ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖​ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវមាន​​ប្រថាប់​ត្រា​
27, Oct 2023 , 11:29 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំពេញអង្គនៅទីស្ដីការគណៈរដ្ឋមន្ត្រីថ្ងៃទី២៧តុលា ឆ្នាំ២០២៣។ រូបពី ហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំពេញអង្គនៅទីស្ដីការគណៈរដ្ឋមន្ត្រីថ្ងៃទី២៧តុលា ឆ្នាំ២០២៣។ រូបពី ហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​បញ្ជាលោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ រៀបចំដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យមានលិខិតស្នាម​ឬ​ប្រ​ថាប់​​​​ត្រាច្បាស់លាស់ នៅពេលអាជ្ញាធរចុះដោះស្រាយជូនពលរដ្ឋ។

 
នៅ​ថ្ងៃទី២៧តុលានេះ កិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បាន​អនុម័ត​លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការ​របស់​អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។ 
 
នាយករដ្ឋមន្ត្រីអះអាងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាការផ្តល់ជម្រើស​​បន្ថែមដល់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា ហើយក៏មិនបង្ខិតបង្ខំប្រជាពលរដ្ឋ ឱ្យត្រូវ​តែប្រើប្រាស់សេវាដែរ។ ជាមួយគ្នាដែរ សម្ដេច ស្នើឱ្យលោក កើត រិទ្ធ ពន្លឿននីតិវិធីដែល នៅសល់ ដើម្បីឱ្យព្រះរាជក្រឹត្យនេះ ឆាប់បានដំណើរការ។ 
 
ទាក់ទិននឹងសេចក្ដីព្រាងព្រះរាជក្រឹត្យនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ពិ​និត្យ​បន្ថែមលើចំណុចនេះ៖«យើងគ្រាន់តែធ្វើយ៉ាងណាឱ្យ មាន​ការប្រថាប់ត្រាបន្ថែម ឱ្យការដោះស្រាយក្រៅប្រព័ន្ធនេះ មានទម្ងន់ផ្លូវច្បាប់ ដើម្បីកុំឱ្យការ​សម្របសម្រួលក្រៅផ្លូវការហើយអត់មានអ្វីបញ្ជាក់។ ដូច្នេះ បើអត់អ្វីបញ្ជាក់ ទៅថ្ងៃក្រោយ​ភាគីជម្លោះ អាចមានជម្លោះនឹងគ្នាទៀត»។ 
 
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង ដើម្បីជាយន្តការ​បំពេញ​បន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា មានប្រសិទ្ធភាព គុណភាព និងឆាប់​រហ័ស​ក្នុងការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សារក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។ ​យោងតាមការលើក​ឡើង​របស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សេចក្ដីព្រាង​ព្រះរាជក្រឹត្យនេះ មាន៦ជំពូក និង២២​មាត្រា៕

Tag:
 វិវាទ
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com