ជាតិ
សម្រេចចុងក្រោយ! បទ «ឱភ្នំពេញអើយ» និពន្ធទំនុកច្រៀងដោយ លោក កែវ ចិន្តា ហើយបក្ស CPP ជាម្ចាស់កម្មសិទ្ធិ
30, Oct 2023 , 4:59 pm        
រូបភាព
រូបពីក្រុមព្រះសុរិយា
រូបពីក្រុមព្រះសុរិយា
ភ្នំពេញ​៖ សេចក្ដី​សម្រេច​ចុង​ក្រោយ​ នៃ​ម្ចាស់​កម្មសិទ្ធិ​លើ​បទ “​ឱភ្នំពេញ​អើយ​” គឺ​ជា​​កម្ម​សិទ្ធិ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា (CPP)​។ ​និពន្ធ​​ទំនុក​ច្រៀង ដោយសមមិត្ត​​ កែវ ចិន្តា​ សម្រួល​តន្រ្តី​​ដោយ​សមមិត្ត​​ ជ័យ សុភា និង​ច្រៀង​ដោយ​​សមមិត្ត​នារី សូ ចន្នី​។



បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​ ដោះ​ស្រាយ​បញ្ហា ​​ដោយ​ក្រសួង​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ក្រសួង​ព័ត៌​មាន​ លើ​ករណី​រំលោភ​បំពាន​សិទ្ធិ​សីលធម៌​ អ្នក​និពន្ធ​ចម្រៀង​បទ “​ឱភ្នំពេញ​អើយ​” រួច​មក​​ ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ បាន​សម្រេច​ទទួល​យក​ និង​ឯកភាព​ថា​ បទ​ចម្រៀង​ “​ឱ​ភ្នំពេញ​អើយ​” ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​​ដោយ​ សមមិត្ត​​ កែវ ចិន្តា​ សម្រួល​តន្រ្តី​​ដោយ​សមមិត្ត​​ ជ័យ សុភា និង​ច្រៀង​ដោយ​​សមមិត្ត​នារី សូ ចន្នី​ ដោយ​យក​តាម​លំនាំ​​បទ​ឡាវ​ឡឹក​ និង​ជា​កម្មសិទ្ធិ​បេតិកភណ្ឌ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។
 
នៅ​ថ្ងៃ​ទី​​៣០​ ខែ​តុលា​ ឆ្នាំ​២០២៣​នេះ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន លោក នេត្រ ភក្រ្តា​​ បាន​ប្រកាស​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ទាំង​អស់​​ ឱ្យ​​​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ “​ឱភ្នំពេញ​អើយ​” ជា​សំឡេង​ដើម​ ឬ​ច្រៀង​​ថ្មី​ឡើង​វិញ​ ត្រូវ​រក្សា​ឈ្មោះ​អ្ន​ក​និពន្ធ​ទំនុក​ច្រៀង​ អ្នក​សម្រួល​តន្ត្រី​ អ្នក​ច្រៀង​ និង​ម្ចាស់​​កម្ម​សិទ្ធិ​ ឱ្យ​បាន​ត្រឹម​ត្រូវ​​ តាម​លិខិត​​លេខ ៥០៨​ឆ.ត ចុះ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​។ 
 
ក្នុង​ករណី​មាន​ការ​ផ្សព្វ​ផ្សាយ​​ លើ​បណ្ដាញ​​សង្គម​នានា​ ដោយ​ប្រើ​ប្រាស់​​ឈ្មោះ​ផ្ទុយ​​ពី​ខ្លឹម​សារ​ លិខិត​ខាង​លើ​ លោក​​ នេត្រ ភក្រ្តា​​​ សូម​ឱ្យ​​មាន​ការ​កែ​តម្រូវ​ ឬ​ដក​​ចេញ​ ដើម្បី​ជា​ការ​គោរព​ និង​ផ្ដល់​តម្លៃ​​​ដល់​ស្នាដៃ​ម្ចាស់​ដើម​ នៃ​បទ​ចម្រៀង​នេះ​៕

Tag:
 បទ​ចម្រៀង​
  កម្មសិទ្ធិ​បញ្ញា
  បទ ឱភ្នំពេញ​អើយ
  សិល្បៈ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com