ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី បញ្ជាឱ្យមន្ត្រីមូលដ្ឋាន ដោះស្រាយបញ្ហានៅដែនខ្លួន កុំឱ្យពលរដ្ឋទៅតវ៉ានៅមុខផ្ទះសម្ដេច
06, Nov 2023 , 8:19 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃទី៦ វិច្ឆិកា ២០២៣។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃទី៦ វិច្ឆិកា ២០២៣។ រូបពី STPM
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឱ្យមន្ត្រីថ្នាក់ក្រោម ក្ដាប់ព័ត៌មានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យគ្រប់ជ្រុងជ្រោយ ពិសេសបញ្ហារបស់ពលរដ្ឋ ហើយត្រូវដោះស្រាយទាន់ពេលវេលា ដោយកុំរង់ចាំតែបញ្ជា ឬសួរថ្នាក់លើ រហូតដល់ពលរដ្ឋឡើងទៅធ្វើបាតុកម្មនៅខាងមុខផ្ទះសម្ដេច និងក្រសួងជាដើម។

 
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃទី៦ វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យមន្ត្រីថ្នាក់ក្រោមជាតិពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ហើយមន្ត្រីថ្នាក់ជាតិក៏ត្រូវជំរុញ និងបណ្ដុះបណ្ដាលទាំងជំនាញ និងបច្ចេកទេសផងដែរ។ ចំណុចសំខាន់ដែល សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ទៅលើថ្នាក់ក្រោមជាតិ គឺការដោះស្រាយបញ្ហា។ 
 
«ចំណុចចុងក្រោយ គឺដោះស្រាយបញ្ហា។ សូមក្ដាប់ឱ្យជាប់នូវបញ្ហា ដែលកើតមាននៅដែនសមត្ថកិច្ចរបស់ខ្លួន ហើយខិតខំព្យាយាមដោះ កុំឱ្យឡើង(ពលរដ្ឋ)ដល់តាខ្មៅ កាន់ញត្តិបាតុកម្ម លើរូបថតខ្ញុំ សម្ដេចតេជោ សម្ដេចកិត្តិ ជួនកាលមកមុខក្រសួងមហាផ្ទៃលើរូបថត។ សូមដោះស្រាយនៅមូលដ្ឋាន»។ សម្ដេច ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ហើយណែនាំឱ្យមន្ត្រីខិតខំផ្សារភ្ជាប់ជាមួយពលរដ្ឋ តាមរយៈការជូនដំណឹងពីដំណោះស្រាយបញ្ហាផ្សេងៗ។ 
 
ជាមួយគ្នាដែរ សម្ដេច ហ៊ុន ម៉ាណែត បានទទូចឱ្យមន្ត្រីថ្នាក់ក្រោម ត្រូវដាក់ចិត្តជាអ្នកទទួលខុសត្រូវ ខណៈរដ្ឋបានប្រគល់សិទ្ធិដល់ថ្នាក់ក្រោមជាតិគ្រប់គ្រង។ «ម្ចាស់ការដោះស្រាយ កុំចាំ! បើឱ្យសិទ្ធិហើយចាំទទួលឬសួរខាងលើសិន តើពេលណាខ្ញុំដោះ! យើងពិបាក»។ នាយករដ្ឋមន្ត្រីលើកឡើងបែបនេះ។
 
សម្ដេច បាន ណែនាំបន្ថែមឱ្យក្រសួង ស្ថាប័នមួយៗ ត្រូវចេញគោលការណែនាំបច្ចេកទេសឱ្យច្បាស់ ពីការងារនិងសិទ្ធិដែលមន្ត្រីថ្នាក់ក្រោម មានសិទ្ធិធ្វើការនិងដោះស្រាយ ជៀសវាងមន្ត្រីថ្នាក់ក្រោមមិនដឹង ហើយមិនហ៊ានដោះស្រាយបញ្ហាទាំងនោះភ្លាមៗ៕ 
 

Tag:
 វិមជ្ឈការ
© រក្សាសិទ្ធិដោយ thmeythmey.com