អន្តរជាតិ
ប្រមុខយោធាមីយ៉ាន់ម៉ា ប្តេជ្ញាដណ្តើមយកទឹកដីដែលធ្លាក់ក្នុងដៃក្រុមជនជាតិភាគតិចមកវិញ
03, Nov 2023 , 5:59 pm        
រូបភាព
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព AFP
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព AFP
មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានប្តេជ្ញាដណ្តើមយកក្រុង និងតំបន់ស្ថិតនៅភាគខាងជើងយកមកវិញ ក្រោយធ្លាក់ទៅក្នុងដៃរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលធ្វើប្រតិបត្តិការរួមគ្នាប្រឆាំងរបបយោធា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ Global New Light of Myanmar  នៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបាត់បង់តំបន់ទាំងនោះ ធ្វើឱ្យយោធាមីយ៉ាន់ម៉ាពិបាក ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន។

 
ការប្រយុទ្ធគ្នារវាងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ាក្នុងរដ្ឋ Shan ដែលស្ថិតនៅតំបន់ភាគខាងជើងជាប់ព្រំដែនជាមួយចិន បានកើតឡើងជាច្រើនថ្ងៃមកហើយ។ សម្ព័ន្ធភាពកម្លាំងប្រដាប់អាវុធជនជាតិភាគតិចដូចជា ក្រុម The Myanmar National Democratic Alliance Army (MNDAA), ក្រុម Ta'ang National Liberation Army (TNLA) និងក្រុម the Arakan Army (AA) នៅថ្ងៃទី២ ខែវិច្ឆិកា បានអះអាងថា ពួកគេបានគ្រប់គ្រងប៉ុស្តិ៍យោធាជាច្រើនកន្លែង, ក្រុងចំនួន៤ និងច្រកពាណិជ្ជកម្មឆ្ពោះទៅកាន់ចិន។
 
បន្ទាប់ពីបាត់បង់តំបន់ឈរជើងសំខាន់ៗទាំងនោះ នាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសដណ្តើមយកទីតាំងទាំងនោះមកវិញ រួមទាំងប្រកាសសងសឹក។
 
«រដ្ឋាភិបាល នឹងចាប់ផ្តើមការវាយបកប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិច»។ លោក មីន អ៊ុងឡាំង បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដោយបន្តថា ក្រុម MNDAA និងក្រុម TNLA បានវាយប្រហារលើជំរំសន្តិសុខក្នុងតំបន់ និងការិយាល័យក្នុងតំបន់ Kokang ក្នុងរដ្ឋ Shan ដែលមានព្រំដែនជាប់ជាមួយចិន។ 
 
ស្របគ្នានេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានចោទក្រុមប្រដាប់អាវុធជនជាតិភាគតិច Kachin Independence Army ដែលស្ថិតនៅក្នុងរដ្ឋ Kachin បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងមូលដ្ឋានយោធាផង។ ប្រមុខយោធាមីយ៉ាន់ម៉ារូបនេះ បានប្តេជ្ញាសងសឹកក្រុមប្រដាប់អាវុធទាំងនោះវិញ។ 
 
នៅក្នុងថ្ងៃទី១ ខែវិច្ឆិកា អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បានអះអាងថា យោធាបានបាត់បង់ការគ្រប់គ្រងលើក្រុង Chinshwehaw ក្នុងរដ្ឋ Shan ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ជាមួយខេត្តយូណានរបស់ចិន។ 
 
មីយ៉ាន់ម៉ាដែលមានក្រុមជនជាតិភាគតិចជាច្រើន ប្រឈមមុខការប៉ះទង្គិចខ្លាំងរវាងក្រុមប្រដាប់អាវុធដែលទាមទារស្វ័យភាព និង យោធាមីយ៉ាន់ម៉ា ជាច្រើនទសវត្សរ៍មកហើយ។ បន្ថែមពីនេះ ក្រុមប្រដាប់អាវុធជនជាតិភាគតិចខ្លះ បានបង្វឹក និងបំពាក់អាវុធសម្រាប់កម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលស្រមោលថែមទៀត ចាប់តាំងពីមានរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០២១ មក។ 
 
ដោយសារតែមានការប៉ះទង្គិចក្បែរតំបន់ព្រំដែនរបស់ខ្លួនដែរនោះ រដ្ឋាភិបាលក្រុងប៉េកាំង បានអំពាវនាវឱ្យមានបទឈប់បាញ់ទាំងអស់នៅក្នុងរដ្ឋ Shan ដែលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនលានដុល្លាររក្រោមគនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com