អន្តរជាតិ
ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក​មាន​សុទិដ្ឋិកនិយម​ថា​អាច​វាស់ស្ទង់​«ឆន្ទៈ​ប្រយុទ្ធ​របស់​ចិន»
03, Nov 2023 , 7:39 pm        
រូបភាព
ដោយ: VOA
ការវាយ​តម្លៃ​ខុស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​តាក់តែង​ច្បាប់​អាម៉េរិកកាំង មាន​ការ​ខឹង​សម្បា និងវង្វេង​វង្វាន់។ កំហុស​ទាំង​នោះ​រួម​មាន ការ​វិភាគ​ថា ​កងទ័ព​អាហ្វហ្កានីស្ថាន​អាច​ប្រយុទ្ធ​ជាមួយ​ក្រុម​តាលីបាន​ក្នុង​រយៈ​ពេល​ជាច្រើន​ខែ និងការយល់​ថា ប្រទេស​អ៊ុយក្រែន​មុខ​ជា​ធ្លាក់​ចូល​ទៅក្នុង​ដៃ​របស់​រុស្ស៊ី។



លោក​ឧត្តម​សេនីយ៍ឯក​ Scott Berrier នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​ក្រសួងការពារជាតិ ថ្លែង​ថា នៅ​ពេល​និយាយ​ដល់​ប្រទេស​ចិន អ្នក​វិភាគ​ផ្នែក​ស៊ើបការណ៍​របស់​លោក​មាន​ការ​ប្ដេជ្ញាចិត្ត​ថា ពួក​គេ​នឹង​វិភាគ​ឲ្យ​បាន​ត្រឹម​ត្រូវ។
 
លោក​ថ្លែង​ដូច្នេះ​ថា៖ «ដោយសារ​តែ​យោធា​ប្រជាមានិត​ចិន​មាន​ការរីក​លូតលាស់​លើ​គ្រប់​ទិដ្ឋភាព​ យើង​បាន​ឃ្លាំមើល​លើ​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​អស់​រយៈ​ពេល ៥ ឬ ៦ ឆ្នាំ​មក​ហើយ»។
 
លោក Berrier និង មន្ត្រី​ស៊ើបការណ៍​ដទៃ​ទៀត បាន​សារភាព​ថា មាន​ភាព​ចាំបាច់​ណាស់​ក្នុងការ​ពិចារណា​ទៅ​លើ​សំនួរ​ពាក់​ព័ន្ធ​នឹង​«ឆន្ទៈ​ប្រយុទ្ធ​របស់​ចិន»។
 
ទោះបី​ជាមាន​កិច្ច​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​យ៉ាងណា​ក៏ដោយ យោធាចិន​មិន​បាន​ប្រលូក​ក្នុង​ការ​ប្រយុទ្ធ​ផ្ទាល់​ចាប់​តាំង​ពី​ឆ្នាំ១៩៧៩ មក។ ប៉ុន្តែ​ បើ​យោង​តាម​ភ្នាក់ងារ​ស៊ើបការណ៍​សហរដ្ឋ​អាម៉េរិក យោធាចិន​ត្រូវ​បាន​ដាក់​បទ​បញ្ជា​ឲ្យ​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​វាយយក​កោះ​តៃវ៉ាន់​ លឿន​បំផុត​នៅ​ដើម​ឆ្នាំ២០២៥៕
 

Tag:
 រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ឯក​ Scott Berrier នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​ក្រសួងការពារជាតិ ផ្តល់សក្ខីកម្មក្នុងអំឡុងពេលសវនាការនៃសេវាប្រដាប់អាវុធរបស់ព្រឹទ្ធសភាស្តីពីការគំរាមកំហែងទូទាំងពិភពលោក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅវិមាន​រដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។
© រក្សាសិទ្ធិដោយ thmeythmey.com