អន្តរជាតិ
លោកបៃឌិន ប្រាប់លោកវ៉ាងថា ចិន និងអាម៉េរិក គួរតែដោះស្រាយបញ្ហាសកលរួមគ្នា
28, Oct 2023 , 12:00 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព AFP
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៧ ខែតុលា បានប្រាប់លោកវ៉ាង យី ប្រមុខការទូតចិនថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង គួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសកល ស្របពេលសង្រ្គាមនៅអ៊ុយក្រែន និងជម្លោះអ៊ីស្រាអែល-ហាម៉ាស កើតឡើង។

 

 
តាមរយៈសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក ចូ បៃឌិន ប្រធាធានាធិបតីអាម៉េរិក បានជួបជាមួយលោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន នៅក្នុងថ្ងៃទី២៧ ខែតុលា។ ក្នុងជំនួបដ៏សំខាន់នេះ លោកបៃឌិន បានជំរុញឱ្យក្រុងប៉េកាំងចូលរួមក្នុងការដោះស្រាយបញ្ហាសកលដូចជាសង្រ្គាមនៅអ៊ុយក្រែន ជម្លោះអ៊ីស្រាអែល និងហាម៉ាស និងបញ្ហាផ្សេងទៀត។ 
 
«លោកបៃឌិន​ បានបញ្ជាក់ថា អាម៉េរិក និងចិនត្រូវតែធ្វើការជាមួយគ្នា ដើម្បីលើកឡើងពីបញ្ហាសកល»។ សេចក្តីថ្លែងការណ៍របស់សេតវិមានអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៧ ខែតុលា ដោយបន្តជំរុញឱ្យប្រទេសមហាអំណាចទាំងពីរ គ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ និងបើកចំហក្នុងកិច្ចពិភាក្សា។ ដំណើរទស្សនកិច្ចរបស់លោកវ៉ាង នៅអាម៉េរិក ជាដំណើរទស្សនកិច្ចដ៏កម្រមួយនៃមន្រ្តីជាន់ខ្ពស់ចិន។ 
 
បន្ថែមពីនេះ លោកបៃឌិន ក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក លី ខឹឈាំង អតីតប្រមុខរដ្ឋាភិបាលចិនផង។ 
 
បន្ថែមពីនេះ លោកបៃឌិន បានអញ្ជើញលោកស៊ី ជិនភីង ប្រធានាធិបតីចិនឱ្យមកចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ដែលរៀបចំនៅ ក្រុង San Francisco នៅខែវិច្ឆិកាខាងមុខ។ បើសិនបើលោកស៊ីធ្វើដំណើរទស្សនកិច្ចនៅអាម៉េរិកមែន វាជាវត្តមានដ៏កម្រមួយរបស់ប្រធានាធិបតីចិននៅអាម៉េរិក៕ 

Tag:
 (ចិន
  អាម៉េរិក)
© រក្សាសិទ្ធិដោយ thmeythmey.com