ជាតិ
ស្ពានបណ្ដែតទឹកនឹងរក្សាទុកដដែល ដើម្បីកាត់បន្ថយភាពសឹកនៃស្ពានហាល
04, Nov 2023 , 8:19 am        
រូបភាព
ស្ពានបណ្ដែតទឹកដែលកសាងឡើងជំនួសការធ្វើដំណើររបស់ទេសចរនៅកំឡុងឆ្នាំ២០១៧ ពេលដែលស្ពានហាលរៀបចំបិទដើម្បីជួសជុល។
ស្ពានបណ្ដែតទឹកដែលកសាងឡើងជំនួសការធ្វើដំណើររបស់ទេសចរនៅកំឡុងឆ្នាំ២០១៧ ពេលដែលស្ពានហាលរៀបចំបិទដើម្បីជួសជុល។
សៀមរាប៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៤ វិច្ឆិកា ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទោះស្ពានហាលដាក់ឱ្យប្រើប្រាស់ឡើងវិញក្ដី តែអាជ្ញាធរជាតិអប្សរា នឹងរក្សាស្ពានបណ្ដែតទឹកដដែល ដោយដាក់ជាផ្លូវឯកទេសសម្រាប់អ្នកទេសចរ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា ដើម្បីសុវត្ថិភាព និងបង្កាហានិភ័យ​ដល់ទេសចរ អាជ្ញាធរបានរៀបចំរបាខ្សែនៅតាមគែមស្ពានទាំងសងខាង។ ជាមួយនឹងការប្រមើលឃើញថា ទេសចរនឹងកើនឡើងច្រើនលាននាក់ក្នុងមួយឆ្នាំ និងការបារម្ភចំពោះភាពសឹករិករិលឆាប់រហ័ស អាជ្ញាធរជាតិអប្សរា នឹងបន្តដាក់ស្ពានបណ្ដែតទឹកឱ្យនៅប្រើប្រាស់ធម្មតា។ 
 
លោក ឡុង កុសល បញ្ជាក់ថា៖«យើងបារម្ភទៅអនាគតនៃការសឹករិករិលនៃថ្ម ចំនួនភ្ញៀវកាន់តែច្រើន ភាពសំណឹកក៏ពិតជាមាន ដូច្នេះដើម្បីកាត់បន្ថយភាពសំណឹកនោះ គឺយើងរក្សាស្ពានអណ្ដែតនៅដដែល ដោយដាក់នៅទិសធ្វើដំណើរផ្សេងគ្នា។ ស្ពានហាលនឹងអនុញ្ញាតឱ្យទេសចរដើរចូលទៅប្រាសាទ ចំណែកស្ពានអណ្ដែតទឹកនឹងដាក់ក្នុងទិសដើរចេញមកវិញ»។
 
ស្ពានហាលដែលនឹងដាក់សម្ពោធ និងអនុញ្ញាតឱ្យឆ្លងកាត់ធម្មតាវិញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ស្ពានហាលខាងលិចប្រាសាទអង្គរវត្តមានប្រវែងសរុប១៩២ម៉ែត្រ។ សាលាវិទ្យាល័យសូហ្វីយ៉ារបស់ជប៉ុន បានចាប់ផ្តើមគម្រោងជួសជុលប៉ែកខាងជើងក្នុងដំណាក់កាលទី១ពីឆ្នាំ១៩៩៦ ដែលមានប្រវែងសរុប ៩៣ម៉ែត្រ និងបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០០៧ គឺប្រើពេលអស់១២ឆ្នាំ។ ដំណាក់កាលទី២ ចាប់ផ្តើមនៅឆ្នាំ២០១៦ មានប្រវែងសរុប៩៩ម៉ែត្រ និងបានបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។ 
 
ដោយសារជាសំណង់ក្នុងទឹក ដូច្នេះការជួសជុលមានភាពលំបាកបន្ដិច។ តាមអ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា មុនជួសជុលគេត្រូវលើកទំនប់បាំងទឹកសិន ដើម្បីងាយស្រួលរើថ្ម និងតម្រៀបវិញ។ លោក ឡុង កុសល ការជួសជុលត្រូវពុះពារជាច្រើន ពិសេសបញ្ចៀសទឹកមិនឱ្យជ្រាបប៉ះកន្លែងជួសជុល ទេ។ ហើយការជួសជុលទៀតសោតត្រូវឆ្លងកាត់មតិយោបល់អ្នកជំនាញការនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរច្រើនលើកច្រើនសារ ទើបធ្វើឱ្យការដ្ឋាននេះមានរយៈពេលយូរ។ 
 
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ធ្លាប់ទទួលបានការជួសជុលដំបូងនៅសម័យបារាំង។ សាលាបារាំងចុងបូព៌ា បានជួសជុលស្ពាននេះនៅប៉ែកខាងត្បូងចាប់ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ១៩៦៦។ ដោយសារសង្រ្គាមស៊ីវិល គម្រោងអភិរក្សនេះបានផ្អាកទាំងស្រុងរហូតដល់ឆ្នាំ១៩៩៦ ទើបជប៉ុនចូលមក ជួសជុលនៅប៉ែកខាងជើងបន្ត ហើយបច្ចុប្បន្នស្ពាននេះត្រូវបានជួសជុលរួចជាស្ថាពរទាំងស្រុង។ នេះជាការបញ្ជាក់របស់លោក ឡុង កុសល។ 
 
នេះជាសមិទ្ធផលដ៏ធំធេង និងមានតម្លៃអស្ចារ្យ ដែលអាជ្ញាធរជាតិអប្សរាចាត់ទុកថា បានកើតចេញពី មនុស្សនាសម័យនេះ។ មនុស្សសម័យនេះ​បានជួសជុល និងបានឆ្លងស្ពានហាលដែលកសាងឡើង ដោយបុព្វបុរសនៅសតវត្សទី១១។ លោក កុសល លើកឡើងដោយក្ដីមោទកដូច្នេះថា៖«​អ្វីដែលខ្ញុំយល់ថាកាន់តែពិសេសក្នុងការទស្សនាប្រាសាទអង្គរវត្តនេះ គឺថាមនុស្សក្នុងសតវត្សទី២១ មានឱកាសធ្វើដំណើរចូលទៅប្រាសាទអង្គរវត្តដែលបានរៀបចំក្នុងសតវត្សទី១១។ មនុស្សសតវត្សទី២១ ដើរនៅលើផ្លូវនៅកន្លែងដែលរៀបចំដោយមនុស្សនៅសតវត្សទី១១។ នេះហើយជាភាពអស្ចារ្យ ដែលខ្ញុំយល់ថា ជាចំណុចទាក់ទាញយ៉ាងខ្លាំងដែលមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពធ្វើដូច្នេះទេ»៕
 
 
 
 

Tag:
 ស្ពានហាលអង្គរវត្ត
  ស្ពានបណ្ដែតទឹក
© រក្សាសិទ្ធិដោយ thmeythmey.com