អន្តរជាតិ
រុស្ស៊ីថា ​ខ្លួននឹងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើងនៅគ្រប់វិស័យ
27, Oct 2023 , 5:29 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 

រុស្ស៊ីបានប្រកាសនៅថ្ងៃទី២៦ ខែតុលាថា ខ្លួននឹងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងលើគ្រប់វិស័យ បន្ទាប់ពីរងការថ្កោលទោសរួមគ្នាពីសំណាក់កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន ចំពោះការផ្តល់អាវុធដោយកូរ៉េខាងជើង។ ទីក្រុងសេអ៊ូលផ្ទាល់ក៏ព្រមានមូស្គូថា ខ្លួនក៏មិនអង្គុយស្ងៀមដែរ បើមូស្គូផ្ដល់បច្ចេកវិទ្យាឱ្យព្យុងយ៉ាងវិញនោះ។

 
កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន បានប្រកាសថ្កោលទោសរួមគ្នាចំពោះការផ្គត់ផ្គង់អាវុធដោយកូរ៉េខាងជើងទៅកាន់រុស្ស៊ីសម្រាប់សង្គ្រាមអ៊ុយក្រែន។ ការសង្ស័យកើនឡើងបន្ទាប់ពីមានរបាយការណ័បង្ហាញពីសកម្មភាពកប៉ាល់ដឹកទំនិញចេញពីកំពង់ផែកូរ៉េខាងជើងទៅរុស្ស៊ីនោះ។ 
 
ជាមួយការចោទប្រកាន់នេះ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក Dmitry Peskov បានឆ្លើយតបថា របាយការណ៍ដែលបានបញ្ចេញជាច្រើននោះ គឺគ្មានមូលដ្ឋានជាច្បាប់ ហើយមិនមានអ្វីជាក់លាក់ណាមួយនោះទេ។ ជាមួយគ្នានេះ របាយការណ៍បែបនេះមានតាំងពីយូរយារណាស់មកហើយ ដូច្នេះលោកមិនចង់មានមតិលើរឿងនេះទេ។
 
«កូរ៉េខាងជើងគឺជាអ្នកជិតខាងរបស់យើង ហើយយើងនឹងបន្តអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យជាមួយគ្នាទៀត»។ លោក Peskov បាននិយាយបែបនេះ។ លោក Peskov ក៏បានបដិសេធមិននិយាយអ្វីឡើយ​លើ​រឿង​ដែលពាក់ព័ន្ធនឹង​ការ​ប្រគល់​អាវុធរវាងកូរ៉េខាងជើង នឹងរុស្ស៊ី ជាការពិតឬអត់។
 
សម្ព័ន្ធមិត្តអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន នៅមិនសុខឡើយចំពោះការពង្រឹងទំនាក់ទំនងយោធារវាងកូរ៉េ​ខាង​ជើង​ និង​រុស្ស៊ីបន្ទាប់ពី​​មេដឹកនាំ​របស់​ប្រទេសទាំងពីរបាន​ជួប​គ្នាកាលពី​​ខែ​កញ្ញា​កន្លងទៅនៅ​​​រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក៏បានជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនកាលពីថ្ងៃទី១៩ ខែតុលា ហើយបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះបន្ថែមទៀត។ 
 
ជាថ្នូរការផ្ដល់អាវុធពីសំណាក់កូរ៉េខាងជើង រុស្ស៊ីនឹងជួយលើសមត្ថភាពបច្ចេកវិទ្យាយោធាវិញ ដែលរឹតតែធ្វើឱ្យប្រទេសទាំង៣បារម្ភកាន់តែខ្លាំង។ នៅថ្ងៃទី២៧ ខែតុលា រដ្ឋមន្រ្តីការបរទសកូរ៉េខាងត្បូង ផាក ជីន ប្រាប់សមាជិកសភាថា សេអ៊ូលនឹងធ្វើសកម្មភាពតបវិញមិនខាន បើមានរឿងនេះកើតឡើងមែន៕
 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com