អន្តរជាតិ
អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាំង ទទួលមរណភាពដោយសារគាំងបេះដូង
27, Oct 2023 , 9:35 am        
រូបភាព
អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាំង។ រូបភាព Xinhua
អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាំង។ រូបភាព Xinhua
អតីតប្រមុខរដ្ឋាភិបាលចិន លោក លី ខឹឈាំង នៅថ្ងៃទី២៧ ខែតុលា បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងភ្លាមៗ ក្នុងក្រុងសៀងហៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។

 
លោក លី ខឹឈាំង អតីតនាយករដ្ឋមន្រ្តីចិន បានទទួលមរណភាពហើយ នៅយប់ម៉ោង ១២ និង១០នាទី(ម៉ោងក្នុងស្រុក) នៅក្រុងសៀងហៃ ក្នុងថ្ងៃទី២៧ ខែតុលា។ នៅក្នុងថ្ងៃទី២៦ ខែតុលា លោក លីមានជំងឺគាំងបេះដូងភ្លាមៗ ដែលមិនអាចជួយសង្រ្គោះគ្រប់វិធីសាស្រ្តទាំងអស់ទាន់ពេលវេលា។ អតីតប្រមុខរដ្ឋាភិបាលចិនរូបនេះ បានទទួលមរណភាពក្នុងវ័យ ៦៨ឆ្នាំ។ 
 
ហេតុការណ៍ស្លាប់របស់លោកលី ត្រូវបានប្រជាជនចិនមួយចំនួន ចាត់ទុកជាការបាត់បង់បុរសសំខាន់មួយនៅក្នុងប្រទេស។ ប្រជាជនចិនមួយរូប បានសរសេរលើបណ្តាញសង្គមថា ការបាត់បង់លោកលី ប្រៀបដូចជាចិន បានបាត់បង់សសរស្ដម្ភមួយរបស់ប្រទេសចិន។ 
 
លោក លី កើតនៅក្នុងឆ្នាំ១៩៥៥ នៅក្នុងខេត្តAnhui និងបានក្លាយជាបុរសដ៏មានឥទ្ធិពលលំដាប់ទីពីរនៅក្នុងបក្សកុម្មុយ​នីស្តចិន រហូតដល់លោកចូលនិវត្តន៍នៅក្នុងឆ្នាំ២០២២។ 
 
បើទោះគ្មានគ្រួសារជាអ្នកមានអំណាច ប៉ុន្តែលោកលី នៅតែអាចកាន់តំណែងធំៗ និងជានាយករដ្ឋមន្រ្តីចិនចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣។ 
 
អតីតមេដឹកនាំចិនរូបនេះ បានចូលបក្សកុម្មុយនីស្តចិនដំបូង នៅក្នុងឆ្នាំ១៩៧៦ និងជាលេខាធិការប្រចាំភូមិនៃបក្សកុម្មុយនីស្តចិន។ ពីរឆ្នាំក្រោយពេលក្លាយជាសមាជិកបក្ស លោកលី បានមានឱកាសសិក្សានៅសកលវិទ្យាល័យ Peking University នៅក្នុងទីក្រុងប៉េកាំង ហើយនៅក្នុងឆ្នាំ១៩៨២ លោកបានទទួលសញ្ញាបត្រពីនាយកដ្ឋានផ្នែកច្បាប់។ 
 
ស្របពេលនោះ លោកលី បានចូលរួមក្នុងសម្ព័ន្ធយុវជនបក្សកុម្មុយនីស្តចិន (CCYL)។ ទីនោះហើយ ដែលលោកលី បានស្និទ្ធជាមួយលោក  Hu Jintao ដែលជាប្រធានសម្ធ័ន្ធយុវជន ហើយក្រោយមកបុរសរូបនេះ បានក្លាយជាប្រធានាធិបតីចិនចាប់ពីឆ្នាំ២០០៣​ ដល់ឆ្នាំ២០១៣។ 
 
បើទោះលោកក្លាយជាលេខាធិការរបស់សម្ព័ន្ធយុវជនបក្សកុម្មុយនីស្តចិនក្នុងឆ្នាំ១៩៩៣ លោក លី នៅតែបន្តការសិក្សាសញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីសកលវិទ្យា Peking។ នៅក្នុងឆ្នាំ១៩៩៨ លោកលី បានស្ថិតនៅក្នុងជួរអ្នកដឹកនាំរបស់បក្សកុម្មុយនីស្ត ក្នុងខេត្ត Henan មុននឹងក្លាយជាអភិបាលខេត្តស្តីទីនៅឆ្នាំបន្ទាប់។ នៅចន្លោះឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០០៣ លោកជាអភិបាលខេត្ត Henan និងជាលេខាធិការបក្សរបសខេត្តនៅចន្លោះឆ្នាំ២០០២ ដល់២០០៤។ 
 
រហូតដល់ឆ្នាំ២០០៧ លោកលី ត្រូវបានបោះឆ្នោតឱ្យក្លាយជាសមាជិកគណៈអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន ហើយចាប់ពីឆ្នាំ២០០៨ លោកលី បានកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី។ លោកលី ក៏ត្រូវបានរំពឹងថា នឹងកាន់តំណែងជាប្រធានាធិបតីចិនដែរ ប៉ុន្តែឱកាសនេះ បានធ្លាក់លើលោកស៊ី ជិនភីង ទៅវិញ។ 
 
នៅក្នុងឆ្នាំ២០១២ លោក លី បានជាប់ជាសមាជិកគណៈអចិន្រ្តៃយ៍នៃការិយាល័យនយោបាយជាថ្មី ហើយក្នុងឆ្នាំ២០១៣ លោកបានបន្ថែមតំណែងជាប្រមុខរដ្ឋាភិបាលចិន បន្តពីលោក  Wen Jiabao រហូតដល់ឆ្នាំ២០២៣ និងជំនួសដោយលោកលី ឈាំង៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com