កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមឧទ្ទាម ELN ជាអ្នកចាប់ជំរិតឪពុក Diaz ស្របពេលរដ្ឋាភិបាលកូឡុំប៊ីទាមទារឱ្យដោះលែងបន្ទាន់
03, Nov 2023 , 11:39 am        
រូបភាព
រដ្ឋាភិបាលប្រទេសកូឡុំប៊ី បាននិយាយថា លោក Luis Manuel Diaz ដែលជាឪពុករបស់ Luis Diaz ខ្សែប្រយុទ្ធ Liverpool ត្រូវបានក្រុមឧទ្ទាមឆ្វេងនិយមរបស់កងទ័ពរំដោះជាតិ (ELN) ចាប់ជំរិត។ រដ្ឋាភិបាលកូឡុំប៊ី បានទាមទារឱ្យក្រុមឧន្ទាម ELN ដោះលែងលោក Manuel Diaz ជាបន្ទាន់។



លោក Luis Manuel Diaz ជាឪពុករបស់ Luis Diaz កាលពីថ្ងៃទី២៨ ខែតុលា និងប្រពន្ធរបស់លោក ត្រូវបានខ្មាន់កាំភ្លើងចាប់ខ្លួន។ បើតាមកាមេរ៉ាសុវត្ថិភាពដែលបានដាក់នៅជិតទីតាំងកើតហេតុ បង្ហាញថា ឪពុករបស់ Diaz អំឡុងពេលចាប់ខ្លួន លោកបានស្ថិតនៅក្នុងរថយន្ត ខណៈដែលម្តាយរបស់គេ ស្ថិតនៅខាងក្រោយរថយន្ត។ 
 
អ្នកស្រី Cilenis Marulanda រួចខ្លួនចេញពីការចាប់ជំរិត បន្ទាប់ពីក្រោយពេលកើតហេតុភ្លាមៗ ក្រុមប៉ូលិសក្នុងតំបន់បានទៅជួយសង្គ្រោះអ្នកស្រីទាន់ពេល ប៉ុន្តែលោក Manuel Diaz ដែលស្ថិតនៅក្នុងរថយន្តត្រូវបានខ្នាន់កាំភ្លើងនាំយកទៅ។ ម្តាយឪពុករបស់កីឡាករ Diaz មានទីលំនៅស្ថិតនៅក្នុងទីក្រុងមួយឈ្មោះ Barrancas នៅក្នុងខេត្ត ​La Guajira ប្រទេសកូឡុំប៊ី ក្បែទៅនឹងប្រទេសវ៉េណេស៊ុយអេឡា។ ក្រុមឧទ្ទាម ELN គឺជាក្រុមទ័ពព្រៃដ៏សកម្មមួយដែលនៅសេសសល់ដ៏សំខាន់របស់ប្រទេសកូឡុំប៊ី ហើយក្រុមឧទ្ទាមមួយនេះបានកើតឡើងតាំងពីឆ្នាំ ១៩៦៤ និងមានសមាជិកដល់ពេលបច្ចុប្បន្នប្រមាណ ២,៥០០នាក់។
  


មកដល់ពេលនេះមន្ត្រីប៉ូលិស និងទាហានប្រទេសកូឡុំប៊ីច្រើនរយនាក់កំពុងតែបំពេញការងារក្នុងការស្វែងរក និងជួយសង្គ្រោះឪពុករបស់ Diaz នៅក្នុងទីក្រុង Serrania de Perija ដែលជាតិក្រុងព្រំដែនរវាងកូឡុំប៊ី និងវ៉េណេស៊ុយអេឡា។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកូឡុំប៊ី ឪពុករបស់ Diaz ត្រូវបានក្រុមឧន្ទាមបញ្ជូនទៅដល់ក្នុងប្រទេសវ៉េណេស៊ុយអេឡា ហើយក៏បានទាមទារឱ្យមានការដោះលែងជាបន្ទាន់លើឪពុក Diaz។ មកដល់ពេលនេះក្រុមមន្ត្រីបូលិស ទាហានរុករកបានរកឃើញ ម៉ូតូ ២គ្រឿង និងរថយន្ត ដែលក្រុមចាប់ជំរិតបានប្រើពេលធ្វើសកម្មភាព។
 
«ត្រូវតែមានការដោះលែងជាបន្ទាន់សម្រាប់លោក Luis Manuel Diaz។ យើងសូមដាស់តឿនទៅកាន់ក្រុមឧទ្ទាម ELN ដែលបានចាប់ជំរិតគឺជាអំពើឧក្រិដ្ឋកម្មដែលបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយវាជាកាតព្វកិច្ចរបស់ ELN របស់ពួកគេដែលជាផ្នែកមួយនៃដំណើរការសន្តិភាពបច្ចុប្បន្ន ដើម្បីមិនត្រឹមតែបឈ្ឈប់ការចាប់ជំរិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តេញពួកគេជារៀងរហូត។»។ នេះបើតាមសម្តីប្រធានគណៈប្រតិភូរដ្ឋាភិបាលចរចាជាមួយក្រុម ELN លោក Otty Patino។
 
កាលពីប៉ុន្មានថ្ងៃមុនរវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុម ELN ក៏បានរៀបចំកិច្ចចរចាសន្តិភាពមួយផងដែរ ប៉ុន្តែការចរចាឱ្យដោះលែងនោះ ត្រូវបានរងបរាជ័យ ប៉ុន្តែមកដល់ពេលនេះ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ក៏បានប្រើប្រាស់យុទ្ធសាស្ត្រក្នុងការស្វែងរកសន្តិភាព គឺរដ្ឋាភិបាលរបស់លោករៀបចំការចរចាជាមួយក្រុមឧទ្ទាមឡើងវិញ។
 
យ៉ាងណា នាថ្ងៃទី១ ខែវិច្ឆិកា មនុស្សរាប់រយនាក់នៅក្នុងប្រទេសកូឡុំប៊ី បានអមដំណើររបស់អ្នកស្រី Cilenis Marulanda ម្តាយរបស់កីឡាករ Diaz ក្នុងពេលដែលមានការដង្ហែរទាមទារឱ្យមានការដោះលែងលោក Luis Manuel Diaz៕

Tag:
 Luis Diaz
  ​Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com