ជាតិ
សេដ្ឋកិច្ច
គណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃគោរមងារឧកញ៉ា នឹងប្រជុំពង្រឹង«គោរមងារ»
09, Nov 2023 , 8:59 pm        
រូបភាព
សេដ្ឋកិច្ចឡាវរងសម្ពាធដោយសារប្រាក់គីបធ្លាក់ថ្លៃ
សេដ្ឋកិច្ចឡាវរងសម្ពាធដោយសារប្រាក់គីបធ្លាក់ថ្លៃ
រដ្ឋាភិបាល សម្រេចតែងតាំង លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកស្តីទីគណៈរដ្ឋមន្ត្រី ធ្វើជាប្រធាន​គណៈកម្មការអន្តរក្រសួងពិនិត្យ និង វាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា។ នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត នាថ្ងៃទី៧វិច្ឆិកា។

 
ក្នុងគណៈកម្មការនេះ មានអនុប្រធាននិងសមាជិកចំនួន៨រូប ដោយមានអគ្គនាយកដ្ឋានឥស្សិយយស ​និងគោរមងារ ជា​លេខាធិការ។ ​ក្នុងនោះ ក៏មានលោក លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោក ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ជាសមាជិក ផងដែរ។ 
 
បើតាមលោក ហ៊ុន ឡាក់  គណៈកម្មការអន្តរក្រសួងពិនិត្យ និង វាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា នឹងបើកកិច្ចប្រជុំមួយនាពេលឆាប់ៗនេះ ដើម្បីកំណត់ឡើងវិញឱ្យបានច្បាស់លាស់នូវគោរមងារឧកញ៉ា និងការធ្វើបច្ចុប្បន្នភាពគោរមងារឧកញ៉ានៅកម្ពុជា។  ជាពិសេស ពិនិត្យលើលក្ខខណ្ឌ និងច្បាប់កំណត់នានា ក្នុងការដាក់សំណើសុំគោរមងារជាឧកញ៉ា និងការបញ្ចប់គោរមងារទៅវិញ។ 
 
« គណៈកម្មការនេះ មានភារៈកិច្ចធ្វើយ៉ាងណាពង្រឹងគោរមងារឧកញ៉ាឱ្យមានតម្លៃ មានកេរ្តិ៍ឈ្មោះល្អ  ជួយកិច្ចការងារសង្គម និងក្លាយជាចំណែកដ៏ប្រពៃមួយក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។ លោក ហ៊ុន ឡាក់  ថ្លែងបែបនេះប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាព្រឹកថ្ងៃទី៩វិច្ឆិកា  ឆ្នាំ២០២៣។ 
 
កន្លងមក អតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បានអំពាវនាវដល់ឧកញ៉ាទាំងអស់ ត្រូវរក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូរជាឧកញ៉ាឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។ សម្តេច ថ្លែងបែបនេះនៅចំពោះមុខ លោក-លោកស្រីដែលទទួលបានគោរមងារ ជា «ឧកញ៉ា» ក្នុងពិធីប្រកាសជាផ្លូវការនូវសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១០មិថុនា យ៉ាងដូច្នេះ៖«ឧកញ៉ាត្រូវប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ 
 
បើតាមលោកអគ្គលេខាធិការ និងជាអ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា គិតចាប់ឆ្នាំ១៩៩៤ ដល់ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា មានឧកញ៉ា ចំនួន ១ ២៩៩នាក់។ លក្ខខណ្ឌនៃការទទួលបានគោរមងារពីព្រះមហាក្សត្រ ក្រៅពីការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារបរិក្ខានានាជូនរដ្ឋ ការកសាងសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម និងអគារសាធារណៈហើយនោះ បុគ្គលជាពលរដ្ឋខ្មែរត្រូវផ្តល់គោរមងារជាឧកញ៉ា ត្រូវមានប្រវត្តិរូបច្បាស់លាស់ មានកិរិយាមាយាទល្អ, ពុំធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ​ ឬបទមជ្ឈឹមណាមួយឡើយ រួមទាំងត្រូវប្រកបមុខរបរស្របច្បាប់៕  

Tag:
 ឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com