ជាតិ
ព្រះមហាក្សត្រគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវ
04, Nov 2023 , 2:06 pm        
រូបភាព
ព្រះមហាក្សត្រយាងកាត់ខ្សែបូរដាក់សម្ពោធស្ពានហាលខាងលិចប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាពហ្វេសប៊ុក សម្ដេច ហ៊ុន សែន
ព្រះមហាក្សត្រយាងកាត់ខ្សែបូរដាក់សម្ពោធស្ពានហាលខាងលិចប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាពហ្វេសប៊ុក សម្ដេច ហ៊ុន សែន
សៀមរាប៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានដាក់សម្ពោធជាផ្លូវការ និងបើកឱ្យឆ្លងកាត់ហើយ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ក្រោមវត្តមានរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ នាឱកាសនោះ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គាំទ្រឱ្យមានការអភិវឌ្ឍបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជាបន្ថែមទៀត។

«ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្ដរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី…»។ នេះជាព្រះរាជសន្ទរកថារបស់ព្រះមហាក្សត្រនាពិធីសម្ពោធស្ពានហាលខាងលិចប្រាសាទ អង្គរវត្ត។ 
 
ជាមួយគ្នានេះព្រះករុណាក៏បានកោតសរសើរ និងអរគុណដល់សាកលវិទ្យាល័យសូហ្វីយ៉ា​ ក៏ដូចជាប្រទេសជប៉ុន ដែលប្រឹងប្រែង និងមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ដោយបានធ្វើការស្រាវជ្រាវ និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តឱ្យមានភាពរឹងមាំឡើងវិញ។ សម្រាប់ព្រះមហាក្សត្រ ការរៀបចំព្រះរាជពិធីសម្ពោធនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលមានតម្លៃជាសកល។ 
 
បន្ថែមពីនេះព្រះករុណាបានហៅកិច្ចការទាំងនេះថាជាភាពជោគជ័យជាប្រវត្តិសាស្រ្តថ្មីមួយទៀតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះមានរយៈពេល៧០ឆ្នាំហើយ។ 
 
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្លែងថា កិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ មិនអាចប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កាទេ ប្រសិនគ្មានការចូលរួមពី​ស្ថាប័នជាតិ និងអន្ដរជាតិ ជាពិសេសរដ្ឋាភិបាលជប៉ុន ក៏ដូចជាស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជនជប៉ុន។ «ក្នុងការជួសជុលស្ពានហាលខាងលិចនេះ ថ្មភក់ និងថ្មបាយក្រៀមជាច្រើនពាន់ដុំ ត្រូវបានរើនិងរៀបចំឡើងវិញ ដោយចំណាយថវិកាច្រើនរយលានយ៉េន និងជួយបណ្ដុះបណ្ដាលផ្នែក​អភិរក្ស​ជូនអ្នកជំនាញកម្ពុជាលើសពី៣០នាក់ ក្នុងគោលដៅដើម្បីឱ្យជនជាតិខ្មែរអាចរៀបចំ​ជួសជុលប្រាសាទ និងស្រាវជ្រាវដោយខ្លួនឯង»។ នេះបើតាមការបញ្ជាក់ពីលោកស្រី ភឿង សកុណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។
 
គួរបញ្ជាក់ថា ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត (ប៉ែកខាងជើង) ប្រើរយៈពេលសរុប១៩ឆ្នាំ មានរយៈពេល២ដំណាក់កាល។ ដំណាក់កាលទី១ ជួសជុលប្រវែង៩៣ម៉ែត្រ មានរយៈពេល១២ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩៦ ដល់២០០៧ ដំណាក់កាលទី២ ប្រវែង៩៩ម៉ែត្រ​ ប្រើពេល៧ឆ្នាំ គឺពីឆ្នាំ២០១៦ ដល់២០២៣។ ពីរដំណាក់កាលមានប្រវែងសរុប ១៩២ម៉ែត្រ៕
 
 
 
 

Tag:
 ស្ពានហាលអង្គរវត្ត
  ការអភិរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com