ជាតិ
សង្គមជាតិ
សហគមន៍ឥន្ទធនូកម្ពុជា ស្នើបញ្ចប់ការវែកញែក ករណីរើសអើងក្រុម LGBT
31, Oct 2023 , 10:37 pm        
រូបភាព
ភ្នំពេញ៖ ក្រោយពីលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបកស្រាយជុំវិញការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើអ្នកស្រឡាញ់ភេទដូចគ្នា សហគមន៍ឥន្ទធនូកម្ពុជា បានចេញលិខិតអរគុណចំពោះកិច្ចសហការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លើសពីនេះ សហគមន៍ឥន្ទធនូកម្ពុជា ក៏បានស្នើឱ្យបញ្ចប់ការវែកញែក ករណីរើសអើងក្រុម LGBTផងដែរ។


 
រឿងរ៉ាវពាក្យសម្ដីរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ពាក់ព័ន្ធនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវដោះស្រាយដោយសន្តិវិធី និងបញ្ចប់បញ្ហានៅថ្ងៃនេះ ក្រោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញមកសម្របសម្រួលជាមួយលោក ណុប ដាណេ។ តាមរយៈការចូលរួមរបស់នាយក្រឹម ក្នុងការបកស្រាយពាក្យពេចន៍ដែលបានលើកឡើងនាពេលកន្លង សហគមន៍ឥន្ទធនូកម្ពុជា បានអរគុណដល់លោក ណុប ដាណេ និងលោក កែវ រ៉េមី ដែលអន្តរាគមន៍លើករណីនេះ។
 
បន្ទាប់ពីបញ្ហានេះដោះស្រាយដោយសន្តិវិធី និងតម្លាភាព សហគមន៍ឥន្ទធនូកម្ពុជា ស្នើដល់សាធារណជនដូច្នេះ៖«សហគមន៍ឥន្ទធនូកម្ពុជា សង្ឃឹមថា បងប្អូនទាំងអស់គ្នាអាចបញ្ចប់ការវែកញែក និងបញ្ចេញមតិយោបល់បែបអវិជ្ជមាន មានលក្ខណៈរើសអើងដែលអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប រាប់បញ្ចូលទាំងអ្នកស្រឡាញ់ភេទដូចគ្នា»។ 
 
បើតាមសេចក្ដីថ្លែងអំណរគុណរបស់សហគមន៍ឥន្ទធនូកម្ពុជា ចេញផ្សាយយប់ថ្ងៃទី៣១ តុលានេះ ការសម្របសម្រួលដោយសន្តិវិធីនេះ បានបង្ហាញឱ្យឃើញថា អ្នកស្រឡាញ់ភេទដូចគ្នា និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែជាកោសិកា ជាធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍិរបស់គ្រួសារ សហគមន៍ និងសង្គមជាតិកម្ពុជាមិនអាចខ្វះបាន។

អត្ថបទទាក់ទង
 
 
ជាមួយគ្នានេះ សហគមន៍ឥន្ទធនូកម្ពុជា ប្ដេជ្ញាបន្តធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវទស្សនវិស័យរបស់ខ្លួន ដែលពលរដ្ឋកម្ពុជា ជាអ្នកស្រឡាញ់ភេទដូចគ្នា មានអារម្មណ៍រីករាយចំពោះខ្លួនឯង និងរស់នៅប្រកបដោយសុភមង្គល។ លើសពីនេះ ពលរដ្ឋគ្រប់រូប គួរតែបន្តស្មារតី និងវប្បធម៌នៃការគោរព ការពារអធ្យាស្រ័យ ថែរក្សា គាំទ្រ លើកតម្កើង និងសរសើរគ្នាទៅវិញទៅមក៕
 

Tag:
 សហគមន៍ឥន្ទធនូកម្ពុជា
  នាយក្រឹម
  អ្នកស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com