ជាតិ
សង្គមជាតិ
សមាគមធាងត្នោតថា រដ្ឋកាត់ដីបឹងតាមោកឱ្យឯកជន លើសទំហំរក្សាទុក ប៉ុន្តែអភិបាលរាជធានី បដិសេធ
30, Oct 2023 , 8:19 pm        
រូបភាព
ការចាក់ដីលើផ្នែកខ្លះ នៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដោយក្រុមហ៊ុនឯកជន ក្រោយទទួលបានការសម្រេចពីរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់នោះ។
ការចាក់ដីលើផ្នែកខ្លះ នៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដោយក្រុមហ៊ុនឯកជន ក្រោយទទួលបានការសម្រេចពីរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់នោះ។
 
គិតមកដល់កក្កដា ឆ្នាំ២០២៣នេះ បឹងតាមោក ឬបឹងកប់ស្រូវ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ កែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយប្រគល់ឱ្យបុគ្គល ក្រុមហ៊ុនឯកជន និងស្ថាប័ននានា ជាបន្តបន្ទាប់ សរុប៧០លើកហើយ។ ផ្ទៃដីដែលបានផ្ទេរទាំងនោះ មានចំនួន២ ៣៦៩, ៨៩១៣ ហិកតា។ នេះបើតាមរបាយការណ៍របស់សមាគមធាងត្នោត ចេញថ្ងៃទី២៨តុលា ឆ្នាំ២០២៣។
 
សង្គមស៊ីវិលនេះ សង្កត់ធ្ងន់ថា ទំហំដីជាង២ពាន់ហិកតា ដែលបានកាត់នេះ គឺខុសពីប្លង់គោលដែលត្រូវរក្សាទុក និងបានធ្វើឱ្យផ្ទៃបឹងតាមោក ស្ទើរនឹងបាត់បង់។
 
«ផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ផ្ទៃបឹងតាមោកត្រូវរក្សាទុក​ មានប្រមាណតែ២១៤០ហិកតា ក៏ប៉ុន្តែបច្ចុប្បន្នផ្ទៃបឹងត្រូវបានកាត់លើសពីទំហំ ដែលត្រូវរក្សានេះហើយ»។ នេះបើតាមរបាយការណ៍របស់ ធាងត្នោត។ 
 
ទាក់ទងនឹងការកាត់ដីលើសទំហំរក្សាទុកនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានរុញឱ្យសារព័ត៌មានថ្មីៗ សាកសួរទៅអាជ្ញាធររាជធានីភ្នំពេញ ដែលដឹងពីដែនដីកាន់កាប់របស់ខ្លួនច្បាស់។ 
 
ចំណែក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សុំមិនបកស្រាយឡើយ។ តែយ៉ាងណា អភិបាលរាជធានីភ្នំពេញ បានបដិសេធយ៉ាងខ្លីថា អ្វីដែលសមាគមធាងត្នោតលើកឡើង ជាករណីមិនពិត ។ លោក ចោទជាសំនួរ ដោយឆ្ងល់ថា ហេតុអ្វីសមាគមធាងត្នោតដឹងច្បាស់ជាងរដ្ឋាភិបាលទៅទៀតជុំវិញករណីនេះ?
 
យ៉ាងណា សមាគមធាងត្នោតនៅតែដាក់ការសង្ស័យថា ការប្រើប្រាស់ប្រាស់អនុក្រឹត្យ ដើម្បីបំប្លែងដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ហើយប្រគល់ឱ្យក្រុមហ៊ុន និងស្ថាប័នឯកជន នានា ហាក់ដូចជា​ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដោយកង្វះតម្លាភាព និងមិន បានផ្តល់ហេតុផលឱ្យសាធារណៈជនបានដឹង។ 
 
យោងតាមច្បាប់ភូមិបាល និងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពុំអាចជាកម្មវត្ថុនៃការលក់ដូរ ប្រទានកម្ម ឬសម្បទានបានឡើយ។ ច្បាប់ភូមិបាល ក៏ចែងដែរថា រាល់ការផ្លាស់ប្ដូរចំណាត់ថ្នាក់ ពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ត្រូវធ្វើដោយច្បាប់អនុបយោគ។ ប៉ុន្តែ បច្ចុប្បន្នរដ្ឋសភា មិនទាន់អនុម័ត ច្បាប់អនុបយោគនេះទេ។ 
 
ដូច្នេះហើយ ទើបសមាគមធាងត្នោតស្នើទៅរដ្ឋសភាឱ្យពិចារណា និងពន្លឿនពីការបង្កើតច្បាប់ស្ដីពីអនុបយោគ ហើយអនុលោមតាមច្បាប់ នៅពេលចង់ផ្លាស់ប្ដូរស្ថានភាព នៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ជាមួយគ្នាដែរ សមាគមធាងត្នោត បានស្នើទៅរដ្ឋាភិបាលយ៉ាងដូច្នេះ៖ «សូមផ្ដល់នូវមូលហេតុនៃការប្រគល់ ឬធ្វើប្រទានកម្មផ្ទៃបឹងតាមោកទៅឱ្យបុគ្គលឯកជន ដែលមានសរុបចំនួន៥១អនុក្រឹត្យ»។ 
 
នៅឆ្នាំ២០១៦ រដ្ឋាភិបាលបានកំណត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវ មានទំហំ៣២៣៩,៧ហិកតា។ ហើយដីតំបន់នោះ ត្រូវបានរដ្ឋកាត់ឱ្យស្ថាប័ន ក្រសួង និងឯកជនជាបន្តបន្ទាប់ ដើម្បីប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដែលមានគម្រោងបង្កើតផ្សារនៅទីនោះផងដែរ។ 
 
យោងតាមសមាគមធាងត្នោត បឹងធម្មជាតិនេះ គឺជាបឹងធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើង តាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ។ នៅជុំវិញបឹងនោះ មានប្រជាពលរដ្ឋប្រហែល៣០០គ្រួសារ តាំងទីលំនៅ។ ពួកគេ ច្រើនប្រកបមុខរបរដូចជា នេសាទ ចិញ្ចឹមត្រី ដាំឈូក ធ្វើស្រែចំការ និងលក់ដូរតាមផ្ទះតិចតួច។ ក្រៅពីនេះ បឹងតាមោកក៏ជាទីអាស្រ័យសម្រាប់សត្វស្លាបជាច្រើនប្រភេទផងដែរ៕ 
 

Tag:
 បឹងតាមោក
© រក្សាសិទ្ធិដោយ thmeythmey.com