ជាតិ
សាសនា / ធម៌
ព្រះអង្គ ឃឹម សន៖ អ្នក​បួស​ប្រាប់អ្នក​ដទៃឱ្យប្រព្រឹត្តល្អ ដូច្នេះ​មិនត្រូវប្រើបណ្តាញសង្គម​វាយ​ប្រហារគ្នានោះឡើយ
02, Nov 2023 , 4:29 pm        
រូបភាព
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ដោយ​មើល​ឃើញ​ថា មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ មាន​ព្រះ​សង្ឃ​មួយ​ចំនួន​តូច បាន​យក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ធ្វើ​ជា​ទីលាន​​វាយ​ប្រហារ​គ្នា ទៅ​វិញ​ទៅ​មក គណៈ​សង្ឃ​នាយក​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ចេញ​សេច​ក្ដី​ណែនាំ ​ឱ្យ​​ព្រះ​សង្ឃ​ទាំង​នោះ​ បញ្ឃប់​ទង្វើ​អសីលធម៌​ទាំងនោះ ឱ្យខាង​តែបាន និង​រួសរាន់បំផុត។

 
ក្នុង​សេចក្តីណែនាំចុះកាលពីថ្ងៃទី១​ វិច្ឆិកា ​សម្តេចព្រះសង្ឃនាយករងទី១ អំ លីមហេង សង្កេតឃើញថា ព្រះ​សង្ឃ​បព្វ​ជិត​​ពុទ្ធ​សាសនា​​មួយ​ចំនួន កំពុង​តែ​យក​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​ ដូ​ច​ជា​​ហ្វេស​ប៊ុក តិក​តុក យូធូប និង​គេហទំព័រ​​ជា​ដើម​ ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ចែក​ចាយ​​រូប​ភាព សារ​ជា​សំឡេង​​ ជា​អក្សរ​ និង​វីដេអូ​ប្រាស​ចាក​​ក្រម​សីលធម៌​ អភិសមាចារ វិន័យ​​សង្ឃ​ និង​ច្បាប់​រដ្ឋ​ ព្រម​ទាំង​បាន​វាយ​ប្រហារ​​ ដៀម​ដាម​​ពី​បុគ្គល​ម្ខាង​ ទៅ​បុគ្គល​ម្ខាង​ទៀត​ ដែល​កំពុង​​ប្រណិប័តន៍​ អនុវត្ត​ជំនឿ​និង​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ពី​បុរាណ​រៀង​មក។​ 
 
គណៈសង្ឃនាយក​មើល​ឃើញ​ថា ការណ៍​នេះ​ជា​ហេតុ​បច្ច័យ ​បង្ក​ឱ្យ​មាន​ផលប៉ះ​ពាល់ ​ដល់​តម្លៃ​ព្រះ​ពុទ្ធ​សាសនា​ តម្លៃ​ព្រះ​សង្ឃ​ទូទៅ​ ទំនៀម​ទម្លាប់​ប្រពៃណី​ អត្តសញ្ញាណ​ និង​កិត្យានុភាព​ជាតិ​ខ្មែរ​ ពុំ​អា​ច​ទទួល​យក​បាន​ឡើយ​។
 
ដើម្បី​ចៀស​វាងផល​ប៉ះ​ពាល់ ​​និង​ឥទ្ធិពល​​អាក្រក់​ ក៏​ដូច​ជា​ការ​រក្សា​បាន​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​ គុណ​តម្លៃ​ព្រះ​សង្ឃ​ខ្មែរ​ទូទៅ​ តម្លៃ​ព្រះ​ពុទ្ធ​សាសនា​ ប្រពៃណី​ទំនៀម​ទម្លាប់​ អត្តសញ្ញាណ សីលធម៌​​សង្គម ​​និង​កិត្យានុភាព​ជាតិ​ សម្តេចសង្ឃនាយករងទី១ បាន​ណែនាំ​ដល់​ព្រះ​សង្ឃ​ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រាស់​ចាក​ វិន័យ​សីលធម៌​ ហើយ​​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ និង​ចែក​ចាយ​ព័ត៌​មាន​អវិជ្ជមាន​ និង​អកុសល​ ដែល​រួម​មាន​សារ​ជា​អក្សរ​ សារ​ជា​សំឡេង​ និង​វីដេអូ​ ព្រម​ទាំង​សារ​មាន​ចរិត​លក្ខណៈ​ញុះញង់​ អុជអាល​ បំបែក​បំបាក់​សាមគ្គី​ភាព ឱ្យ​ខាង​តែ​បាន​ និង​រួសរាន់​បំផុត​។ 
 
ថ្លែងប្រាប់សារព័ត៌មានឌីជីថល​ថ្មីៗ សម្ដេច​សង្ឃ ឃឹម​ សន​ ព្រះ​ប្រធាន​លេខា​ធិការ​ដ្ឋាន​គណៈ​សង្ឃ​នាយក​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​មាន​ថេរដីការ​ថា ដោយ​សារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បព្វ​ជិត​មួយ​ចំនួន​បាន​រិះ​គន់​គ្នា​តាម​បណ្ដាញ​សង្គមច្រើន​​ ទើប​បាន​ជា​គណៈ​សង្ឃ ចង់​​​ទាញ​អារម្មណ៍​បព្វ​ជិត​កម្ពុជា ឱ្យ​បាន​យល់​និង​ងាក​មក​ផ្លូវ​វិជ្ជមាន​​​វិញ​។ ​
 
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា កាន់កោដ្ឋ (រូប_ពីលេខាធិការដ្ឋានគណៈសង្ឃនាយក)
 
ព្រះ​អង្គ​បន្ថែម​ថា ​គណៈសង្ឃ​មាន​បំណង​ល្អ​មួយ​ ដែល​ចង់​ឱ្យ​បព្វ​ជិត​ ដើរ​តួនាទី​​សំខាន់​ ទាំង​ការ​ប្រតិបត្តិ​ខ្លួន​ឯង​ផ្ទាល់​ ទាំង​ការ​យក​ពាក្យ​ប្រៀន​ប្រដៅ​ របស់​ព្រះ​សម្មាសសម្ពុទ្ធ ទៅ​ផ្សព្វ​ផ្សាយ​​បន្ត​ដល់​ពុទ្ធ​បរិស័ទ​ ឱ្យ​ប្រព្រឹត្តសេចក្ដី​​ល្អ​ក្នុង​សង្គម​ដែរ​។ ន័យ​នេះព្រះ​អង្គ​ចង់​សំដៅ​ថា ព្រះ​សង្ឃ​មាន​តួនាទី​ ​ផ្សាយ​សេចក្ដី​ល្អ​ ពី​ជ្រុង​ណា​មួយនៃ​​សង្គម​ ទាំងខាង​​ពុទ្ធិចក្រ​ និង​អាណាចក្រ ឱ្យ​ពុទ្ធបរិស័ទ​ កើន​​ចំណេះ​ដឹង ខាង​ប្រពៃណី​ វប្បធម៌ ទំនៀម​ទម្លាប់​ អក្សរ​សាស្ត្រ​ និង​អរិយធម៌ជាតិ​។ ការណ៍​​នោះ នឹង​ធ្វើ​ឱ្យ​មាន​ការ​ចូល​រួម​​ថែរក្សា អត្តសញ្ញាណ​ជាតិ​​ខ្មែរ ឱ្យ​កាន់​តែ​រី​ក​ចម្រើន​​ឡើង​​​។ 
 
ព្រះ​អង្គ​ពន្យល់​បន្ថែម​៖«ព្រះ​ធម៌​​របស់​ព្រះ​សម្មាសម្ពុទ្ធសម្ដែង​ថា អ្នក​បួស​ បើ​បាន​រៀន​ចេះ​ដឹង ក្នុង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធហើយ យក​ពាក្យ​ប្រៀន​ប្រដៅ​នោះ ទៅ​ប្រាប់​អ្នក​ដទៃ​ឱ្យ​បាន​ដឹង និង​បាន​​​ប្រព្រឹត្ត​ល្អ ដូច​ជីវិត​អ្នក​បួស​ផង»​​។ 
 
រូបពី​លេខាធិការថដ្ឋាន​គណៈសង្ឃនាយក

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ព្រះ​ប្រធាន​លេខា​ធិការ​ដ្ឋាន​គណៈ​សង្ឃ​នាយក សង្កត់​ធ្ងន់​ថា ក្រោយ​​​ការ​ទូន្មាន​ អប់រំ​ និង​ផ្សព្វ​ផ្សាយ ​ប្រសិន​​បព្វ​ជិត​ ឬ​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា នៅ​​តែ​ប្រព្រឹត្ត​អ្វី​ ដែល​មិន​គិត​ពី​ផល​ប៉ះ​ពាល់ដល់​ព្រះ​ពុទ្ធសាសនា និង​សង្គម​ជាតិ​ទៀត នោះ​ក្រសួង​ធម្មការ​និង​សាសនា​ក្ដី គណៈ​សង្ឃនាយក​ក្ដី នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​។
 
​សូម​បញ្ជាក់​ថា គណៈ​សង្ឃនា​យក​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សូមឱ្យ​​ព្រះ​មេគណគ្រប់​រាជធានី​-ខេត្ត​ ព្រះ​គ្រូ​អនុគណ គ្រប់​ក្រុង​-ស្រុក-ខណ្ឌ និង​ព្រះ​ចៅ​អធិការ​គ្រប់​វត្ត​អារាម​ ណែនាំ​ព្រះសង្ឃ​បព្វ​ជិត​ ពុទ្ធ​សាសនា​ខ្មែរ​ទាំង​អស់​ទូទាំង​ប្រទេស​ ដែល​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​​សង្គម​ ឱ្យ​ផ្សព្វ​ផ្សាយ​​និង​ចែក​​ចាយ​ព័ត៌​មាន​ តាម​រយៈ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ដូច​ជា​សារ​ជា​សំឡេង​ សារ​ជា​អក្សរ​ និង​សារ​ជា​វីដេអូ ប្រកប​ដោយ​ការ​អប់​រំ​ ឱ្យ​ប្រព្រឹត្ត​ល្អ និង​ការ​អប់​រំ​សីលធម៌​ សុជីវធម៌​ ក្នុង​ផ្លូវ​វិជ្ជមាន​ ព្រម​ទាំង​កុសល​តែ​ម្យ៉ាង​ សំដៅ​នាំ​មក​នូវ​​ឧត្តម​ប្រយោជន៍​ ដល់​ព្រះ​ពុទ្ធសាសនា​ និង​សង្គម​ជាតិ​​៕​

Tag:
 សាសនា
  ព្រះ​ពុទ្ធសាសនា
  ព្រះ​សង្ឃ
 
© រក្សាសិទ្ធិដោយ thmeythmey.com