ជាតិ
បាក់ឌុប៖ សៀមរាបមានមណ្ឌលប្រឡង១៦ មានបេក្ខជន១០៨១៩នាក់
05, Nov 2023 , 4:59 pm        
រូបភាព
បេក្ខជនចូលប្រឡងបាក់ឌុបនៅវិទ្យាល័យ១០ មករា ១៩៧៩ នាឆ្នាំ២០១៩៕
បេក្ខជនចូលប្រឡងបាក់ឌុបនៅវិទ្យាល័យ១០ មករា ១៩៧៩ នាឆ្នាំ២០១៩៕
សៀមរាប៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ នៅថ្ងៃទី៦ និងទី៧ វិច្ឆិកានេះ។ ឆ្នាំនេះខេត្តសៀមរាបមានមណ្ឌលប្រឡងសរុប១៦ និងមានបេក្ខជនចំនួន ១០៨១៩នាក់ ក្នុងនោះស្រី៦២៥១នាក់។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបលោក លី វណ្ណៈ បានឱ្យដឹងថា ក្នុងចំណោមមណ្ឌលទាំង១៦ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមាន៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមាន១១មណ្ឌល។ សម្រាប់ថ្នាក់វិទ្យាសាស្រ្តមាន ១២៩បន្ទប់ មានបេក្ខជន ៣១៧១នាក់ ស្រី១៩៨៧នាក់ រីឯថ្នាក់វិទ្យាសាស្រ្តសង្គម មាន៣០៧បន្ទប់ មានបេក្ខជនសរុប ៧៦៤៨នាក់ ស្រី៤២៦៤នាក់។ 
 
តាមអ្នកនាំពាក្យដដែលក្នុងការប្រឡងឆ្នាំនេះមានយុវជនសសយក ចូលរួមសម្របសម្រួលសរុប ៣០០នាក់ ក្នុងនោះសម្របសម្រួលខាងក្នុងបរិវេណមណ្ឌល សម្រួលចរាចរណ៍ និងរៀបចំកន្លែងផ្ញើកង់ ម៉ូតូដល់បេក្ខជន។ល។
 
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តតាមរយៈសេចក្ដីជូនដំណឹងថ្ងៃទី៣ ខែវិច្ឆិកា បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ជាពិសេសសម្រាប់កន្លែងស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន ត្រូវបង្កលក្ខណៈងាយស្រួល ដល់អនុរក្ស សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស កុំដំឡើងថ្លៃសេវាកម្ម កំឡុងពេលប្រឡងនេះ៕
 
 

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com