ជាតិ
សង្គមជាតិ
«ជណ្ដើរត្រី» ស្រុកក្រឡាញ់ នឹងបង្កើតចំណូលដល់ពលរដ្ឋ៥ពាន់គ្រួសារ និងអភិរក្សត្រីជាង១០០ប្រភេទ
02, Nov 2023 , 7:50 pm        
រូបភាព
ពលរដ្ឋម្នាក់ កំពុងស្ទូចត្រីនៅតាមបណ្ដោយស្ទឹងផ្លាំង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ពលរដ្ឋម្នាក់ កំពុងស្ទូចត្រីនៅតាមបណ្ដោយស្ទឹងផ្លាំង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
សៀមរាប៖ «ជណ្ដើរត្រី» ជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្នុងស្រុកក្រឡាញ់ ក្រោមទំហំទឹកប្រាក់១០ម៉ឺនដុល្លារ។ តាមរយៈ «ជណ្ដើរត្រី»នេះ ត្រូវបានឯកអគ្គរដ្ឋទូតអូស្ត្រាលី រំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទចំនួន ៥០០០ពាន់គ្រួសារ និងជួយអភិរក្សប្រភេទត្រីជាង១០០ប្រភេទ។


 
តំណាងរដ្ឋាភិបាលអូស្ត្រាលី ក្រសួងកសិកម្ម រដ្ឋបាលជលផល  អាជ្ញាធរមូលដ្ឋាន និង ពលរដ្ឋ បានបើកសម្ពោធជាផ្លូវការសំណង់ «ជណ្ដើរត្រី» នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ សំណង់នេះ ជាហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាង និងដំបូងក្នុងស្រុកក្រឡាញ ក៏ដូចជាខេត្តសៀមរាប។ វា ត្រូវបានសាងសង់ឡើង ក្រោមជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្ត្រាលី។


 
«ជណ្ដើរត្រី» ជាសំណង់ដែលសង់ឡើង ជួយសម្រួលដល់ការបម្លាស់ទីរបស់ត្រី នៅរដូវត្រីពង ដែលរងការប៉ះពាល់ ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ។ ជណ្ដើរត្រី ត្រូវបានគេបង្កើត និងប្រើប្រាស់ក្នុងតំបន់ជាច្រើន លើពិភពលោកក្នុងការស្ដារចំនួនត្រី។
 
ជណ្ដើរត្រីមានច្រើនជាង១០០ប្រភេទ ដោយរចនាឡើងដោយផ្អែកលើស្ថានភាពជាក់ស្ដែងទីតាំងភូមិសាស្ត្រ និងប្រភេទត្រី នៃទីតាំងដែលត្រូវសាងសង់វាឡើង។ ដោយឡែកនៅទំនប់ស្លែង តាមបណ្ដោយស្ទឹងផ្លាំង ក្នុងភូមិស្លែង ត្រូវបានក្រុមអ្នកជំនាញសាងសង់ជា «ជណ្ដើរត្រីបញ្ឈរ»​ ឬ Vertical slot។
 
តាមរយៈជណ្ដើរត្រីនេះ ត្រូវបានលោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា រំពឹងថាវានឹងជួយបង្កើតប្រាក់ចំណូលដល់អ្នកនេសាទចំនួន៥ពាន់គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាជាង១០០ប្រភេទ។ លោកបន្ថែមទៀតថា៖ «(ជណ្ដើរត្រីនេះ) នឹងក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា»។
 


 
ជណ្តើរត្រីនេះ ត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិ ពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ មានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។
 
ដំណោះស្រាយប្រកបដោយច្នៃប្រឌិតនេះ ត្រូវបានលោកសាស្ត្រាចារ្យ Wendy Umberger នាយកដ្ឋានប្រតិបត្តិនៃ ACIAR លើកឡើងថា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ជនបទ ដែលពឹងផ្អែកលើត្រីសម្រាប់សុខភាព និងសុខុមាលភាពរបស់ពួកគេ។ លោកបន្តថា ខ្លួនក៏រីករាយដែលឃើញបច្ចេកវិទ្យានេះ ត្រូវបានពង្រីកបន្ថែមទៀត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងខេត្តសៀមរាប។
 


 
ដោយមើលឃើញពីអត្ថប្រយោជន៍ និងភាពសំខាន់ នៃជណ្ដើរត្រីនេះ លោក ឃុន សាវឿន ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា កំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលនៅក្នុងតំបន់មេគង្គ។
 
រដ្ឋលេខាធិការនៃក្រសួងកសិកម្មរូបនេះ លើកឡើងបន្ថែមដូច្នេះ៖ «ការងារនេះមានសារៈសំខាន់ណាស់សម្រាប់ការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាធ្វើការជាមួយដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រ ដើម្បីរក្សាសេវាប្រព័ន្ធអេកូឡូស៊ីទន្លេសម្រាប់ប្រទេសជាតិ»។
 
គួរជម្រាបផងដែរថា កិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ជណ្តើរត្រីភូមិស្លែងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០២២-២០២៣ ក្រោមភាពជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តសៀមរាប។ ការសាងសង់ជណ្តើរត្រីភូមិស្លែងនៅស្រុកក្រឡាញ់ ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម FishTech ដោយមានការគាំទ្រពី ACIAR និង DFAT។ ក្រោយការសាងសង់ត្រូវបានបញ្ចប់ FishTech នឹងធ្វើការវាយតម្លៃអំពីការរៀបចំជណ្តើរត្រីនេះ ដើម្បីធានាថាវាពិតជាផ្តល់អត្ថប្រយោជន៍សមរម្យដល់ត្រីក្នុងមូលដ្ឋាន និងប្រជាជនក្នុងសហគមន៍។ ផ្អែកលើលទ្ធផលនៃការវាយតម្លៃនេះ គម្រោង FishTech នឹងត្រូវពង្រីកនៅទូទាំងប្រទេសកម្ពុជា និងឡាវ៕



 

Tag:
 ជណ្ដើរត្រី
  ក្រឡាញ់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com