អន្តរជាតិ
TikTok ច្រានចោលការចោទប្រកាន់របស់ម៉ាឡេស៊ីលើការរារាំងមាតិកាដែលគាំទ្រប៉ាឡេស្ទីន
27, Oct 2023 , 9:29 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
បណ្ដាញសង្គមវីដេអូខ្លីៗ TikTok ច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលម៉ាឡេស៊ីដែលអះអាងថាខ្លួនកំពុងរារាំងមាតិកាដែលគាំទ្រប៉ាឡេស្ទីន។ TikTok ហៅការលើកឡើងនេះជារឿងគ្មានមូលដ្ឋាន។

 
កាលពីថ្ងៃទី២៦ ខែ តុលា ម៉ាឡេស៊ីបានព្រមានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok និង Meta ដោយបានចោទថា វេទិការបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងពីរនេះបានរឹតបន្តឹងមាតិកាដែលបង្ហាញការគាំទ្រលើប៉ាឡេស្ទីន។
 
យ៉ាងណាក្ដី អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បានបដិសេធនឹងការចោទប្រកាន់នេះ។
 
«ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋាន។ គោលការណ៍ណែនាំសហគមន៍របស់ក្រុមហ៊ុនយើងគឺអនុវត្តស្មើៗគ្នាចំពោះខ្លឹមសារទាំងអស់នៅលើ TikTok ហើយយើងក៏បានប្តេជ្ញាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់យើងដើម្បីការពារសហគមន៍របស់យើងដូចគ្នា»។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បាននិយាយបែបនេះនៅថ្ងៃទី២៧ ខែតុលា។
 
ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ចាត់ទុកសកម្មភាពរបស់ក្រុមហាម៉ាសជាក្រុមគ្រោះថ្នាក់ ហើយបានហាមប្រាមមាតិកាដែលសរសើរក្រុមនេះ។ ជាមួយគ្នានេះ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងកាលដើមខែ តុលាមក TikTok ក៏បានចាត់វិធានការដើម្បីកែលម្អ សម្របសម្រួល និងលុប ឬដាក់ស្លាករូបភាពក្រាហ្វិកនៅលើប្រព័ន្ធរបស់ខ្លួនផងដែរ។
 
ចាត់តាំងពីការវាយប្រហារបានផ្ទុះឡើងកាលពីដើមខែតុលាមក TikTok បានលុបវីដេអូចំនួនជាង៧៧៥,០០០ និងការផ្សាយបន្តផ្ទាល់ចំនួន១៤,០០០។
 
ម៉ាឡេស៊ី ជាប្រទេសប្រកាន់សាសនាឥស្លាម តែងចេញមុខគាំទ្រប៉ាឡេស្ទីនប្រឈមមុខការគាបសង្កត់រាប់សិបឆ្នាំមកនេះ។ ប្រទេសនេះក៏ទើបរៀបចំការជួបជុំដើម្បីបង្ហាញការគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីនជុំវិញការវាយបករបស់អ៊ីស្រាអែល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសដែរ។ ម៉ាឡេស៊ី ក៏ដូចជាប្រទេសមូស្លីមជាច្រើនទៀ់ត មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលឡើយ៕ 
 

Tag:
 ម៉ាឡេស៊ី
  TikTok
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com