងតំបន់ក៏ដោយ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការ​តម្លាភាពកម្ពុជាយល់ថា រដ្ឋាភិបាលកម្ពុជាគួរពិនិត្យមើលពីសូចនាករ ដែលនាំឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទាបបែបនេះ ទើបជារឿងល្អប្រសើរ។ 
 
ការស្ថិតក្នុងចំណាត់ថ្នាក់ទាប នៃការគោរពនីតិរដ្ឋ និងយុត្តិធម៌សង្គមនេះ នឹងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នយោបាយ និងភាពជាដៃគូ ជាមួយប្រទេសផ្សេងៗ ដែលប្រកាន់ជាប់ពីលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ ទោះបីជារដ្ឋាភិបាល ចង់ទទួល ឬមិនចង់ក៏ដោយ ក៏ត្រូវពិនិត្យមើលសូចនាករមួយចំនួនដែល WJP បានវាយតម្លៃដែរ ដើម្បីឆ្លើយតប និងកែសម្រួល សម្រាប់ទាក់ទាញការវិនិយោគ ប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាតិ។ នេះជាការយល់លើកឡើងរបស់លោក នាយកប្រតិបត្តិអង្គការ​តម្លាភាពកម្ពុជា៕ 

Tag:
 WJP
© រក្សាសិទ្ធិដោយ thmeythmey.com