អន្តរជាតិ
អង់គ្លេសថា ចិនទទួលយកការអញ្ជើញទៅកិច្ចប្រជុំកំពូលស្ដីពីបញ្ញាសិប្បនិម្មិត
27, Oct 2023 , 8:29 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Oliver Dowden នាថ្ងៃទី២៦ ខែតុលា បានលើកឡើងថា ចិនបានទទួលយកការអញ្ជើញរបស់ចក្រភពអង់គ្លេសដើម្បីចូលរួមកិច្ច ប្រជុំកំពូលពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅសប្តាហ៍ក្រោយ។

 
«វាគឺជាករណីដែលពួកគេបានទទួលយក ប៉ុន្តែយើងនឹងរង់ចាំមើលអ្នកគ្រប់គ្នាដែលពិតជាបាន បង្ហាញខ្លួននៅក្នុងកិច្ចប្រជុំកំពូល»។ លោក Oiliver Dowden បានប្រាប់កាសែត BBC បែបនេះ ជាមួយក្ដីរំពឹងពីវត្តមានចិនក្នុងកិច្ចប្រជុំមួយនេះ។
 
ចក្រភពអង់គ្លេស នឹងទទួលតំណាងក្រុមហ៊ុន AI អ្នកដឹកនាំនយោបាយ និងអ្នកជំនាញ នៅថ្ងៃទី ១ ដល់ថ្ងៃទី២ ខែវិច្ឆិកា ដើម្បីពិភាក្សាពីហានិភ័យដែលបង្កឡើងដោយ AI ក្នុងគោលបំណងបង្កើតការឯកភាពជាអន្តរជាតិលើការអភិវឌ្ឍវិស័យនេះប្រកបដោយសុវត្ថិភាព។
 
នៅថ្ងៃដដែល ក្នុងការថ្លែងសុន្ទរកថាមួយនៅទីក្រុងឡុងដ៍ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak លើកឡើងថា អង់គ្លេសនឹងបង្កើតវិទ្យាស្ថានសុវត្ថិភាព AI ដំបូងបង្អស់ លើពិភពលោកមុនធ្វើម្ចាស់ផ្ទះនៅសប្តាហ៍ក្រោយផងដែរ។
 
វិទ្យាស្ថាននេះនឹងជំរុញចំណេះដឹងរបស់ពិភពលោកអំពីសុវត្ថិភាព AI ហើយនឹងពិនិត្យដោយ ប្រុងប្រយ័ត្ន វាយតម្លៃ និងសាកល្បងប្រភេទថ្មីនៃ AI ដើម្បីឱ្យមានការយល់ដឹងពីម៉ូដែល ថ្មីនីមួយៗ ហើយមានសមត្ថភាពស្វែងយល់ពីហានិភ័យទាំងអស់ពីគ្រោះថ្នាក់សង្គមដូចជា ភាពលំអៀង និងព័ត៌មានមិនពិត៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com