កីឡាអន្តរជាតិ
អន្តរជាតិ
កៅអីលោក Ten Hag រង្គោះរង្គើ ស្របពេល Man Utd ចរចាលក់ហ៊ុនទៅមហាសេដ្ឋី Ratcliffe
03, Nov 2023 , 2:39 pm        
រូបភាព
តំណែងរបស់លោក Erik ten Hag នៅក្លិប Manchester United កំពុងមានភាពរង្គោះរង្គើរ ខណៈពេលដែលស្ថានភាពរបស់ក្លិបកំពុងតែជួបបញ្ហាទម្រង់លេងយ៉ាងខ្លាំង និងជាពិសេស ភាពសាមគ្គីគ្នាអំឡុងការប្រកួត។ ថ្នាក់ដឹកនាំក្លិបបិសាចក្រហមកំពុងជំរុញឱ្យមានការដោះស្រាយជាបន្ទាន់ និងកាន់តែច្បាស់លាស់សម្រាប់តំណែងរបស់លោក Ten Hag ស្របពេលកិច្ចព្រមព្រៀងទិញភាគហ៊ុនក្លិបពីមហាសេដ្ឋី Sir Jim Ratcliffe ក៏កំពុងដំណើរការ។ នេះបើតាមប្រភពដែលទាក់ទងនឹងក្លិបបានប្រាប់ទៅកាន់កាសែត BBC Sports។



បន្ទាប់ពីចាញ់ការប្រកួតនៅក្នុងទឹកដី Old Trafford ២លើក ចុងក្រោយជាប់ៗគ្នា ក្រោមថ្វីជើងក្រុម Manchester City និង Newcastle United លទ្ធផល ៣-០ ដូចគ្នា ធ្វើឱ្យតំណែងរបស់លោក Ten Hag អ្នកចាត់ការសញ្ជាតិហូឡង់ កំពុងតែមានភាពរង្គោះរង្គើខ្លាំង។ 
 
យ៉ាងណាកន្លងមកលោក Ten Hag ក៏បានអះអាងថាគាត់ គឺជាអ្នកប្រយុទ្ធ ហើយលោកបានសារភាពថាក្រុម Man United កំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ខណៈដែលមន្ត្រីរបស់ក្លិប បានព្យាយាមបដិសេធអំពីរឿងរ៉ាវអនាគតរបស់លោក Ten Hag។ ក្រុមបិសាចក្រហម ត្រូវការឈ្នះការប្រកួតជាបន្តបន្ទាប់ ដើម្បីជាដំណោះស្រាយក្នុងស្ថានភាពអាក្រក់នេះ។
 
ការប្រកួតនៅថ្ងៃទី៤ ខែវិច្ឆិកា ក្រុមបិសាចក្រហម ត្រូវធ្វើដំណើរទៅកាន់ការប្រកួតទល់នឹងក្រុម Fulham ដែលក្រុមនេះមិនដែលយកឈ្នះលើបិសាចក្រហមតាំងពីឆ្នាំ ២០០៩ មក។ ហើយបន្ទាប់ពីការប្រកួតប៉ះ Fulham នៅក្នុងក្របខណ្ឌ Premier League រួច ក្រុម Man United នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាក​ ប្រកួតទល់នឹងក្រុម Copenhagen នៅក្នុងការប្រកួត UEFA Champions League។
 
ចាញ់ការប្រកួតទាំងនៅក្នុង ​Premier League និង Champions League បានធ្វើឱ្យតំណែងលោក Ten Hag មានកម្តៅកើនឡើង។ ចាប់ផ្តើមការប្រកួតវគ្គចែកពូល ក្នុងពូល A បិសាចក្រហមចាញ់ការប្រកួតក្រោមថ្វីជើងក្រុម Bayern Munich និងក្រុម Galatasaray នៅ ២ប្រកួតដំបូងសម្រាប់ជើងទីមួយ ហើយឈ្នះការប្រកួតលើ Copenhagen ១ប្រកួត។ Man United ត្រូវបានចាំបាច់ ៤ពិន្ទុបន្ថែមពីការប្រកួតដែលនៅសល់ដើម្បីអាចឈានជើងឡើងទៅដល់វគ្គជម្រុះបាន។
 
១០ប្រកួតនៅ Premier League ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag ឈ្នះ​៥ និងចាញ់ ៥ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតរបស់ក្លិបគិតចាប់តាំងពីឆ្នាំ ១៩៣០ សម្រាប់ការប្រកួត ១០លើកដំបូង។ Man United ក្នុងរដូវកាលថ្មីចាញ់ការប្រកួតចំនួន ៨លើក រាល់ការប្រកួតទាំងអស់ដែលបានឆ្លងកាត់ ហើយលទ្ធផលទាំងនេះបានបង្ហាញពីភាពមិនសាមគ្គីគ្នា​ ក៏ដូចជាការយល់ចិត្តគ្នាក្នុងក្រុម ដើម្បីអាចស្វែងរកទម្រង់លេងដ៏ពិតប្រាកដមួយ និងច្បាស់លាស់។ 
 
តំណែងរបស់លោក Ten Hag អាចនឹងត្រូវកំណត់ត្រាត្រឹមតែរយៈពេល ៤ ទៅ ៥ ប្រកួតខាងមុខទៀត ប្រសិនបើក្រុម Man United នៅតែមិនអាចស្វែងរកការឈ្នះជាប់គ្នាឡើងវិញនោះទេ នោះអ្នកចាត់ការសញ្ជាតិហូឡង់ ក៏មានវាសនាមិនខុសពីអ្នកចាត់ការកាលពីមុនៗមកឡើយ។ Man United ភាគច្រើន បណ្តេញគ្រូបង្វឹកនៅចំពាក់កណ្តាលរដូវកាល ក្រោយជួបបញ្ហាក្នុងក្រុម ដែលរងបរាជ័យជាបន្តបន្ទាប់ ដែលស្រដៀងគ្នានេះ។
 
ចាប់ផ្តើមរដូវកាលថ្មីមិនល្អខ្លាំងឡើង អាចទាញឱ្យក្រុម United បន្តស្ថិតក្នុងសម្ពាធ រហូតតម្រូវឱ្យមានផ្លាស់ប្តូររចនាសម្ព័ន្ធការដឹកនាំក្លិប ខណៈដែលក្លិបក៏កំពុងតែសម្លឹងក្នុងការស្វែងរកម្ចាស់ដឹកនាំថ្មី ក្រោយពេលការប្រកាសលក់ក្លិបពីសំណាក់គ្រួសារ Glazer រយៈពេលជាង ១ឆ្នាំ កន្លងមក។ ក្រុមបិសាចក្រហមបច្ចុប្បន្ន ត្រូវការស្វែងរកកំណែងទម្រង់ការដឹកនាំពីម្ចាស់ថ្មី ដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មីក្នុងការប្រកួតប្រជែង។
 
យ៉ាងនាកាលពីពេលថ្មីៗនេះ​ ដំណឹងពីការទិញភាគហ៊ុនក្លិបពីសំណាក់លោក Sir Jim Ratcliffe បានសម្លឹងមើលការទិញភាគហ៊ុនក្លិប​ Man United ចំនួន ២៥ភាគរយ ប៉ុន្តែកិច្ចព្រមព្រៀងនៅមិនទាន់បានសម្រេចនៅឡើយ។ ក្រុមគ្រួសារ Glazer មកដល់បច្ចុប្បន្នជាម្ចាស់ក្លិប ប៉ុន្តែរយៈពេល ៣រដូវកាលចុងក្រោយមកនេះ អ្នកគាំទ្រទាមទារចង់ឱ្យពួកគេចាកចេញពីក្លិប ខណៈក្លិបធ្វើមិនបានល្អរយៈពេលជិត ១សតវត្សរ៍រួចមកហើយ។
 
បើទោះជាមើលឃើញពីជំនួយបន្ថែមពីការទិញភាគហ៊ុនក្លិបពីសំណាក់លោក Jim Ratcliffe ទៅលើក្រុម ក៏ដូចជាអនាគតរបស់លោក Ten Hag ក៏ដោយ ប៉ុន្តែពេលវេលាសម្រាប់ការកាន់តំណែងរបស់អ្នកចាត់ការវ័យ ៥៣ឆ្នាំ ក្នុងការកែប្រែវាសនាក្នុងក្រុម ក៏មានពេលខ្លីបំផុតដែរ៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com