អន្តរជាតិ
សភាអាម៉េរិកអនុម័តជំនួយ១៤,៥ពាន់លានដុល្លារឱ្យអុីស្រាអែល តែលោក បៃឌិន ថា នឹងវ៉េតូចោលព្រោះតិចជាងការស្នើ
03, Nov 2023 , 3:59 pm        
រូបភាព
លោក Mike Johnson ប្រធានសភាតំណាងអាម៉េរិក។ រូបភាព AP
លោក Mike Johnson ប្រធានសភាតំណាងអាម៉េរិក។ រូបភាព AP
សភាតំណាងអាម៉េរិក នៅថ្ងៃទី២ ខែវិច្ឆិកា បានអនុម័តកញ្ចប់ជំនួយយោធាសម្រាប់អ៊ីស្រាអែល ក្នុងទំហំ១៤,៥ពាន់លានដុល្លារ។ យ៉ាងណាមិញ លោកចូ បៃឌិន បានប្រកាសថា លោកនឹងវេតូជំនួយមួយនេះដោយសារខុសឆ្ងាយពីការស្នើសុំ។

 
សភាតំណាងអាម៉េរិកដែលទើបរើសបានប្រធានថ្មី បានអនុម័តកញ្ចប់ជំនួយយោធាសម្រាប់អ៊ីស្រាអែលដើម្បីប្រឆាំងនឹងក្រុមហាម៉ាស។ សេចក្តីព្រាងកញ្ចប់ជំនួយយោធានេះ ត្រូវបានគាំទ្រដោយសមាជិកសភាតំណាងចំនួន ២២៦នាក់ ទល់នឹងសំឡេងប្រឆាំង១៩៦នាក់។ 
 
លោក Mike Johnson ប្រធានសភាតំណាងថ្មី បានអះអាងថា ជំនួយយោធាខាងលើ នឹងផ្តល់ឱ្យអ៊ីស្រាអែល ក្នុងការការពារខ្លួន ដោះលែងចំណាប់ខ្មាំង និងកម្ទេចក្រុមហាម៉ាស។ ប្រធានសភាតំណាងរូបនេះ បានបន្ថែមថា អាម៉េរិក ក៏ត្រូវធានាការការចំណាយប្រកបដោយការទទួលខុសត្រូវដែរ។ ការអះអាងបែបនេះ ទំនងឆ្លើយតបនឹងប្រធានាធិបតីអាម៉េរិក ដែលបានស្នើកញ្ចប់ថវិការហូតដល់ជាង ១០០ពាន់លានដុល្លារឯណោះ។  
 
បើទោះមានការគាំទ្រពីសភាតំណាងក៏ដោយ ប៉ុន្តែកញ្ចប់ជំនួយយោធាមួយនេះទំនងមិនអាចផ្តល់ឱ្យអ៊ីស្រាអែលបាននោះទេ ដោយសារតែព្រឹទ្ធសភា និងប្រធានាធិបតីអាម៉េរិកមិនគាំទ្រ។ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសមិនចុះហត្ថលេខាលើសេចក្តីព្រាងកញ្ចប់ជំនួយមួយនេះឡើយ ដោយសារតែមិនត្រូវនឹងសំណើរបស់លោក។ 
 
កន្លងមក លោកបៃឌិន បានស្នើទៅសភាជិត១០៦ពាន់លានដុល្លារសម្រាប់ជម្លោះអ៊ីស្រាអែល សង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខតាមព្រំដែនរបស់អាម៉េរិក។ 
 
ចំណែកសមាជិកសភាបក្សប្រជាធិបតេយ្យ បានលើកឡើងថា ចំណាត់ការរបស់លោក Johnson មានតែពន្យារពេលការជួយសម្រាប់អ៊ីស្រាអែលប៉ុណ្ណោះ។ លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា បានអះអាងថា សេចក្តីព្រាងជំនួយសម្រាប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស គ្មានឱកាសនឹងត្រូវបានអនុម័តឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ស្របគ្នានេះ សេតវិមាន បានរិះគន់ផែនការរបស់បក្សសាធារណរដ្ឋផងដែរលើជំនួយពាក់ព័ន្ធនឹងជម្លោះអ៊ីស្រាអែល-ហាម៉ាស ដោយចាត់ទុកការមិនផ្តល់ជំនួយមនុស្សធម៌ទៅតំបន់កាហ្សាជាកំហុសដ៏ធ្ងន់ធ្ងរ ស្របពេលវិបត្តិកំពុងតែផុងជ្រៅ។ 
 
យ៉ាងណាមិញ ប្រធានសភាតំណាងអាម៉េរិកថ្មី បានអះអាងថា កញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែន និងសន្តិសុខតាមព្រំដែន នឹងស្ថិតនៅដាច់ដោយឡែកមួយទៀត ស្របពេលសមាជិកសភាបក្សសាធារណរដ្ឋ ជំទាស់ការផ្តល់ជំនួយយោធាទៅអ៊ុយក្រែន ក្រោមហេតុផលកាត់បន្ថយការចំណាយ៕
 

Tag:
 អាម៉េរិក
  អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com