ជាតិ
លោក​ ធា គ្រុយ៖ មានសមត្ថភាពម្យ៉ាងមិនគ្រប់ទេ ត្រូវមានក្រមសីលធម៌ទៀតទើបសមជាគ្រូពេទ្យម្នាក់
28, Oct 2023 , 6:00 pm        
រូបភាព
លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៧របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ នាថ្ងៃទី២៨ តុលា ឆ្នាំ២០២៣ នាសណ្ឋាគារ សុខាសៀមរាប។
លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៧របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ នាថ្ងៃទី២៨ តុលា ឆ្នាំ២០២៣ នាសណ្ឋាគារ សុខាសៀមរាប។
សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបន្តក្រើនរំឭកដល់ក្រុមគ្រូពេទ្យឱ្យពង្រឹង​សមត្ថភាពជំនាញឱ្យទាន់សម័យកាលនៃជំងឺបច្ចុប្បន្ន។ យ៉ាងណាលោក ធា គ្រុយ បញ្ជាក់ថា ទោះមានសមត្ថភាពកម្រិតណា បើចង់ក្លាយជាគ្រូពេទ្យមួយរូបគឺចាំបាច់ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ នៅក្នុងខ្លួន។

 
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ធា គ្រុយ បានបញ្ជាក់ថា ក្រមសីលធម៌វិជ្ជាជីវៈគឺសំខាន់ និងជាកត្តាចាំបាច់ក្នុងការផ្តល់សេវាសុខាភិបាល។ គ្រូពេទ្យម្នាក់ទោះបីមានសមត្ថភាព រាងកាយមាំមួន ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈទៀតទើបសមប្រកបអាជីពនេះបាន។ នេះជាការលើកឡើងរបស់លោក ធា គ្រុយ ដោយបន្ថែមថា៖«ជាគ្រូពេទ្យត្រូវមានសមត្ថភាពជំនាញ មាំទាំ ទាន់សម័យកាល បូកជាមួយនឹង​ក្រមសីលធម៌ ទទួលខុសត្រូវចាំបាច់ត្រូវតែបូជាពេលវេលា ត្រូវតែបូជាគិតគូរប្រយោជន៍អ្នកជំងឺមុន អាហ្នឹងគឺ​​ជាក្រមសីលធម៌ បើអត់មានអាហ្នឹងទេបារម្ភខ្លាចសមត្ថភាពរបស់យើងបានតែមួយជ្រុង ចំណែកមួយទៀតមិនបានក៏អាចគ្រោះថ្នាក់ដល់អ្នកជំងឺដែរ»។
 


ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំលើកទី៧របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារក្រោមប្រធានបទ «បច្ចុប្បន្នភាពជំងឺកុមារ៤» លោកសាស្រ្ដាចារ្យ ធា គ្រុយ បានចាត់ទុកសន្និសីទនេះថាមានប្រយោជន៍ ដែលជាការចែករំលែកបទពិសោធន៍ព្យាបាលជំងឺ និងការរកឃើញថ្មី ក៏ដូចជាឧបករណ៍សម្ភារថ្មីៗ សម្រាប់ការព្យាបាលកុមារនាពេលបច្ចុប្បន្ន។ សម្រាប់លោករដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិកម្ពុជា សកម្មភាពទាំងនេះគឺជាករណីយកិច្ចសម្រាប់គ្រូពេទ្យនីមួយៗ គឺទាំងអ្នកចែករំលែក និងអ្នកចូលរួមដែលចាំបាច់ត្រូវធ្វើជានិច្ច។
 


ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានចាត់ទុកប្រធានបទសន្និសីទលើកទី៧ នៅពេលនេះ ថាបានផ្តល់នូវការចែករំលែកបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការពិនិត្យ ព្យាបាល និងថែទាំសុខភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់កុមារ។ ការណ៍នេះគឺស្របតាមផែនការ​យុទ្ធសាស្រ្តជាអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាព នៃការថែទាំព្យាបាល និងកាត់បន្ថយអត្រាមរណៈភាពរបស់ទារក និងកុមារកម្ពុជា។



ថ្លែងក្នុងពិធីបើកសន្និសីទនាព្រឹកថ្ងៃទី២៨ ខែតុលា នាសណ្ឋាគារសុខាសៀមរាប លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យបានបង្កើតសន្និសីទនេះឡើងដំបូងនៅឆ្នាំ ២០១៧។ ហើយគោលបំណងនៅឆ្នាំនេះ គឺដើម្បីចែករំលែកបទពិសោធនៃការធ្វើតេស្តមីក្រូជីវសាស្រ្ត ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការធ្វើរោគ វិនិច្ឆ័យ ព្យាបាល និងបញ្ជូនទារកដែលកើតមុនពេលកំណត់ និងមានជំងឺធ្ងន់។ ចែករំលែកបទពិសោធន៍ ទាក់ទងនឹងការប្រើប្រាស់ឧបករណ៍ជំនួយការដកដង្ហើម និងការប្រើប្រាស់ដោយសុវត្ថិភាពក្នុងផ្នែក សង្រ្គោះបន្ទាន់ និងជំងឺធ្ងន់។



សូមបញ្ជាក់ថា សន្និសីទប្រចាំឆ្នាំលើកទី៧របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារនៅពេលនេះ គ្រូពេទ្យមកពីបណ្ដាខេត្តរាជធានីសរុបជាង៦០០នាក់ ក្នុងនោះចូលរួមដោយផ្ទាល់ជាង២០០នាក់ និងមួយចំនួនទៀតចូលរួមតាមប្រព័ន្ធអនឡាញ៕

Tag:
 ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ
  ធា គ្រុយ
© រក្សាសិទ្ធិដោយ thmeythmey.com