កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ទទួលការវះកាត់របួសជង្គង់ដោយជោគជ័យ តែអាចអវត្តមាន១០ខែ
03, Nov 2023 , 8:59 pm        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល បានទទួលការវះកាត់របួសជង្គង់ និងដាច់សរសៃ ​ACL នៅលើជើងខាងឆ្វេងរបស់គេ បានដោយជោគជ័យនាថ្ងៃទី២ ខែវិច្ចិកា។ កីឡាករវ័យ ៣១ឆ្នាំ រងរបួសជង្គង់ និងសរសៃ ACL ធ្ងន់ធ្ងរអំឡុងពេលរូបគេលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលកាលពីខែតុលា កន្លងទៅ។ វះកាត់ជោគជ័យ តែអតីតកីឡាករ Barcelona និង PSG រូបនេះ ទំនងជាត្រូវសម្រាករយៈពេល១០ខែ។



កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញអំឡុងការប្រកួតជម្រុះ World Cup 2026 ទល់នឹងក្រុមអ៊ុយរូហ្កាយ បន្ទាប់ពីរូបគេបានប៉ះទង្គិចជាមួយនឹងកីឡាករក្រុមអ៊ុយរូហ្កាយ ហើយរូបគេត្រូវបានក្រុមគ្រូពេទ្យប្រចាំក្រុមប្រេស៊ីលជួយសង្គ្រោះបន្ទាន់ក្នុងទីលានប្រកួតរយៈពេលជិត ១០នាទី។ ក្រោយពីសង្គ្រោះបន្ទាន់រួច Neymar ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗដើម្បីពិនិត្យពីបញ្ហារបួស។
 
កីឡាករក្រុម Al Hilal ត្រូវបានទទួលការព្យាបាលនៅក្នុងមន្ទីពេទ្យមួយស្ថិតក្នុងទីក្រុង Belo Horizonte ដោយក្រុមគ្រូពេទ្យប្រចាំក្រុមប្រេស៊ីល។ ព័ត៌មានជាច្រើនបានចុះផ្សាយថា Neymar នឹងអវត្តមានសម្រាប់ការប្រកួតទាំងឱ្យក្រុម Al Hilal នៅក្របខណ្ឌ Saudi Pro league និងជម្រើសជាតិប្រេស៊ីល រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤។
 
បើតាមរយៈការបង្ហោះរបស់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ នៅលើបណ្តាញសង្គម ដោយគេបានបង្ហោះរូបភាពជាមួយនឹងកូនប្រុសរបស់គេទាំងពីរ ហើយថែមទាំងបានសរសេរអះអាងដូច្នេះថា ៖ «គ្រប់យ៉ាងនឹងមានភាពប្រសើរឡើង។»។
 
Neymar បានចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro League កាលពីខែសីហា ក្នុងតម្លៃនៃការផ្ទេរចេញពីក្លិប Paris Saint Germain តម្លៃ ៩០លានអឺរ៉ូ (៩៦លានដុល្លារ)។ ប៉ុន្តែអតីតកីឡាករក្រុម Barcelona និង Paris Saint Germain ទើបតែលេងបាន ៥ប្រកួត តែប៉ុណ្ណោះឱ្យក្រុម Al Hilal ប៉ុន្តែរូបគេបែរជាជួបបញ្ហារបួសសារជាថ្មីម្តងទៀត។
 
គិតចាប់តាំងពីរដូវកាល ២០២២-២៣ មកដល់ពេលនេះ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ត្រូវបានទទួលការវះកាត់លើបញ្ហារបួសធ្ងន់ធ្ងរ របស់គេទាំងលើកនេះ ចំនួន ២លើកហើយ។ មុនពេលចាកចេញពីក្រុម PSG តារាបាល់ទាត់ប្រេស៊ីលរូបនេះ បានរងរបួសកជើងធ្ងន់ធ្ងរ ដោយកាលនោះរូបគេត្រូវបានសម្រាក់ពីការប្រកួតរយៈពេលជាង ៤ខែ។
 
ការវះកាត់របួសជង្គង់លើកនេះ Neymar នឹងត្រូវខកខានពីការប្រកួតបាល់ទាត់រយៈពេលជាង ៧ខែ៕

Tag:
 Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com