ជាតិ
មួយ​ម៉ឺ​នអាល័យ​ឆ្នាំ​ទី​៧​នេះ​ នឹងធ្វើ​៤​ថ្ងៃ​ ក្នុង​ខែ​វិច្ឆិកាខាង​មុខ
28, Oct 2023 , 2:00 pm        
រូបភាព
រូបផ្ដល់ឱ្យដោយក្រុម ព្រះ សុរិយា
រូបផ្ដល់ឱ្យដោយក្រុម ព្រះ សុរិយា
ភ្នំពេញ​៖ មួយ​ម៉ឺ​នអាល័យ​ឆ្នាំ​ទី​៧​នេះ ធ្វើ​ឡើង​​ដើម្បី​អប​អរ​ខួប​​លើក​ទី​៧០​​ នៃ​ទិវា​​ឯករាជ្យ​​ជាតិ​ និង​អប​អរ​សាទរ​ខួប​៧០​ព្រះ​វស្សា នៃ​ទិវា​រំលឹកថ្ងៃ​ព្រះ​រាជ​សម្ភព ព្រះ​​ករុណា ព្រះបាទ​សម្ដេច​ ព្រះ​នរោត្តម​ សីហមុនី​ ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។



ក្រុម​ព្រះ​សុរិយា​ នឹង​ប្រារព្ធ​កម្ម​វិធី​មួយ​ម៉ឺន​អាល័យ​លើក​ទី​​៧ រយៈ​ពេល​៤​ថ្ងៃ​ ពី​ថ្ងៃ​ទី​១​ដល់​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នាសាល​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជាកូរ៉េ(CKCC)​ ស្ថិត​នៅ​ក្នុង​​បរិវេណ​​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​​ភ្នំពេញ រាជធានី​ភ្នំពេញ​។ កម្ម​វិធី​នេះ បើ​ក​ជូន​សាធារណជន​ ចូល​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​។​
 
រៀប​ចំ​ឡើង​ដោយ​ក្រុម​ព្រះ​សុរិយា​ កម្ម​វិធី​មួយ​ម៉ឺន​អាល័យ​​លើក​ទី​៧​ ​ធ្វើ​ឡើងក្នុង​​គោល​បំណង​ ជា​ការ​តប​ស្នង​​ព្រះ​មហាករុណាទិគុណ​ មិន​អាច​កាត់​ថ្លៃ​បាន​ ចំពោះ​ព្រះ​មហាវីរក្សត្រ​ ព្រះ​បរម​រតនកោដ្ឋ​ ព្រះ​បិតា​សិល្បៈ​ភាព​យន្ត​ខ្មែរ ដែល​ពេញ​មួយ​ព្រះ​ជន្ម បាន​លះ​បង់​ព្រះ​កាយ​ពល​ ព្រះ​រាជ​បញ្ញាញាណ ព្រះ​រាជ​ទ្រព្យ​ ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​​សិល្បៈ​​ភាព​យន្ត​​ខ្មែរ​ កកើត​មក​ប្រកប​​ដោយ​​មោទកភាព​​ជា​ទី​បំផុត​។
 
កម្ម​វិធី​នេះ ក៏​ធ្វើ​ឡើង​ដើម្បី​ បណ្ដុះ​ស្មារតី​យុវជន​កម្ពុជា​បច្ចុប្បន្ន​ ឱ្យ​ស្រឡាញ់​ គោរព ដឹង​គុណ​ចំពោះ​បុព្វបុរស​ខ្មែរ​ និង​ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​ព្រះ​អង្គ​ ជា​ពិសេស​ព្រះ​ករុណា​ ព្រះ​មហា​​វីរក្សត្រ​​  ព្រះ​បរម​រតនកោដ្ឋ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​​បំផុត​។
 
ដើម្បី​ផ្សាយ​ពី​ភាពយន្ត​ខ្មែរ​ ដែល​សល់​ពី​ការ​បំផ្លាញ ដោយ​​របប​ខ្មែរ​ក្រហម ឱ្យ​មហាជន​ និង​យុវជន​​​​ទស្សនា សិក្សា​ស្វែង​យល់​ ពី​បទ​ពិសោធន៍​ ជីវភាព ការ​រស់​នៅ សេដ្ឋ​កិច្ច វប្បធម៌​ និង​សីលធម៌ របស់​ប្រជារាស្ត្រ​ តាម​រយៈ​ភាព​យន្ត​។
 
តាម​រយៈ​ក្រុម​ព្រះសុរិយា វិស័យ​ភាព​យន្ត​​ កើត​ឡើង​ក្រោម​​ព្រះ​រាជ​កិច្ច​ ចាត់​ចែង​ដ៏​ខ្ពង់​ខ្ពស់​​បំផុត​​របស់ ព្រះ​មហាវីរក្សត្រ​ ព្រះ​បរម​រតនកោដ្ឋ ព្រះ​បិតា​សិល្បៈ​ភាព​យន្ត​ ក្រោយ​ពេល​ដែល​អាណានិគម​និយម​​បារាំង​ បាន​ប្រគល់​ឯក​រាជ្យ​ជាតិ​ពេញ​លេញ​ ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជ​ហឫទ័យ ចាត់​បញ្ជូន​បញ្ញវ័ន្ត​ខ្មែរ​ជា​ច្រើន​រូប ទៅ​សិក្សា​រៀន​សូត្រ​​នៅ​បរទេស​ ដើម្បី​មក​ផលិត​ភាព​យន្ត​ខ្មែរ​ ប្រក​ប​​ដោយ​គុណភាព​ខ្ពស់​ ដើម្បី​បម្រើ​ជូន​ប្រជានុរាស្ត្រ​ និង​ផ្សព្វ​ផ្សាយ​​ទៅ​បរទេស​។
 
កម្ម​វិធីមួយ​ម៉ឺ​ន​អាល័យ​ឆ្នាំ​ទី​៧​នេះ​ មាន​​ការ​បញ្ចាំង​ភាព​យន្ត​ខ្មែរ​ ដែល​សល់​ពី​ការ​បំផ្លាញ​ដោយ​សង្គ្រាម​។ មាន​ចម្រៀង​សរសើរ​ និង​ថ្វាយ​​ព្រះ​រាជ​អាល័យ​​ ពី​សង្គម​រាស្ត្រ​និយម​ និង​ចម្រៀង​​តែង​និពន្ធ​ថ្មី។ ចម្រៀង​ថ្វាយ​ព្រះ​ពរ​ ព្រះ​ករុណា​ជា​អម្ចាស់​​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​ ការ​ចាក់​បញ្ចាំង​​ភាព​យន្ត​ឯកសារ​ ក្នុង​ការ​ទាម​ទារ​ឯករាជ្យ​។ ការ​តាំង​ពិព័រណ៍​ ស្ដី​ពី​ព្រះ​រាជ​បេសកកម្ម​ ក្នុង​ការ​ទាម​ទារ​​ឯករាជ្យ​ជាតិ​។ ការ​តាំង​ពិព័រណ៍​ស្ដី​ពី​ ព្រះ​រាជ​បេសកកម្ម​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​​លើ​ត្បូង​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​។

តាំង​ពិព័រណ៍​ ផ្សារ​សិប្បកម្ម​ផលិត​ផល​ខ្មែរ មក​ពី​ខេត្ត​សៀម​រាប​ និង​រាជ​ធានី​ភ្នំពេញ​។ មហោស្រព​ចាប៉ី​ដង​វែង​​។ មហោស្រព​អាហារ​បួស​។ 
 
សូម​រំលឹក​ថា កម្ម​វិធី​មួយ​ម៉ឺន​អាល័យ​ បាន​ប្រារព្ធ​ឡើង​ចំនួន​៦​លើក​រួច​មក​ហើយ​ គឺចាប់ផ្តើមក្នុងឆ្នាំ​២០១៦ និងរៀបចំជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៩។ អំឡុង​ឆ្នាំ២០២០ និង២០២១ វិបត្តិកូវីដ-១៩ បានរារាំងដល់ដំណើរការរៀបចំកម្មវិធីនេះ។ នៅឆ្នាំ​២០២២  កម្ម​វិធី​មួយ​ម៉ឺន​អាល័យ ចាប់រៀបចំកម្មវិធីលើកទី៦  របស់ខ្លួន៕

Tag:
 សិល្បៈ​
  វប្បធម៌​
  មួយ​ម៉ឺន​អាល័យ​
  ព្រះ​រាជា​
© រក្សាសិទ្ធិដោយ thmeythmey.com