ជាតិ
ព្រឹទ្ធាចារ្យ គង់ ណៃ កាន់​តែ​មាន​សុខភាព​ខ្សោយ​ ហើយ​មាន​ស្មារតី​វង្វេង​
05, Nov 2023 , 3:29 pm        
រូបភាព
រូប​ផ្ដល់​ឱ្យ​ដោយ​លោក គង់ សម័យ​ កូន​ប្រុស​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ
រូប​ផ្ដល់​ឱ្យ​ដោយ​លោក គង់ សម័យ​ កូន​ប្រុស​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ
ភ្នំពេញ​​៖ ខណៈ​ពេល​នេះ ព្រឹទ្ធាចារ្យ​ គង់ ណៃ មាន​សុខ​ភាព​ល្អ​ប្រសើរ​ជាង​មុខ​បន្តិច ក្រោយ​ពីលោក​​មាន​អាការ​ព្រឺរងា និង​រឹង​ថ្គាម​ កាល​ពី​ម៉ោង​ជាង​២​យប់​។ ទោះ​ជា​យ៉ាង​ណា សុខភាព​របស់​លោក​ នៅ​តែ​ខ្សោយ​ ហើយ​ស្មារតី​ ក៏​វង្វេង​ផង​។

លោក គង់​ សម័យ ត្រូវ​ជា​កូម​ប្រុស​របស់​ព្រឹទ្ធាចារ្យ​ គង់​ ណៃ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ឪពុក​របស់​លោក បាន​ធូរ​ស្រាយ​​បន្តិច​ នៅ​ពេល​ព្រឹក​ ក្រោយ​ពី​បាន​ព្យួរ​សេរ៉ូម​នៅ​ផ្ទះ​។ យ៉ាង​ណា​ក៏​ដោយ​ លោកថា​គ្រួសារ​ ក៏​ចង់​បញ្ជូន​ព្រឹទ្ធាចារ្យ​ទៅ​ពេទ្យ​ដែរ ប៉ុន្តែ​ដោយ​សារ​​ខ្វះ​ខាត​ថវិកា ទើប​បាន​ជា​សម្រេច​ចិត្ត​ ព្យាបាល​ព្រឹទ្ធារ្យ​នៅ​ផ្ទះ​។
 
«ពេល​នេះ​គាត់​បានធូរជាង​មុនបន្តិច។ យប់​មិញ​ម៉ោង​​ជាង២ គាត់​​ចាប់​ព្រឺរងារ និង​រឹង​ថ្គាម ប៉ុន្តែ​ព្រឹក​ឡើង​បាន​រាង​ធូរ យើង​ក៏​ដាក់ស៊ឺរ៉ូមឱ្យ​គាត់​​នៅ​ផ្ទះ។ ពួក​យើង​ចង់​យកគាត់​​ទៅ​ពេទ្យ​ដែរ ប៉ុន្តែយើង​​ខ្វះ​ថវិកា ស្រប​ពេល​គាត់​បាន​ធូរ​ផង​ ក៏​នៅ​ព្យាបាល​នៅ​ផ្ទះ ​ព្រោះ​អស់​ថ្លៃ​ចំណាយ​តិច​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក គង់​ សម័យ​។
 
លោក សម័យ​ បន្ថែម​ថា ស្មារតី​របស់​ឪពុក​​​លោក​ ចាប់​ផ្ដើម​វង្វេង​​តាំង​​ពី​ប្រមាណ​១​ឆ្នាំ​មុន៖«គាត់​វង្វេងប្រហែល១ឆ្នាំហើយ​។ កូនៗ​ទាំង​អស់​ គាត់​​អត់​សូវ​ចាំទេ ទាល់​តែ​រំលឹក​ច្រើន​ ទើប​គាត់​ចាំ​ខ្លះ​។ ពេល​ខ្លះ​គាត់​អត់​ចាំ​តែ​ម្ដង​»។ 
 
បច្ចុប្បន្នព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់​ ណៃ ​មាន​ជន្មាយុ​៧៨​ឆ្នាំ។ ​លោក​រស់​នៅ​ស្រុក​កំណើត​ ក្នុង​ភូមិ​ដូង ឃុំ​ស្វាយ​ទងខាងជើង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត​។ លោក​មាន​កូន​​១០​នាក់​ស្រី៤ ហើយ​ក្នុង​ចំណោម​កូន​ទាំង​អស់​ មាន​តែ​កូន​ប្រុស​ម្នាក់​ប៉ុណ្ណោះ ដែល​បន្ត​កេរ​ចាប៉ី​ពី​លោក​។
 
កាល​ពី​ឆ្នាំ​២០១៧ ព្រឹទ្ធាចារ្យ​ បាន​ទទួ​ល​ពាន​រង្វាន់​មួយ​ ពី​ប្រទេស​ជប៉ុន​ ដែល​មាន​ឈ្មោះ​ថា”​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ហ្វុគុអូកា Fukuoka Prize)”។
 
សូម​រំលឹក​ថា ព្រឹទ្ធាចារ្យ​ គង់​ ណៃ ធ្លាប់​បាន​ធ្លាក់​ខ្លួន​ឈឺ តាំង​ពី​ឆ្នាំ​២០១៩​មក​ម្ល៉េះ​ ដោយ​កាល​នោះ​​លោក​មាន​អាការ​មិន​ឃ្លាន​អាហារ ពិបាល​បន្ទោបង់​ ក្អក​ធ្លាក់​ឈាម។ គ្រូពេទ្យ​ថា​ នោះ​បណ្ដាល​មកពី​ជំងឺ​​សួត ឈាម​ស និង​ជំងឺ​របេង​។ ទោះជា​យ៉ាង​ណា លោក​ព្រឹទ្ធាចារ្យ​ បាន​ធូរ​ស្បើយ​ឡើយ​វិញ ក្រោយ​ពី​ទទួល​បាន​ការ​ព្យាបាល​ទៀត​ទាត់​។ 
 
ព្រោះ​តែ​ក្រុម​គ្រួសារ​របស់​ព្រឹទ្ធាចារ្យ គង់​ ណៃ មាន​ការ​ខ្វះ​ខាត​ថវិកា​ព្យាបាល​ជំងឺ​ សហគមន៍​ចាប៉ី​អមតៈ​ ក៏​បាន​កៀរគរ​ថវិកា​ពី​សម្បុរស​ជន ដើម្បី​យក​ទៅ​ជួយ​សម្រួល​ ការ​ព្យាបាល​របស់​ព្រឹទ្ធាចារ្យ​ផង​ដែរ​។ ហើយ​សហគមន៍​ចាប៉ី​ដង​វែង​ ក៏​បាន​អំពាវ​នាវ​ដល់​សប្បុរស​ជន​ទាំង​អស់ មេត្តា​ជួយ​តាម​សទ្ធា​ ដើម្បី​ជួយ​ព្យាបាល​ព្រឹទ្ធាចារ្យ​ផង​ដែរ​​៕
 

Tag:
 ព្រឹទ្ធាចារ្យ
  ចាប៉ី​ដង​វែង​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com