ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា សហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) និងវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) នឹងរៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរចំណងពិសេស ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ តាមរយៈការតាំងពិព័រណ៍ សន្និសីទ និងការបញ្ចាំងភាពយន្ត។
ការតាំងពិព័រណ៍ នឹងបង្ហាញពី សម័យកាលក្រោយឆ្នាំ ១៩៥៣ ដោយឆ្លុះបញ្ចាំងឱ្យឃើញ ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-បារាំង រហូតដល់អំឡុងដើមឆ្នាំ១៩៧០។
ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ពិព័រណ៍ «១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្ដើមថ្មី» នឹងធ្វើឡើងនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ នៃឯករាជរបស់កម្ពុជា ក្រោយសម័យអាណាព្យាបាលបារាំង និងការអភិវឌ្ឍ ប្រទេសកម្ពុជា ក្នុងរយៈពេលពីរទសវត្សក្រោយមក។
ស្ថានទូតបារាំងប្រចាំកម្ពុជា ថាឯករាជ្យនៅកម្ពុជា ដែលសម្ដេចព្រះវររាជបិតាជាតិខ្មែរ ទាមទារបាន គឺមិនបានបង្ហូរឈាម សូម្បីមួយតំណក់។ ស្ថានទូតបន្ថែមថា ការទទួលបានឯករាជ្យនេះ មិនមែនជាការកាត់ផ្ដាច់ ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ។
នៅថ្ងៃទី៨ ខែវិច្ឆិកា មានការសម្ពោធពិព័រណ៍មួយទៀត នៅលើរបងស្ថានទូតបារាំង ដែលមានចំណងជើងថា «កម្ពុជា មើលពីលំហអាកាស-៧០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ»។ តាមរយៈរូបភាពថតពីលើអាកាស និងរូបភាពផ្កាយរណប ធ្វើឡើងក្នុងអំឡុងពេល ៧០ឆ្នាំចុងក្រោយនេះ ពិព័រណ៍ខាងលើនឹងបង្ហាញពីការ ប្រែប្រួលនៃសណ្ឋានដី និងការវិវឌ្ឍរបស់ប្រទេសកម្ពុជា។ វាក៏បង្ហាញផងដែរថា តើបច្ចេកទេសសង្កេតមើលផែនដី អាចឱ្យគេឆ្លើយតប កាន់តែប្រសើរទៅនឹងបញ្ហាប្រឈម នៃការអភិវឌ្ឍ ប្រកបដោយចីរភាព ដោយរបៀបណា។
ពិព័រណ៍នេះ រៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវ សម្រាប់អភិវឌ្ឍន៍ (IRD) ដោយផ្អែកលើការងារធ្វើឡើង ក្នុងភាពជាដៃគូជាមួយស្ថាប័ន សាកលវិទ្យាល័យសំខាន់ៗ របស់កម្ពុជា។
ចំពោះភាពយន្តវិញ ពីថ្ងៃទី៨-១១ ខែវិច្ឆិកា វិទ្យាស្ថានបារាំងនៅកម្ពុជា នឹងចាក់បញ្ចាំងភាពយន្ត និយាយភាសាបារាំងចំនួន៤ ពាក់ព័ន្ធនឹងឯករាជ្យ របស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀត នៃអតីតឥណ្ឌូចិនបារាំង។ ការចាក់បញ្ចាំងភាពយន្តទាំងនេះ នឹងប្រព្រឹត្តទៅ ដោយមានវត្តមានរបស់សមិទ្ធករ Philippe Fr´eling ដែលកំពុងស្នាក់នៅ ក្នុងរាជធានីភ្នំពេញ។
សន្និសីទនានា នឹងត្រូវរៀបចំឡើង នៅវិទ្យាស្ថានបារាំង ដោយមានការចូលរួម ពីសំណាក់ប្រវត្តិវិទូ Marie Aberdam ជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស (Inalco)។
នៅថ្ងៃទី៥ ខែធ្នូ សន្និសីទទី១ និងផ្ដោតលើបរិបទ តួអង្គ និងដំណាក់កាលនានា ដែលនាំឱ្យកម្ពុជា ទទួលបានមកវិញនូវស្វ័យភាព ចាប់តាំងពីការលេចឡើង នូវចលនាជាតិនិយមខ្មែរ ក្នុងឆ្នាំ១៩៣០ រហូតដល់ការទទួលបាន អធិបតេយ្យភាពពេញលេញ ក្រោយសន្និសីទក្រុងហ្សឺណែវ (ឆ្នាំ១៩៥៤) ដែលបានបញ្ឈប់សង្គ្រាមឥណ្ឌូចិនទី១។
ចំណែកសន្និសីទទី២ នៅថ្ងៃទី១២ ខែធ្នូ នឹងផ្ដោតលើ «ការចងចាំរបស់កម្ពុជា អំពីការធ្វើអាណានិគម»។ ពិព័រណ៍នេះ នឹងបង្ហាញពីការដាក់អាណានិគមនៅកម្ពុជា និងទំនាក់ទំនងរវាងប្រវត្តិសាស្ត្រ និងការចងចាំក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ សន្និសីទទាំងពីរនេះ នឹងធ្វើឡើងជាភាសាបារាំង ដោយមានការបកប្រែជាភាសាខ្មែរ៕