ជាតិ
សាកលវិទ្យាល័យសូហ្វីយ៉ាបន្តជួយថែទាំស្អានហាល និងបណ្ដុះបណ្ដាលធនធានអភិរក្សប្រាសាទ
05, Nov 2023 , 2:39 pm        
រូបភាព
 
សៀមរាប៖ អនុស្សរណៈយោគយល់គ្នាចំនួន២ត្រូវបានធ្វើឡើងរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ អនុស្សរណៈទី១ផ្តោតលើការជួយថែទាំ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយស្ថាប័ននេះបានជួយជួសជុលនៅប៉ែកខាងជើងប្រវែងសរុប ១៩២ម៉ែត្រ និងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា។ អនុស្សរណៈយោគយល់ទី២ គឺគម្រោងបណ្ដុះបណ្ដាល និងការស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ។

 
ថ្លែងនាឱកាសនោះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានអរគុណចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានលោក យ៉ូស៊ីអាគី អីស៊ីសាវ៉ា​ ប្រធានមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ាដើម្បីការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្ស ដែលបានជួយការងារបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា និងអភិរក្សប្រាសាទក្នុងតំបន់​រមណីយដ្ឋានអង្គរ​អស់ជាង ៣០ឆ្នាំមកនេះ។ 
 


តាមការលើកឡើងរបស់លោកស្រីរដ្ឋមន្រ្តី និស្សិតខ្មែរជិត២០នាក់ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងគម្រោងកិច្ចសហការកន្លងមក ហើយពេលនេះពួកគេបានវិលត្រឡប់មក និងកំពុងកាន់ការងារ​ផ្នែកអភិរក្សប្រាសាទនៅប្រទេសកំណើត៕
 
 
 
 
 
 
 
 
 

Tag:
 សូហ្វីយ៉ា
  វប្បធម៌
  អភិរក្សប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com