ជាតិ
ការរៀបចំរាជធានីអង្គរធំ និងមូលហេតុដែលមានខ្លោងទ្វារ៥
29, Oct 2023 , 2:10 pm        
រូបភាព
លោក អ៉ឹម សុខរិទ្ធី និងខ្លោងទ្វារជ័យនៃក្រុងអង្គរធំ។
លោក អ៉ឹម សុខរិទ្ធី និងខ្លោងទ្វារជ័យនៃក្រុងអង្គរធំ។
សៀមរាប៖ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា រាជធានីអង្គរធំមានមនុស្សរស់នៅជិត១លាននាក់ ដែលលាតសន្ធឹងលើផ្ទៃដីប្រហែល៣ពាន់គីឡូម៉ែត្រការ៉េ។ រាជធានីនេះមានការរៀបចំកំពែងដ៏ស្កឹមស្កៃ ក្រោមឥទ្ធិពលនៃសាសនាព្រាហ្មនាសម័យនោះ។ អ្នកស្រាវជ្រាវយល់ថា ខ្លោងទ្វារទាំង៥​នៃរាជធានីនេះ​មានការរៀបចំច្រើនជំនាន់ ដោយខ្លោងទ្វារជ័យបានរៀបចំក្រោយគេ គឺចំពីមុខព្រះបរមរាជវាំងតែម្ដង នោះគឺប្រាសាទភិមានអាកាស។

 
 
ព័ត៌មានពិស្ដារ សូមអានបទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោកសាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី ដូចតទៅ៖  
 
អ៊ីសា រ៉ហានី៖ តើខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំតំណាងឱ្យអ្វីខ្លះ?
 
អ៊ឹម សុខរិទ្ធី៖ ដើម្បីបានឆ្លើយសំណួរនេះ យើងបកទៅក្រោយបន្តិចដើម្បីឱ្យងាយយល់សិន។ ទីមួយត្រូវយល់ថាអង្គរជាអ្វីសិន។ អង្គរជារាជធានីនៃចក្រភពខ្មែរ ហើយនៅក្នុងរាជធានីរបស់យើង មានអង្គរធំនេះជាតំបន់កណ្ដាលក្រុង បន្ទាប់មកទៀតមានតំបន់ជាយក្រុង តំបន់ទាំងអស់រួមគ្នាទៅគឺជា រាជធានីមួយដែលមានផ្ទៃក្រឡាយើងដឹងសព្វថ្ងៃប្រហែលជា៣ពាន់គីឡូម៉ែត្រការ៉េ។
 
តាមក្បួនទម្លាប់នៃការរៀបចំក្រុង គ្រប់ក្រុងគ្រប់ទីប្រជុំជន គ្រប់រាជធានីតាមទម្លាប់ប្រពៃណីរបស់ឥណ្ឌា ដែលយើងទទួលឥទ្ធិពលមកនេះគឺទីក្រុងទាំងអស់ត្រូវមានកំពែងព័ទ្ធជុំវិញ អាចមានកំពែងដី អាចមានកំពែងធ្វើពីឈើ ហើយនិងកំពែងថ្ម ជាផ្នែកមួយជាក្បួនច្បាប់មួយក្នុងការរៀបចំទឹកដី រៀបចំរាជធានី។ ដោយសារទីនេះជារាជធានីរបស់ចក្រភពមួយដ៏ល្បីល្បាញ ដូច្នេះការធ្វើរបងព័ទ្ធជុំវិញ មិនមែធ្វើពីដី មិនមែនធ្វើពីឈើ ប៉ុន្តែគេធ្វើឱ្យស្កឹមស្កៃតាមកិត្តិយសរាជធានីរបស់ខ្លួន តាមភាពរីកចម្រើនរបស់ខ្លួន ទើបធ្វើកំពែងព័ទ្ធជុំវិញ។ ហើយរាជធានីនីមួយៗត្រូវមានទីតាំងដែល ព័ទ្ធជុំវិញជាកំពែង ត្រូវតែមានខ្លោងទ្វារព័ទ្ធជុំវិញ។ ដំបូងបំផុតគេធ្វើតម្រូវតាមទិសទាំងបួន ហើយគេយក ខ្សែពីរជាសំខាន់ក្នុងការ​រៀបចំរាជធានីមានខ្សែទទឹងថ្ងៃមួយ ខ្សែបណ្ដោយថ្ងៃមួយ អ៊ីចឹងហើយបានបែងចែកផ្ទៃក្រុងជាបួនផ្សេងគ្នា។ 
 
ជាធម្មតា ក្បួនគេតម្រូវឱ្យមានតែបួនទេ ប៉ុន្តែរាជធានីអង្គរធំមានដល់ទៅប្រាំ ដោយសារការរៀបចំ​រាជធានីឱ្យមានកំពែងនេះ គឺការធ្វើក្រោយ។ បានន័យថា ប្រវត្តិនៃការរៀបចំទឹកដីនៅតំបន់អង្គរនេះ គឺយើងមានរយៈពេល៦០០ឆ្នាំជាប់គ្នា មានការរៀបចំហើយរៀបចំទៀត មានការថែមថយ មានមុនមានក្រោយ។ មានមុនគឺថា ខ្លោងទ្វារកំពែងអង្គរធំ គឺធ្វើក្រោយក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ពីមុនមានកំពែងដែរ តែកំពែងផ្សេងតៗគ្នា។ ដូច្នេះហើយអ្នកដែលធ្វើក្រោយគេគោរពអ្នកមុន គោរពតៗស្ដេចមុនៗដែលត្រួសត្រាយមកហើយ។ 
 
ដូច្នេះវាបង្ហាញពីប្រពៃណីនៃការធ្វើបន្តគ្នា មិនមែនអ្នកដែលកើតក្រោយ ឈូសអ្នកជំនាន់មុនចោល ហើយបង្កើតស្នាដៃខ្លួនឯង អត់ទេ គឺថាប្រវត្តិសាស្រ្តនៃអង្គរ រាជ្យការនៃអង្គរគេគោរពគ្នារហូត។ ប្លង់មេបង្កើតរាជធានីអង្គរដែលបង្កើតឡើងនៅសតវត្សទី១០ ចាប់ពីនោះមកគេគោរពតាមលំនាំគ្នា ទាំងអស់។ ដូច្នេះហើយបានយើងមើលរូបរាង ទ្រង់ទ្រាយ រចនាសម្ព័ន្ធរបស់អង្គរ វាមើលទៅមិនទើសភ្នែក វាមើលទៅមិនប្រឈម មិនបញ្ច្រាស់គ្នា។ មានការស៊ីសង្វាក់គ្នាជាហូរហែ។​ ដូច្នេះហើយបានមានខ្លោងទ្វារ អង្គរធំដល់ទៅប្រាំ ដោយសារអាទីប្រាំ អាមួយដែលលើសខុសគ្នានោះ ខ្លោងទ្វារជ័យនោះ គឺចេញពីរាជវាំង។ រាជវាំងមានមុននៃកំពែងព័ទ្ធជុំវិញ ដូច្នេះគេគោរពតៗគ្នា ដែលតម្រូវតាមក្បួន​នៃការរៀបចំក្រុង គឺថាត្រូវបើកមុខរាជធានីក្រុងទៅទិសទាំងបួនធំៗ។
 
អ៊ីសា រ៉ហានី៖ តាមលោកគ្រូបានលើកឡើងកន្លងមក រាជធានីក្រុងអង្គរធំនេះពីសម័យដើមមានមនុស្ស រស់នៅច្រើនជាងគេ អ៊ីចឹងតើការរៀបចំរាជធានីពិសេសខ្លោងទ្វារចូលរាជធានីតើគេមានបែងចែកឱ្យពលរដ្ឋ ចេញចូលដូចម្ដេចដែរលោកគ្រូ?
 
អ៊ឹម សុខរិទ្ធី៖ មិនមានជាការបែងចែកទេ ប៉ុន្តែមានច្បាប់ទម្លាប់ខ្លះ។ ដោយសារជារាជធានី ជាក្រុងមានការរៀបចំ ដូច្នេះហើយប្រព័ន្ធរៀបចំបណ្ដាញអ្នករស់នៅតាមសង្កាត់ៗនៅក្នុងក្រុង​ផ្សេងៗគ្នា ហើយតំបន់ខ្លះគឺសម្រាប់ពួកព្រាហ្ម តំបន់ខ្លះសម្រាប់ពួកក្សត្រ ពួកជំនួញ ពួកអ្នកការទូត ពួកមន្រ្តី អ្នកស្រុកធម្មតា។ល។ទៅតាមតំបន់ផ្សេងៗគ្នា ហើយបែងចែកជាសង្កាត់ៗ។ ដោយសារសង្កាត់​នៅផ្សេងៗគ្នា ហើយអ្នកចូលក្រុងវាត្រូវទិសខាងជើង ត្រូវចូលទ្វារខាងជើងទៅ​អ្នកខាងត្បូងត្រូវចូលតាមទ្វារខាងត្បូងទៅ អ្នកខាងលិចតាមទ្វារខាងលិចទៅ ដូច្នេះហើយគេរៀបចំតម្រូវតាមហ្នឹង។ ហើយទៅ ក្រុងរបស់យើងក្រៅពីទ្វារតាមទិសទាំងបួនចូលក្រុង គឺគេមានផ្លូវក្រវ៉ាត់ក្រុង ដើម្បីឱ្យមនុស្សចូលក្រុងមិនបាច់ឆ្លងកាត់ពីលិចមកកើតដើម្បីមកជើង គឺយើងចូលតាមតំបន់ដែលមានមនុស្សរស់នៅ។ 
 
ផ្លូវក្រវ៉ាត់ក្រុងមានពីរ។ ក្រវ៉ាត់ក្រុងទីមួយ នៅក្រៅកសិន្ធុ ហើយនៅក្រៅកសិន្ធុហ្នឹង នៅជាប់កសិន្ធុប្រហែល១០ម៉ែត្រគឺជាផ្លូវដែលព័ទ្ធជុំវិញក្រុង។ ដូច្នេះហើយ​អ្នកដែលរស់នៅតាមសង្កាត់ណាមួយ គេអាចធ្វើដំណើរតាមក្រវ៉ាត់ក្រុង ចូលតាមខ្លោងទ្វារ​ណាមួយ​ដែលជិតជាងគេដើម្បីទៅផ្ទះ។ ផ្លូវក្រវ៉ាត់ក្រុងទីពីរ គឺនៅខាងក្នុង។ បើយើងចូលមកដល់ ឆ្លងកាត់ខ្លោងទ្វារក្រុងចូលមកខាងក្នុង យើងមានខ្លោងទ្វារក្រវ៉ាត់មួយទៀត ដែលអាចព័ទ្ធជុំវិញក្រុង ដោយយើងមិនបាច់ឆ្លងកាត់ទទឹងទេ យើងអាចទៅតាមផ្លូវក្រវ៉ាត់ក្រុងទីពីរ។ នេះហើយជារាជធានីដែលាមនក្បួនខ្នាតត្រឹមត្រូវ ​គឺមានខ្លោងទ្វារ មានផ្លូវចូលក្រុង មានផ្លូវក្រវ៉ាត់ក្រុង ហើយមានផ្លូវនៅតាមសង្កាត់មួយៗគឺមានផ្លូវកាត់ខ្វែងគ្នា។ ផ្លូវទាំងអស់ហ្នឹង បើយើងមើលផ្ទៃអង្គរធំ គឺដូចជាក្រឡាចត្រង្គអ៊ីចឹង បែងចែកផ្ទៃជាក្រឡាចត្រង្គហើយមួយៗជាសង្កាត់ដែលមនុស្សរស់នៅ។
 
អ៊ីសា រ៉ហានី៖ ទាក់ទងនឹងខ្លោងទ្វារនេះដែរ ឃើញថាម្ខាងមានចម្លាក់រូបទេវតា និងម្ខាងរូបអសុរ តើលោកគ្រូអាចពន្យល់ពីការរៀបចំនេះបានដែរឬទេ?
 
អ៊ឹម សុខរិទ្ធី៖ រឿងហ្នឹងវែងឆ្ងាយបន្ដិច ប៉ុន្តែយើងអាចសាកល្បងសង្ខេបឱ្យយល់ខ្លីៗ។ ខ្មែរមានប្រពៃណីមួយ ធ្វើរបស់មួយមិនមែនត្រឹមតែរឿងបច្ចេកទេសទេ វាមានរឿងសោភ័ណ ហើយរឿងប្រពៃណីភ្ជាប់គ្នា។ គ្រប់ស្នាដៃទាំងអស់ដែលយើងឃើញតាំងពីយើងកកើតជាទឹកដី ជាចក្រភពមក គឺរាល់ស្នាដៃទាំងអស់ តែងមានរឿងផ្សេងៗចូលគ្នាមិនមែនគិតតែរឿងម្យ៉ាង។
 
ឥឡូវយើងមើលទៅឆ្ងាយបន្ដិច យើងបានលើកមកហើយថា មាននៅតាមខ្លោងទ្វារចូលយើងឃើញមាន មនុស្សពីរក្រុម មួយក្រុមជាទេព មួយក្រុមទៀតជាយក្ស មួយមុខរៀងស្លូត មួយមុខរៀងកាច នៅឆ្លាស់គ្នា ជានិច្ច។ ប្រសិនជាយើងមកពីខាងជើងខាងស្ដាំដៃយើងជាយក្ស នៅម្ខាងទៀតខាងជើងដូចគ្នា​ខ្លោងទ្វារខាងត្បូងគឺជាទេព។ បើម្ខាងឯណេះខាងជើងឯណេះជាទេព ទៅខាងត្បូងជាយក្ស ឆ្លាស់គ្នាម្ខាងម្នាក់ អត់មានមួយខ្សែនោះជាទេពទាំងអស់ ហើយម្ខាងទៀតយក្សទាំងអស់ទេ គឺផ្ទុយគ្នា។ តាមបណ្ដោយនៃស្ពានចូលនេះដល់ខ្លោងទ្វារ ម្ខាងជាទេព ម្ខាងទៀតជាយក្សហើយ គឺពីរឆ្លាស់គ្នាជានិច្ច ហើយមានចំនួន៥៤ផ្សេងៗគ្នា។ ម្ខាង៥៤ ម្ខាង៥៤។ គេធ្វើក្នុងនិមិត្ម យើងមើលទៅប្រៀបដូច​ជាកំពុងទាញព្រ័ត្រ។ នេះជារឿងទាក់ទងជាមួយនឹងទាញព្រ័ត្រ។ ប៉ុន្តែបើយើងមើលទៅបានឆ្ងាយបន្ដិច វាក្នុងន័យរបៀប​ទាញព្រ័ត្រហ្នឹងដែរ ប៉ុន្តែបើជ្រៅក្នុងទំនៀមទម្លាប់របស់ឥណ្ឌា គឺទាក់ទងនឹងរឿង​កូរសមុទ្រទឹកដោះ។ 
 
យើងសួរសំណួរថា តើរឿងកូរសមុទ្រទឹកដោះមានប្រភពមកពីណា? រឿងនេះមានប្រភពមកពីឥណ្ឌា គឺជាប្រពៃណីក្នុងរឿងបុរាណមួយនៅក្នុងរឿងទេវកថានៃការកកើតទឹកដីវែងឆ្ងាយណាស់ ដែលឥណ្ឌាគេបង្កើតមក ហើយគេបង្ហាញនៅស្រុកឥណ្ឌាជាចម្លាក់តូចៗតាមប្រាសាទ ប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងយើងទទួលឥទ្ធិពលមកដល់ស្រុកខ្មែរ យើងបានឆ្លាក់ជារឿងតូចៗហ្នឹងដែរ ដំបូងឡើយ ប៉ុន្តែមកដល់សតវត្សទី១២ មកដល់សម័យអង្គរវត្តយើងបានយករឿងនោះទាំងមូល យកមកឆ្លាក់ឱ្យធំស្កឹមស្កៃលើជញ្ជាំងប្រាសាទអង្គរវត្តប្រវែងប្រហែល៦០ម៉ែត្រ គឺនៅជញ្ជាំងខាងកើត​ទាំងមូល ដែលរឿងហ្នឹងពុំមានឃើញនៅស្រុកឥណ្ឌា។ យើងបានចម្លងគម្ពីរនោះ (កូរសមុទ្រឺកដោះ) ទុកដែរ តែវាបាត់បង់ទៅ  ប៉ុន្តែយើងយកអ្វីដែលសរសេរនៅក្នុងគម្ពីរហ្នឹងយកមកធ្វើជាចម្លាក់នៅអង្គរវត្ត។ បន្ទាប់មក១០០ឆ្នាំក្រោយ ក្នុងរាជ្យការព្រះបាទជ័យវរ្ម័នទី៧ លោកយករឿងហ្នឹងដដែល បើនៅអង្គរវត្តយើងអាចហៅថា 2D ឬទំហំ២ តែ១០០ឆ្នាំក្រោយព្រះបាទជ័យវរ្ម័នទី៧ យករឿងហ្នឹង​មកឆ្លាក់លើទំហំ៣ 3D នៅលើលំហ ហើយរៀបម្ខាងជាយក្ស ដូចក្នុងរឿងនៅអង្គរវត្តដែរ ​ម្ខាងជាទេព ម្ខាងទៀតដូចគ្នាចន្លោះគ្នា ហើយនៅអង្គរវត្តយើងឃើញរូបចម្លាក់នៅកណ្ដាលមាន​ព្រះវិស្ណុទ្រភ្នំមន្ទរ ប៉ុន្តែនៅទីនេះយកភ្នំទាំងមូលមកធ្វើជាប្រាសាទបាយ័ន។ យកបាយ័នប្រៀបដូចភ្នំមន្ទរ។ គេយកព្រ័ត្រជាពស់នាគ ហើយយកមកចងព័ទ្ធភ្នំដើម្បីកូរ។ ប្រាសាទបាយ័នគឺជាដងខ្នរ ហើយមកកូរម្ខាងម្នាក់ កូរដើម្បីរកទឹកអម្រឹត ដើម្បីភាពចម្រុងចម្រើន ភាពអមតៈ រស់នៅវែងឆ្ងាយ យូរអង្វែង មិនស្លាប់។ 
 
ហើយសួរថា ហេតុអ្វីព្រះបាទជ័យវរ្ម័នទី៧យករឿងនេះមកដាក់? មានអ្នកស្រាវជ្រាវច្រើនបានពិចារណា គិតថា ប្រវត្តិសាស្រ្តមុនព្រះបាទជ័យវរ្ម័នទី៧ឡើងគ្រងរាជ្យ គឺអង្គរយើងទាំងមូលត្រូវទទួលការទន្រ្ទាន​ឈ្លានពាន៤ឆ្នាំពីពួកចម្ប៉ាមួយក្រុម។ មុនឡើងសោយរាជ្យ លោកបានដេញពួកចម្ប៉ា រំដោះទឹកដីមកវិញ យកមកវិញនោះហើយ ដើម្បីកុំឱ្យរាជធានីអង្គរបាត់បង់តទៅទៀត ដើម្បីជានិមិត្តរូបបង្កើតនូវស្ថានសួគ៌លើ ផែនដី ដើម្បីឱ្យភាពអមតៈនៃផែនដីខ្មែរ គឺបានធ្វើរឿងកូរសមុទ្រទឹកដោះហ្នឹងឱ្យនៅលើក្រុងរបស់ខ្លួនឯង។
 
រឿងទីពីរ ដែលជាការស្រាវជ្រាវរបស់លោកគ្រូ អាំង ជូលាន។ កន្លងមកលោកបានយល់ឃើញថា វាទាក់ទងនឹងប្រវត្តិផ្ទាល់របស់នគរខ្មែរ។ រឿងដែលទាក់ទងនឹងការកកើតទឹកដី តាមប្រពៃណី តាមរឿងដែលយើងបាននិយាយតៗគ្នាថា ដើមឡើយនគរយើងគឺជាកោះមួយហើយមានដើមធ្លកមួយដើម បន្ទាប់មកទៀតក៏កកើតជានគរ។ បើយើងយកប្រពៃណីយកមកគិត យកមកពិចារណា ខ្មែរយើងនៅសម័យអង្គរប្រហែលជាមើលរឿងដូចគ្នាហ្នឹង។ ដើមធ្លកដែលនៅលើកោះ ក៏យើងបានដឹងថានៅទីណា។ ការស្រាវជ្រាវរបស់អ្នកប្រាជ្ញបារាំង ហ្សាកហ្គូហ្សេ គាត់ឃើញមានដើមធ្លក បញ្ចុះនៅបាតប្រាសាទភិមានអាកាស។ នេះវាភ្ជាប់ជាមួយការស្រាវជ្រាវរបស់លោកគ្រូ អាំង ជូលាន ឱ្យយល់ថា រឿងដើមទង រឿងកូរសមុទ្រទឹកដោះ រឿងអង្គរធំមានការទាក់ទងជាមួយដើមកំណើតផ្ទាល់ នៃរឿងកំណើតទឹកដីរបស់ខ្មែរ មិនមែនតាមរបៀបឥណ្ឌា ប៉ុន្តែតាមរបៀបខ្មែរ។ នគរគោកធ្លក ពេលដែលព្រះថោង នាងនាគ បានរៀបអាពាហ៍ពិពាហ៍នឹងគ្នាហើយ ពេលនោះស្ដេចភជុងនាគបង្កើត​នគរមួយឱ្យកូនចៅខ្លួនឯងរស់នៅ ដូច្នេះត្រូវធ្វើសមុទ្រឱ្យទៅជាកោះ។ អាធ្វើសមុទ្រឱ្យទៅជាកោះ​ហ្នឹងហើយ ដែលវាទាក់ទងនឹងកូរសមុទ្រទឹកដោះ។ កូរសមុទ្រទឹកដោះ គឺកូរសមុទ្រឱ្យរីង បង្កើតនគរឱ្យធំ៕

Tag:
 អង្គរធំ
  ខ្លោងទ្វារអង្គរធំ
  អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com