ជាតិ
ចង់បម្រើ​ភូមិឃុំខ្លួន? ក្រសួងមុខងារសាធារណៈប្រកាសប្រឡងរើសមន្ត្រីកសិកម្មឃុំនៅ​១៧ខេត្ត
09, Nov 2023 , 12:29 pm        
រូបភាព
ក្រសួងមុខងារសាធារណៈប្រកាសប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន២៥០កន្លែង ក្របខណ្ឌ​ក, ខ​និងគ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  ក្រសួងមុខងារសាធារណៈ ​អះអាងថា ការប្រឡងមន្ត្រីកសិកម្មឃុំនេះ គឺឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

 
ការទទួលពាក្យប្រឡងនេះ ធ្វើឡើងរហូតដល់ថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២៣ ដោយបេក្ខជនអាចចូលបំពេញពាក្យតាមប្រព័ន្ធអនឡាញ https://lms.era.gov.kh/qrling/2A ឬទាក់ទងទៅកាន់មន្ទីរមុខងារសាធារណៈនៅតាមបណ្តាខេត្ត​។ លក្ខខណ្ឌចាំបាច់នៃការប្រលងមន្ត្រីកសិកម្មឃុំនេះ បេក្ខជនត្រូវមានជំនាញឬឯកទេសកសិកម្មចាប់ពីវិញ្ញាបនបត្រឡើងទៅ និងមានអាយុយ៉ាងតិច១៨ឆ្នាំ ដែលសម័យប្រឡង នឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២៣។ 
 
សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បញ្ជាក់ថា បេក្ខជនប្រឡងជាប់ នឹងក្លាយជាមន្តី្រកសិកម្មឃុំនៅក្នុងខេត្តគោលដៅចំនួន១៧ ក្នុងនោះមានខេត្ត តាកែវ ព្រៃវែង កំពង់ធំ បាត់ដំបង ព្រះវិហារ កំពង់ឆ្នាំង កំពត បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ ស្វាយរៀង កណ្តាល ត្បូងឃ្មុំ ឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី។​ 
 
ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មដាក់ពង្រាយទៅតាមឃុំ-សង្កាត់នេះ ធ្វើឡើងក្នុងគោលដៅជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និង​ជួយ​ដល់​ជីវភាព​គ្រួសារ​កសិករ​នៅ​តាម​ជនបទ។ ជុំវិញការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មតាមឃុំ រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា១៦,៩ពាន់លានរៀល​(ប្រមាណ៤លានដុល្លារ) សម្រាប់ឆ្នាំ២០២៤។​ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤៕ 
 
 
 

Tag:
 កសិកម្ម​
  មន្ត្រីឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com