ជាតិ
ឥណ្ឌាជួយជួសជុលអភិរក្សគំនូរបុរាណនៅវត្តរាជបូណ៌ ខេត្តសៀមរាប
× សៀមរាប៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតបានឧបត្ថម្ភលើការងារជួយជួសជុលអភិរក្សគំនូរបុរាណ ស្ថិតនៅវត្តរាជបូណ៌ ក្រុងសៀមរាប។
ពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុល ធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌាលោកស្រី ដេវីយ៉ានី ខូប្រាកេឌី។
នាពិធីនោះលោកស្រី ភឿង សកុណា ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រីបន្តថា នេះជាការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការការពារគំនូរដ៏មានអត្ថន័យ និងមានតម្លៃឱ្យរឹងមាំឡើងវិញ។
ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា ដេវីយ៉ានី ខូប្រាកេឌី (Devyani KhoBragade) បានឱ្យដឹងថា ការគាំទ្រលើគម្រោងអភិរក្ស និងជួសជុលគំនូរបុរាណក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ការគោរព និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ។
តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨នៃគ្រីស្ដសករាជ។ គំនូរបុរាណក្នុងព្រះវិហារវត្តនេះមានចំនួន ប្រមាណ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយដែលទាមទារឱ្យមានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់៕
Tag:
គំនូរបុរាណ
វត្តរាជបូណ៌
© រក្សាសិទ្ធិដោយ thmeythmey.com