ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា​មិនខ្ចីលុយគេរហូត«វ័ណ្ឌក»ឡើយ​
02, Nov 2023 , 8:19 pm        
រូបភាព
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន
កម្ពុជាមិនបាត់បង់អធិបតេយ្យភាព ឬ ជំពាក់បំណុលគេវ័ណ្ឌក ពីការខ្ចីលុយបរទេសមកអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជាង១,៨ម៉ឺននាក់នៅស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២វិច្ឆិកា។ សម្តេច បានបញ្ជាក់ថា កម្ពុជាខ្ចីបរទេស គឺយកមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើឱ្យប្រយោជន៍សេដ្ឋកិច្ចជាតិប្រកបដោយការទទួលខុសត្រូវ។​

 
គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាជំពាក់បំណុលបរទេសចំនួន ១០,៦៧ពាន់លានដុល្លារ។ រហូតដល់ដំណាច់ឆ្នាំនេះ បំណុលក្រៅបរទេសកម្ពុជាកើនដល់ ១១,១៩ពាន់លានដុល្លារ។ នេះយោងតាមសន្និធិបំណុលសាធារណៈដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្និន័យដដែលបានបង្ហាញថា ប្រទេសដែលកម្ពុជា​ជាប់បំណុលច្រើនជាង គឺចិន។ 
 
ជុំវិញនៃស្ថានភាពបំណុលក្រៅបរទេសនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «យើងមិនខ្ចីបំណុល[លុយគេ]ដោយគ្មានហេតុផល រហូតជំពាក់គេវ័ណ្ឌកនោះទេ។ មានតិចបំផុតក្នុងពិភពលោកដែលប្រទេសអត់មានបំណុល ហើយប្រទេសដែលអត់មានបំណុល[ក្រៅបរទេស] ក៏ខ្ចីលុយពីពលរដ្ឋខ្លួនឯងដែរ។ បើតាមសម្តេច ហ៊ុន ម៉ាណែត កុំថាឡើយកម្ពុជា សូម្បីតែជប៉ុន បារាំង អាម៉េរិក ក៏មានបំណុលសាធារណៈដែរ។  
 


សម្តេចបន្តរៀបរាប់ថា កម្ពុជា​ខ្ចីលុយបរទេស​ គឺយកមកដើម្បីវិនិយោគប្រកបដោយការទទួលខុសត្រូវលើអភិវឌ្ឍប្រទេសជាតិ​។ «យើងមិនមែនយកលុយគេមក ដើម្បីទិញឡាន ទិញយន្តហោះ...នោះទេ តែយើងយកលុយមកដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ បម្រើដល់សេដ្ឋកិច្ច បម្រើដល់ឱ្យជាតិរបស់យើង»។ ​សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួនមួយ កម្ពុជាមិនបានខ្ចីបរទេសដើម្បីអភិវឌ្ឍន៍ឡើយ។ ពោល គឺរដ្ឋាភិបាលអនុញ្ញាតឱ្យវិស័យឯកជនវិនិយោគតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដោយវិស័យឯកជនជាអ្នកខ្ចីលុយគេធនាគារ ហើយកម្ពុជាឱ្យសិទ្ធិវិស័យឯកជនធ្វើអាជីវកម្ម។ 
 
ការវិនិយោគ​ក្រោមរូបភាពBOT ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិនេះ មានដូចជា  ការវិនិយោគលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុតម្លៃជាង ២ ០០០លានដុល្លារ និងភ្នំពេញទៅបាវិត គម្រោងផ្លូវដែក និងព្រែកជីកហ្វូណន-តេជោ...ជាដើម។ សម្តេច ហ៊ុន ម៉ាណែត បាននិយាយដូច្នេះ៖ «នេះជាគោលនយោបាយ ហើយផលដែលបានមក គឺបានទៅប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប»។ 
 
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា មានតម្រូវការហិរញ្ញប្បទានជាង១ ៦៥០លានដុល្លារ​ទៀត ស្មើនឹង៤,៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស/GDP) ដើម្បីការបំពេញការចំណាយប្រចាំឆ្នាំ​ដែលមានដល់ជាង ៩ ០០០លានដុល្លារ។ ក្នុងនោះ រដ្ឋគ្រោងខ្ចីលុយពីពលរដ្ឋក្នុងស្រុកតាមរយៈការបោះលក់មូលបត្ររដ្ឋចំនួន១០៨លានដុល្លារ   និងខ្ចីពីបរទេសប្រមាណ ១ ៥០០លានដុល្លារ ស្មើនឹង ៤,៣៩ភាគរយនៃ ផ.ស.ស។​ បើយោងតាមក្រសួងសេដ្ឋកិច្ច​ ផ.ស.ស របស់កម្ពុជាក្នុងឆ្នាំ២០២៤​ ស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ពាន់លានរៀល សមមូលនឹង ៣៥ ១៦៨លានដុល្លារ៕ 

Tag:
 បំណុល
  សម្តេច ហ៊ុន ម៉ាណែត​
© រក្សាសិទ្ធិដោយ thmeythmey.com