សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីលក់ប្រេងបានខ្ពស់ជាង៣៥ភាគរយនៃតម្លៃកំណត់ដោយ G7 និង EU
03, Nov 2023 , 12:09 pm        
រូបភាព
រូបភាព ៖ TASS
រូបភាព ៖ TASS
តម្លៃជាមធ្យមនៃប្រេងរុស្ស៊ី Urals មានតម្លៃ ៨១,៥២ដុល្លារក្នុងមួយបារ៉ែលនាខែតុលា ដោយខ្ពស់ជាង៣៥ភាគរយ ដែលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង (G7) និង សហភាពអឺរ៉ុប (EU) បានកំណត់​៦០ដុល្លារក្នុងមួយប៉ារ៉ែល។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ី។

 
ក្រសួងហិរញ្ញវត្ថុរុស្ស៊ីអះអាងថា តម្លៃជាមធ្យមនៃប្រេងរុស្ស៊ី Urals មានតម្លៃទាបជាងប្រេង Brent ប្រមាណ ៩,៥៧ដុល្លារក្នុងមួយបារ៉ែលកាលពីខែមុន។ បើធៀបទៅនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន តម្លៃលក់ជាមធ្យមនៃប្រេង Urals កាលពីខែមុនបានកើនឡើង ១៥ភាគរយ ដែលពេលនោះជួញដូរក្នុងតម្លៃ ៧០,៦២ដុល្លារ។
 
យ៉ាងណាមិញ តម្លៃប្រេង Urals បានធ្លាក់ចុះជិត២ភាគរយបើធៀបនឹងខែកញ្ញា នៅពេលដែលតម្លៃឈានដល់ ៨៣,០៨ដុល្លារក្នុងមួយបារ៉ែល។ ក្នុងរយៈពេល ១០ខែឆ្នាំនេះ តម្លៃជាមធ្យមនៃប្រេង Urals ធ្លាក់ចុះបើធៀបគ្រាដូចគ្នាក្នុងឆ្នាំ ២០២២ គឺ ៦១,៨៤ដុល្លារក្នុងមួយបារ៉ែលធៀបនឹង ៧៩,៥៧ដុល្លារក្នុងមួយបារ៉ែល។
 
បើតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) រុស្ស៊ីបានលក់ប្រេងទៅក្រៅប្រទេសចំនួន ៧,៦លានបារ៉ែលក្នុងមួយថ្ងៃនាខែកញ្ញា ដែលនាំមកនូវប្រាក់ចំណូលដល់ ១៨,៨ពាន់លានដុល្លារខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២។ តម្លៃនៃការនាំចេញប្រេងឆៅជាមធ្យមរបស់រុស្ស៊ីក្នុងខែនេះគឺ ៨១,៨ដុល្លារក្នុងមួយបារ៉ែល ដែលកាត់បន្ថយភាពខុសគ្នាធៀបនឹងប្រេង Brent ដល់ ១២,២ដុល្លារក្នុងមួយបារ៉ែល។
 
ចិន និងឥណ្ឌានៅតែជាប្រទេសទិញប្រេងដ៏ធំបំផុតរបស់រុស្ស៊ីក្នុងខែកញ្ញា។ ប្រទេសទាំងពីរបានក្លាយជាអតិថិជនធំតាំងពីដើមឆ្នាំ ២០២៣នៅពេលដែលទីក្រុងមូស្គូត្រូវបានបង្ខំឱ្យផ្លាស់ប្តូរការលក់ប្រេងរបស់ខ្លួនទៅកាន់អាស៊ីដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
 
ក្រុមហ៊ុនព័ត៌មានថាមពល Kpler ព្យាករថា រុស្ស៊ីទំនងជានឹងបង្កើនការនាំចេញប្រេងនៅក្នុងខែវិច្ឆិកា។ បើគិតតែការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទិន្នផលអាចកើនឡើងប្រហែល ២០០ពាន់បារ៉ែលធៀបនឹងខែតុលាដែលកើនដល់ ៣,៧លានបារ៉ែលក្នុងមួយខែ។ អ្នកជំនាញ Kpler មើលឃើញថា ការនាំចេញប្រេងរបស់រុស្ស៊ីកើនឡើង ដោយសារកំណើនតម្លៃប្រេងឆៅពិភពលោក។
 
យោងតាមទិន្នន័យរបស់រុស្ស៊ី បណ្តាប្រទេស EU និង G7 ភាគច្រើនបានបរាជ័យក្នុងការអនុវត្តកម្រិតតម្លៃរបស់ទីក្រុងម៉ូស្គូ ៦០ដុល្លារក្នុងមួយបារ៉ែលលើការនាំចេញប្រេងតាមសមុទ្រ ដែលមានប្រសិទ្ធភាពចាប់ពីខែធ្នូ ឆ្នាំ២០២២។ ការរឹតបន្តឹងស្រដៀងគ្នានេះត្រូវបានអនុវត្តនៅក្នុងខែកុម្ភៈលើការនាំចេញផលិតផលប្រេងរបស់រុស្ស៊ី។
 
ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដោយដាក់ចេញនូវវិធានការសងសឹកប្រឆាំងនឹងតម្លៃប្រេងរបស់រុស្ស៊ី។ ប្រទេសនេះហាមឃាត់ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងដល់ប្រទេសដែលអនុវត្តកម្រិតតម្លៃ ហើយក៏ហាមឃាត់ការដឹកជញ្ជូនផងដែរ៕​

Tag:
 រុស្ស៊ី
  EU
  G7
  ប្រេង
 ​
© រក្សាសិទ្ធិដោយ thmeythmey.com