ជាតិ
គម្រោងអភិវឌ្ឍន៍ជំនាញផ្លាស់ប្ដូរជោគវាសនាយុវជនដែលខ្វះខាត
06, Nov 2023 , 9:09 am        
រូបភាព
យុវជន អន អ៉ីន បញ្ចប់វគ្គសិក្សាជំនាញការិយាល័យជួរមុខនៃគម្រោងជំនាញបដិសណ្ឋារកិច្ចដែលរៀបចំឡើងដោយសមាគម STC។
យុវជន អន អ៉ីន បញ្ចប់វគ្គសិក្សាជំនាញការិយាល័យជួរមុខនៃគម្រោងជំនាញបដិសណ្ឋារកិច្ចដែលរៀបចំឡើងដោយសមាគម STC។
សៀមរាប៖ យុវជន យុវតីដែលខ្វះខាត ទីទាល់ក្រ និងមិនមានឱកាសសរុបជិត៣០០នាក់ បានបញ្ចប់ការសិក្សាលើគម្រោងអភិវឌ្ឍន៍ជំនាញដោយជោគជ័យ និងកំពុងតោងចាប់ការងារ ក្នុងវិស័យទេសចរណ៍។

យុវជន អន អ៊ីន វ័យ២៤ឆ្នាំ បានបញ្ចប់ការសិក្សាក្នុងគម្រោងបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច លើផ្នែកការិយាល័យជួរមុខ។ យុវជនរូបនេះចំណាយពេល២ខែសម្រាប់ការសិក្សាទ្រឹស្ដី និង៤ខែសម្រាប់ កម្មសិក្សា។ ពលរដ្ឋសង្កាត់សៀមរាប ក្រុងសៀមរាបរូបនេះបានបង្ហាញអារម្មណ៍រីករាយជាពន់ពេក ដែលបានចូលរៀនក្នុងគម្រោងមួយនេះ ដែលជាផ្នែកសំខាន់ក្នុងការផ្លាស់ប្ដូរជោគវាសនាខ្លួន។ ពីក្មេងឃ្វាលគោ និងជួយគ្រួសារធ្វើស្រែចម្ការ អន អ៊ីន ទទួលបានការលើកទឹកចិត្តពីគ្រួសារ ដើម្បីចូលរួម ជំនាញផ្នែកបដិសណ្ឋារកិច្ចនេះ។ យុវជនរូបនេះឈប់រៀននៅថ្នាក់ទី១២ ក្នុងឆ្នាំ២០១៨។ 
 


ក្រោយចូលរៀនក្នុងគម្រោងបណ្ដុះបណ្ដាលពីសមាគមក្លឹបទេសចរណ៍សៀមរាប (STC) អន អ៊ីន មើលឃើញពីឱកាសការងារ និងមានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង ហើយគេសង្ឃឹមថា នឹងប្រើជំនាញនេះដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៅអនាគត។ យុវជនរូបនេះបន្តថា៖« ខ្ញុំគិតថាគម្រោងនេះល្អ ព្រោះចេះជំនាញមួយ ពេលខាងមុនខ្ញុំនឹងអភិវឌ្ឍន៍ខ្លួនកាន់តែល្អ និងមានការងារដ៏ល្អមួយ»។ 
 
បច្ចុប្បន្ន អន អ៊ីន ត្រូវបានសណ្ឋាគារលំដាប់ផ្កាយមួយក្នុងក្រុងសៀមរាប​ជ្រើសរើសជាបុគ្គលិកពេញសិទ្ធិ បន្ទាប់ពីបានចុះកម្មសិក្សារយៈពេល៤ខែ។ 
 


ចំណែកយុវជន មឿត ម៉ាប់ ក៏រីករាយក្រោយបញ្ចប់វគ្គសិក្សាខ្លីនេះដែរ។ ដ្បិតរយៈពេលខ្លី តែជំនាញបដិសណ្ឋារកិច្ច ជួយឱ្យយុវជនវ័យ១៨ឆ្នាំរូបនេះ មានជំនាញមួយជាក់លាក់ ដែលអាចស្វែងរកការងារធ្វើបានក្នុងវិស័យសណ្ឋាគារ។ ជាអ្នកស្រុកពួក ខេត្តសៀមរាប មឿត ម៉ាប់ ចាប់ផ្តើមមើលឃើញអនាគតខ្លួនឯងឡើងវិញ បន្ទាប់ពីបោះបង់ការសិក្សានៅថ្នាក់ទី៩។ 
 
យុវជនរូបនេះបានឱ្យដឹងថា៖« មានអារម្មណ៍ថាសប្បាយចិត្ត វាខុសប្លែកពីមុនឆ្ងាយ ពីមុនយើងនៅផ្ទះអត់មានអីធ្វើ ពេលបានធ្វើការមានអារម្មណ៍ថាយើងអាចជួយគ្រួសារយើងបានច្រើន»។



ជាកូនទី២ក្នុងចំណោមបងប្អូន៥នាក់ មឿត ម៉ាប់ កំពុងធ្វើការផ្នែកគេហកិច្ចនៅសណ្ឋាគារម៉េម័រផាលេស និងមានប្រាក់ខែសមរម្យ។ គេរំពឹងថា STC មានបើកវគ្គបណ្ដុះបណ្ដាលនេះបន្ថែមទៀត និងលើកទឹកចិត្តឱ្យយុវជនដែលងាយរងគ្រោះ មិនមានឱកាសការងារ ចូលរៀនឱ្យបានច្រើន។ យុវជនរូបនេះក៏លើកទឹកចិត្តយុវជនដែលមិនមានឱកាស គ្រួសារទីទាល់ក្រជាដើម មិនត្រូវអស់សង្ឃឹមទេ គឺអាចចូលរៀនវគ្គជំនាញវិជ្ជាជីវៈខ្លី ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ។
 


សមាគមក្លឹបទេសចរណ៍សៀមរាប STC បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច មានផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រយៈពេល៦ខែ ដោយចាប់ផ្តើមពីខែ ឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ គម្រោងនេះបានចុះជ្រើសរើស យុវជនតាមស្រុកគោលដៅក្នុងខេត្តសៀមរាប ពិសេសសិស្សបោះបង់ការសិក្សា ខ្វះខាត​និងមិនមានលទ្ធភាពរៀនបន្ត។ 
 
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនាថ្ងៃទី៣១ តុលា លោក សែត កៅ ប្រធានសមាគម STC បានបញ្ជាក់ថា សិស្សដែលចូលរួមរៀនវគ្គនេះសរុប៣០០នាក់ ក្នុងនោះសិស្សដែលនៅសល់ពីការបោះបង់​ការសិក្សាសរុប ២៤៩នាក់។ ជាមួយគ្នានោះសិស្ស២១២នាក់ ស្មើនឹងជាង៨៥ភាគរយមានការងារធ្វើ ក្នុងនោះសិស្សស្រី ១១៧នាក់ ស្មើនឹងជាង៥៥ភាគរយ។ 
 


ក្រៅពីផ្តល់ជំនាញផ្នែកបដិសណ្ឋារកិច្ចហើយ យុវជនជាសិក្ខាកាមក៏ទទួលបានការបណ្ដុះបណ្ដាលផ្នែក ភាសាអង់គ្លេសផងដែរ ដើម្បីងាយស្រួលធ្វើការ និងទំនាក់ទំនងជាមួយភ្ញៀវបរទេស។ 
 
លោក សែត កៅ លើកឡើងដូច្នេះថា៖« កម្មវិធីបណ្ដុះបណ្ដាលនេះផ្ដល់ជាផ្លែផ្កាយ៉ាងពិតប្រាកដ ការទទួលបានការងារដែលអាចជួយសម្រួលដល់ជីវភាពខ្លួនគេ និងមួយចំណែកសម្រាលបន្ទុកចំណាយ ដល់គ្រួសាររបស់ពួកគេក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាកស្រុកដោយខុសច្បាប់ និងផ្តោតលើការសិក្សាពេញមួយជីវិត ដែលជាយុទ្ធសាស្រ្តរបស់សមាគម និងស្វះស្វែងក្នុងការបន្តបំពាក់ បំប៉នបន្តទៀតលើគម្រោងអភិវឌ្ឍន៍សមត្ថភាព និងស្ដារលទ្ធភាពជំនាញ ក៏ដូចជាបើកឱកាសឱ្យពួកគេបន្ត ការសិក្សាដល់ថ្នាក់ឧត្តមសិក្សា…»។
 
គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់ STC ដែលទទួលហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយនេះ គម្រោងក៏ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ ដោយបានអនុញ្ញាតឱ្យសមាគមប្រើប្រាស់កម្មវិធីបណ្ដុះបណ្ដាលហូកា ( HOKA) ដែលជាយន្តការធ្វើឱ្យ ប្រសើរឡើងនូវគុណភាពសេវាកម្ម និងជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច។ 
 
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ប៉ាក់ សុខុម បានជំរុញយុវជនប្រើប្រាស់ជំនាញដែលបានរៀនរួច ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់អនាគតនាពេលខាងមុខ។ ក្រៅពីជំនាញវិជ្ជាជីវៈនេះ លោករដ្ឋលេខាធិការក៏លើកទឹកចិត្តដល់ពួកគេរៀនភាសាបរទេសបន្ថែមផងដែរ ដើម្បីងាយស្រួល​ទំនាក់ទំនង។
 
បន្ថែមពីនេះលោក ប៉ាក់ សុខុម បានកោតសរសើរចំពោះ STC ដែលរៀបចំវគ្គសិក្សានេះឡើងក្នុងន័យ បង្កើនធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបកាន់តែច្រើន ដើម្បីឆ្លងតបទៅនឹងកំណើន ទេសចរដែលនឹងមកទស្សនាកម្ពុជា ក៏ដូចជាខេត្តសៀមរាបក្នុងចំនួនច្រើននាពេលដ៏ឆាប់ខាងមុខ។  លោក ប៉ាក់ សុខុម បន្ថែមថា៖« យើងរំពឹងថាក្នុងឆ្នាំ២០២៣នេះ នឹងមានទេសចរបរទេសកើន៤លាន ឬ៤លាន៥សែននាក់មកកម្ពុជា ដូច្នេះយើងត្រូវបង្កើតធនធានជំនាញវិជ្ជាជីវៈដើម្បីបម្រើ សេវាកម្មទេសចរណ៍​ឱ្យកាន់តែច្រើន»៕
 
 
 

Tag:
 អភិវឌ្ឍន៍ជំនាញ
  បដិសណ្ឋារកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com