ជាតិ
ជប៉ុនដាក់បង្ហាញម៉ាស៊ីនកែច្នៃសំរាមទៅជាប្រេងឥន្ទនៈមិនប៉ះពាល់បរិស្ថាន
29, Oct 2023 , 5:10 pm        
រូបភាព
 ការដាក់បង្ហាញម៉ាស៊ីនកែច្នៃសំរាមចេញជាប្រេងឥន្ទនៈមិនប៉ះពាល់បរិស្ថានកម្រិតស្ដង់ដាជប៉ុន។
ការដាក់បង្ហាញម៉ាស៊ីនកែច្នៃសំរាមចេញជាប្រេងឥន្ទនៈមិនប៉ះពាល់បរិស្ថានកម្រិតស្ដង់ដាជប៉ុន។
សៀមរាប៖ ក្រុមហ៊ុនជប៉ុនមួយបាននាំយកម៉ាស៊ីនកែច្នៃសំរាមដែលជាបច្ចេកវិទ្យាចុងក្រោយ ដែលមានសមត្ថភាពញែកសំរាមដោយខ្លួនឯង និងច្នៃទៅជាប្រេងឥន្ទនៈ។

 
 
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
នាយកប្រតិបត្តិក្រុមហ៊ុន SOKEN Goup លោក ONO Yohei បានឱ្យដឹងថា ម៉ាស៊ីនច្នៃសំរាមនេះ គឺជាបច្ចេកវិទ្យាចុងក្រោយ និងដំបូងគេដែលក្រុមហ៊ុនលោកបាននាំមកដាក់បង្ហាញសាកល្បងនៅទីក្រុង សៀមរាប។ ម៉ាស៊ីននេះកំពុងដំណើរការកែច្នៃសំរាមនៅក្រុមហ៊ុនប្រមូលសំរាម GAEA ដែលកំពុង​ប្រតិបត្តិការប្រមូលសំរាមដ៏ច្រើនសន្ធឹកក្នុងក្រុងសៀមរាប។ 


តាមការបញ្ជាក់ពីលោក ONO Yohei កន្លងទៅលោកបានទៅមើលទីលានចាក់សំរាមនៅខេត្តសៀមរាប និងបានមើលពីបញ្ហាប្រឈមនៃទីនោះ។ ទីលានសំរាមដែលមានក្លិនមិនល្អ ប៉ះពាល់បរិស្ថាន​នៅតំបន់ជុំវិញ។ល។ តាមនាយកប្រតិបត្តិរូបនេះ ម៉ាស៊ីន URBAN RIN មានលទ្ធភាពគ្រប់គ្រនក្លិនបានល្អ មិនមានផ្សែងពុល និងអាចបំឡែងទៅជាប្រេងឥន្ទនៈប្រើប្រាស់​ឡើងវិញ។ ជនជាតិជប៉ុនរូបនេះបញ្ជាក់ថា នេះជាម៉ាស៊ីនខ្នាតតូច ដែលមានសមត្ថភាពអាចច្នៃសំរាម​២តោនក្នុងមួយថ្ងៃ ហើយក្នុងមួយតោនអា​​ច​ផលិតជាប្រេងឥន្ទនៈពី៥០០ទៅ៦០០លីត្រ។ ចំណែកម៉ាស៊ីនខ្នាតធំ​​មាន​សមត្ថភាពកិនកម្រេច​​​សំរាម​បាន២០០តោនក្នុងមួយថ្ងៃ។



លោក ONO Yohei បន្ថែមថា៖« សមត្ថភាពម៉ាស៊ីននេះ ជាម៉ាស៊ីនខ្នាតតូច ក្នុងមួយដងអាចកែច្នៃ​សំរាមមួយតោន មួយថ្ងៃអាចកែច្នៃ២ដង ម្ដងដំណើរការពី៦ទៅ៧ម៉ោង។ ម៉ាស៊ីននេះ អាចកែច្នៃ​សំរាមចម្រុះ វាកែច្នៃជាប្រេង ឧទាហរណ៍បើយើងដាក់សំរាមជាប្លាស្ទិក​ វានឹងចេញជាប្រេង​ ចំណែកដែកវានឹងស្ទើរតែបាត់រូបរាង»។ 
 
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques Pellet បានមើលឃើញពីផលវិជ្ជមាននៃការប្រើប្រាស់ ម៉ាស៊ីនកែច្នៃសំរាមនេះ ពិសេសមិនផ្តល់ក្លិន ផ្សែង និងប៉ះពាល់ដល់បរិស្ថាន ដែលរួមចំណែកសំខាន់ ក្នុងការងារថែរក្សារមណីយដ្ឋានអង្គរនាខេត្តសៀមរាបបានមួយកម្រិតផងដែរ។



ប្រធានការិយាល័យកុងសុលជប៉ុនប្រចាំខេត្តសៀមរាប លោក Masaki Kawaguchi យល់ថាសំរាមអាច បង្កបញ្ហាធ្ងន់ធ្ងរសម្រាប់ខេត្តទេសចរណ៍សៀមរាប ប្រសិនកំណើនទេសចរកើនឡើងវិញដូចមុន​ជំងឺកូវីដ១៩។ លោកបន្ថែមថា៖« ការប្រើប្រាស់ម៉ាស៊ីនកែច្នៃសំរាមនេះ​ជាឧបករណ៍សំខាន់​មិនអាចខ្វះបាន ដើម្បីធ្វើឱ្យការចោលសំរាមមិនប៉ះពាល់បរិស្ថាននៅកម្ពុជា និងក្លាយជាជំហានខ្ពស់​ក្នុងការកកសាងសង្គមស្រស់បំព្រងដែលមិនប៉ះពាល់បរិស្ថាន»។ 


 
ក្នុងពិធីដាក់ដំណើរការម៉ាស៊ីនកែច្នៃសំរាមនៅស្នាក់ការក្រុមហ៊ុន GAEA នៅថ្ងៃទី២៦ ខែតុលា អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ មានក្ដីរំពឹងថា បញ្ហាសំរាមនៅខេត្តសៀមរាប ដែលមានបរិមាណពី៣០០ទៅ៦០០តោនក្នុងមួយថ្ងៃ អាចនឹងត្រូវបានកាត់បន្ថយ និងកែច្នៃឡើងវិញ តាមរយៈម៉ាស៊ីន URBAN RIG របស់ក្រុមហ៊ុនជប៉ុនមួយនេះ។ លោកបន្តថា៖«ម៉ាស៊ីនកែច្នៃសំរាមនេះ អាចរក្សានូវបរិស្ថានស្អាតសម្រាប់ទិសដៅទេសចរណ៍ខេត្តសៀមរាប ដោយរាប់ចាប់តាំងពីការរក្សា និងគ្រប់គ្រងកាកសំណល់គ្រប់ប្រភេទជៀសវាងផលប៉ះពាល់ដល់អ្នកទេសចរណ៍»៕


Tag:
 សំរាម
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com