កីឡាអន្តរជាតិ
អន្តរជាតិ
​ការប្រកួតបាល់លើទឹកទ្វីបអឺរ៉ុប នៅក្នុងប្រទេសអុីស្រាអែល ត្រូវលុបចោល
03, Nov 2023 , 4:58 pm        
រូបភាព
ការប្រកួតកីឡាបាល់លើទឹក (Water Polo) ពានរង្វាន់លំដាប់ទ្វីបអឺរ៉ុប ដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែល នៅក្នុងខែមករា ឆ្នាំ ២០២៤ ត្រូវបានលុបចោល បន្ទាប់ពីមានបញ្ហាសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល ទល់និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នគ្រប់គ្រងកីឡាហែលទឹកទ្វីបអឺរ៉ុប នាថ្ងៃទី២ ខែវិច្ឆិកា។



ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់លើទឹក ពានរង្វាន់ទ្វីបអឺរ៉ុប ត្រូវធ្វើឡើងនៅក្នុងទីក្រុង Netanya ប្រទេសអ៊ីស្រាអែល ភាគខាងជើងនៃទីក្រុង Tel Aviv ត្រូវបានសម្រេចចិត្តលុបចោលទាំងស្រុង បន្ទាប់ពីមានកិច្ចប្រជុំមួយបានកើតឡើងរវាងស្ថាប័នគ្រប់គ្រងកីឡាហែលទឹកអឺរ៉ុប (EA) ជាមួយនឹងសមាគមកីឡាបាល់លើទឹករបស់អ៊ីស្រាអែល។
 
«ស្ថាប័នទាំងពីរបានព្រមព្រៀងគ្នាថា និងមិនអាចទៅរួចទេក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់លើទឹកពានរង្វាន់ទ្វីបអឺរ៉ុប ដែលត្រូវធ្វើឡើងនៅក្នុងទីក្រុង Netanya ប្រទេសអ៊ីស្រាអែល ដូចដែលបានគ្រោងទុកនៅក្នុងខែមករា ឆ្នាំ ២០២៤។»។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថាប័ន EA។
 
ស្ថាប័នកីឡាហែលទឹកអឺរ៉ុប បានអះអាងក្រោយការប្រកាសថាពួកគេកំពុងតែសម្លឹងរកមើលជម្រើសសម្រាប់ក្រុមដែលអាចជាប់សម្រាប់ការប្រកួតពានរង្វាន់កីឡាបាល់ទឹកលំដាប់ថ្នាក់ពិភពលោកតែម្តង សម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅក្នុងប្រទេសកាតា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។
 
គួររំលឹកថា សង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែតុលា កំពុងតែបន្តយ៉ាងក្តៅកគុកមកដល់ពេលនេះ។ ការប្រកួតកីឡាដូចជាបាល់ទាត់វគ្គជម្រុះពានរង្វាន់ Euro 2024 និងការប្រកួតផ្សេងៗទៀតរបស់ UEFA ក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្រេចលើទៅធ្វើនៅក្នុងប្រទេសទី៣ ទាំងអស់ ដើម្បីជាការការពារសុវត្ថិភាពដល់ក្រុមកីឡាករ និងអ្នកគាំទ្រ៕

Tag:
 អុីស្រាអែល
  Water Polo
© រក្សាសិទ្ធិដោយ thmeythmey.com