ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឯម សុខសុវណ្ណ អាចបង្កើតបក្សនយោបាយថ្មីមួយ ក្រោយក្រសួងមហាផ្ទៃ បដិសេធ២លើក
31, Oct 2023 , 4:37 pm        
រូបភាព
(អាវស) លោក ឯម សុខសុវណ្ណ ចូលរួមធ្វើតេស្តទឹកថ្នាំជ្រលក់ដៃ អំឡុងពេលមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(អាវស) លោក ឯម សុខសុវណ្ណ ចូលរួមធ្វើតេស្តទឹកថ្នាំជ្រលក់ដៃ អំឡុងពេលមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចឱ្យលោក ឯម សុខសុវណ្ណ បង្កើតបក្ស «គណបក្សដើម្បីកម្ពុជា»។ ការសម្រេចឱ្យបង្កើតបក្សនេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃ បដិសេធ២លើក លើការស្នើរបស់លោក ឯម សុខសុវណ្ណ ។

 
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតបក្សដើម្បីកម្ពុជា(គ.ដ.ក)​ តាមការស្នើសុំរបស់លោក សុខសុវណ្ណ ។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយទទួលបានការអនុញ្ញាតនេះ លោក សុខសុវណ្ណ នឹងរៀបចំកែសម្រួលសញ្ញាសម្គាល់បក្សឡើងវិញ តាមការណែនាំរបស់ក្រសួង។ 
 
អតីតមន្ត្រីគណបក្សយុវជនកម្ពុជារូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ដើម្បីឱ្យបក្សអាចដំណើរការទៅបានស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ លោកនឹងចុះប្រមូលស្នាមមេដៃ ឬប្រមូលសមាជិកឱ្យបាន ៤ ០០០នាក់។ 
 
បើតាមលោក សុវណ្ណ គោលបំណងនៃការបង្កើតបក្សដើម្បីកម្ពុជានេះឡើង ដោយសារស្រលាញ់ជាតិ ប្រជាធិបតេយ្យ និងដើម្បីប្រយោជន៍ជាតិជារួម ។ 
 
បរិបទនយោបាយនៅកម្ពុជាសព្វថ្ងៃ មានចរន្តនៃការចងសម្ព័ន្ធភាពពីរក្រុម។ ក្រុមទី១ បក្សនយោបាយចំនួន២៧ ចងសម្ព័ន្ធជាមួយបក្សកាន់អំណាច ។ ចំណែកមួយទៀត មានបក្ស៤ រួមមានបក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ បក្សខ្មែររួបរួមជាតិ និងបក្សប្រជាធិបតេយ្យមូលដ្ឋាន ចងសម្ព័ន្ធភាពគ្នា។ 
 
នៅពេលចោទសួរទៅកាន់ លោក សុខសុវណ្ណ ថាតើបក្សថ្មីដែលនឹងចេញរូបរាងឡើងនេះ នឹងមានបំណង ចូលរួមចងសម្ព័ន្ធជាមួយបណ្ដាបក្សណាមួយឬទេ? តំណាងបក្ស ដើម្បីកម្ពុជារូបនេះ ពុំទាន់បានគិតទេ ។ ប៉ុន្តែលោក ឆ្លៀតបន្ថែមបែបនេះ៖ «បើសិនជាចូលរួមសម្ព័ន្ធ ក៏ត្រូវពិនិត្យមើលដែរ ថាចូលនោះដើម្បីប្រយោជន៍កម្ពុជា ឬដើម្បីប្រយោជន៍បុគ្គល! ប៉ុន្តែ បើសិនចូលសម្ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ជាតិច្បាស់លាស់ ខ្ញុំនឹងសម្រេចចិត្តចូល»។ 
 
ប៉ុន្មានខែមកនេះ លោក ឯ​ម សុខសុវណ្ណ បានស្នើទៅក្រសួងមហាផ្ទៃចំនួនពីរលើកមកហើយ ប៉ុន្តែត្រូវបានក្រសួងបដិសេធ។ លើកទីមួយ គេឃើញលោក សុវណ្ណ ស្នើសុំបង្កើតបក្សអាយ៉ងខ្មែរ និងលើកទីពីរ បក្សខ្ញុំបម្រើខ្មែរ ។ ប៉ុន្តែក្រសួងមហាផ្ទៃ បានចេញលិខិតបដិសធ ដោយមិនបានបញ្ជាក់ហេតុផលអ្វីឡើយ។ 
 
តែការព្យាយាមគង់បានសម្រេច ដោយលោក សុខសុវណ្ណ បានប្ដូរឈ្មោះបក្ស មកជា គណបក្សដើម្បីកម្ពុជា វិញ ក៏ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ តែម្ដង។ 
 
សូមជម្រាបថា កាលពីអំឡុងពេលបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧នេះ លោក ឯម សុខសុវណ្ណ គឺជាតំណាងរាស្ត្រឈរឈ្មោះនៅមណ្ឌលខេត្តស្វាយរៀង នៃគណបក្សយុវជនកម្ពុជា។ ប៉ុន្តែក្រោយការបោះឆ្នោតមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៤ កក្កដា គេឃើញលោក សុវណ្ណ បង្ហោះលិខិតលាឈប់ពីបក្សយុវជនកម្ពុជា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com