ជាតិ
សង្គមជាតិ
សមត្ថកិច្ចប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ១០៧នាក់នៅ SKY KTV ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
07, Nov 2023 , 11:39 am        
រូបភាព
ជនសង្ស័យ១០៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅ SKY KTV។ រូបពី ស្នងការដ្ឋាននគរបាលជាតិ
ជនសង្ស័យ១០៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅ SKY KTV។ រូបពី ស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ សមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចុះឆែកឆេរ ទីតាំងខារ៉ាអូខេយីហោ SKY KTV ហើយឃាត់ខ្លួនជនសង្ស័យបាន១០៧នាក់ អាចជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

 
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី៤វិច្ឆិកា។ ការចុះបង្ក្រាបនេះ សង្ស័យមានករណីលក់ឬចែកចាយ និងប្រើប្រាស់ថ្នាំញៀន នៅក្នុងខារ៉ាអូខេនោះ។ ការចុះឆែកឆេរនេះ ធ្វើឡើងតាមការស្របសម្រួល របស់ លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ។ 
 
ពាក់ព័ន្ធនឹង ជនសង្ស័យ១០៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅក្នុង SKY KTV គឺមានជនបរទេស៤២នាក់ ក្នុងនោះមានឥណ្ឌូណេស៊ី២១នាក់, វៀតណាម១៥នាក់, ចិន៣នាក់ និងថៃ៣នាក់។ ចំណែក វត្ថុតាងដែលសមត្ថកិច្ចរកឃើញ មានម្សៅម៉ត់សថ្លា ៦កូនថង់, ថ្នាំកញ្ចប់ពណ៌ក្រហម៣កញ្ចប់ , ពណ៌លឿង១០កញ្ចប់ និងពណ៌ទឹកក្រូច១កញ្ចប់។ 
 
លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមប្រព័ន្ធទូរស័ព្ទឱ្យថា សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យទាំងនោះ ហើយក៏ធ្វើតេស្តរកសារធាតុញៀនផងដែរ។ 
 
«យើងមិនទាន់ទទួលបានលទ្ធផលពីការធ្វើតេស្ត និងសួរនាំឡើយ ព្រោះជនសង្ស័យមានចំនួនច្រើន ហើយពួកគេគ្រាន់តែជាជនសង្ស័យ ក៏មិនមែនមានន័យថា ចូលក្លឹប ឬ KTV សុទ្ធតែខុសច្បាប់នោះទេ គឺយើងត្រូវរង់ចាំលទ្ធពិនិត្យច្បាស់លាស់សិន»។ លោក សិទ្ធ ឡោះ លើកឡើងបែបនេះ មុននឹងបន្ថែមថា នៅពេលទទួលបានលទ្ធពីការធ្វើតេស្តរកសាធាតុញៀន និងសួរនាំពួកគេទាំងនោះហើយ កម្លាំងសមត្ថកិច្ចនឹងបន្តនីតិវិធីច្បាប់៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com