ជាតិ
វីដេអូ
ប្ដូរពីការដាំពោតនិងដំឡូងមកដាំ តាសក់ផ្អែម លោក ម៉េត យ៉េត ថាចំណេញប្រាក់ខុសគ្នា២០ដង
30, Oct 2023 , 8:01 am        
រូបភាព
កសិករដាំត្រសក់ផ្អែម និងឪឡឹកលឿង លោក ម៉េត យ៉េត
កសិករដាំត្រសក់ផ្អែម និងឪឡឹកលឿង លោក ម៉េត យ៉េត
សៀមរាប៖ ទិន្នផលដំឡូងមី និងពោត មិនសូវកាក់កប ខណៈដែលតម្លៃឡើងចុះមិនទៀង ឆ្នាំខ្លះក៏ខាតបង់កម្លាំងពលកម្មឥតអំពើ។ ការណ៍នេះជំរុញឱ្យលោក ម៉េត យ៉េត ផ្លាស់ប្ដូរផ្ទៃដីដែលជា ចម្ការពោត និងដំឡូងមី មកដាំតាសក់ផ្អែម ដែលជាដំណាំផ្លែឈើថ្មីសម្រាប់កសិករខ្មែរ។

 
 
លោក ម៉េត យ៉េត ជាកសិករនៅស្រុកកំរៀង ខេត្តបាត់ដំបង ទើបចាប់ផ្តើមដាំដំណាំតាសក់ផ្អែម និងឪឡឹកលឿង។ ដ្បិតដាំដុះលើកដំបូង តែកសិកររូបនេះរំភើបចំពោះទិន្នផលដំណាំថ្មីនេះ​ពិសេសបានចំណូលខុសគ្នាឆ្ងាយ ធៀបនឹងការដាំដំឡូង និងពោត។ 


 
លោក ម៉េត យ៉េត ចំណាយពេលជាង២ខែប៉ុណ្ណោះដើម្បីបានតាសក់បេះលក់ ខុសពីពោត និងដំឡូង ដែលមានអាយុជិតមួយឆ្នាំទើបអាចប្រមូលផលបាន។ លោក ម៉េត យ៉េត ដាំត្រសក់ផ្អែមពណ៌លឿង និងក្រឡាសំណាញ់ និងដាំឪឡឹកលឿងលាយគ្នាខ្លះដែរ។ តាសក់ផ្អែមមួយគីឡូក្រាម លោកអាចលក់បាន ចន្លោះពី៤០០០រៀលទៅ៦០០០រៀល ដែលជាសមាគមត្រសក់ផ្អែមមានជ័យនៅខេត្តសៀមរាប ប្រមូលទិញពីកសិករទាំងអស់ ដើម្បីទុកចែកចាយទៅទីផ្សារខាងក្រៅ។ 


 
គិតត្រឹមចុងខែ សីហា កន្លងទៅ កសិករដាំតាសក់ផ្អែមលោក ម៉េត យ៉េត បេះត្រសក់ និងឪឡឹកលក់គិតជាថវិកាបានប្រមាណ៣០លានរៀល។ ចំនួននេះ លោក យ៉េត ប្រាប់ថា ខុសគ្នាពី ១០ទៅ២០ដង ពីចំណូលដំឡូងមី និងពោត ដែលលើដាំលើផ្ទៃដីជិត២ហិកតានេះ។ 


 
ញញឹមបណ្ដើរ និងនិយាយបណ្ដើរ លោក ម៉េត យ៉េត ប្រាប់ថា នឹងបន្តពង្រីកការដាំឱ្យកាន់តែច្រើន គឺចំនួន១៥,០០០ដើម ទៅ១៧,០០០ដើម ខណៈដែលវគ្គទី១នេះលោកដាំត្រឹម១ម៉ឺនដើមប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com