ជាតិ
សៀមរាប គ្រោងរៀបចំពិព័រណ៍បន្លែ-ផ្លែឈើប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២៤ទៅ
11, Nov 2023 , 6:59 pm        
រូបភាព
ស្ដង់បន្លែផ្លែឈើក្នុងពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលរៀចបំឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្ដង់បន្លែផ្លែឈើក្នុងពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលរៀចបំឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សៀមរាប៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍ពិព័រណ៍បន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុកប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីជាផ្នែកមួយការលើកកម្ពស់ផលិតផលក្នុងស្រុក  និងទាក់ទាញទេសចរផងដែរ។


 
ប្រធានមន្ទីរពាណិជ្ជកម្ម លោក ភឿន គឹមលី បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានសម្រេចយកសប្ដាហ៍ទី១នៃខែធ្នូ  ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍បន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុក។ លោកពន្យល់ថា៖«យើងចង់បានពេលវេលាជាក់លាក់មួយសម្រាប់ឱ្យអតិថិជន ក៏ដូចជាអ្នកនៅក្នុងវិស័យទេសចរណ៍ ជាក់ស្ដែងភ្ញៀវនៅក្នុងអូរតែលក្បែរៗនេះ ពេលយើងធ្វើពិព័រណ៍បែបនេះ គឺគាត់ត្រូវតែមក។ យើងចង់ឱ្យព័ត៌មាននេះទៅដល់គាត់ ហើយក៏ចង់ឱ្យអាជីវករទាំងអស់គាត់ចាំថា រៀងរាល់ខែ១២ដើម សប្ដាហ៍ទី១ គឺសៀមរាបនឹងមានព្រឹត្តិការណ៍នេះ»។
 
ក្នុងពិធីបើកពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលជាលើកដំបូងដែលរៀបចំ ដោយមន្ទីរពាណិជ្ជកម្មនារសៀលថ្ងៃទី១០ ខែវិច្ឆិកា លោក គឹមលី លើកឡើងថា ផលិតផលដែលបានដាក់តាំងបង្ហាញក្នុងពិព័រណ៍រួមមាន បន្លែ ផ្លែឈើ ចម្លាក់ថ្ម-ឈើ ប្រាក់-ស្ពាន់ សិប្បកម្មតម្បាញសូត្រ អង្ករ ឱសថបូរាណ វត្ថុអនុស្សាវរីយ៍ គ្រាប់ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈ និងផលិតផលកែច្នៃជាច្រើនទៀត។ ផលិតផលទាំងនោះមកពីខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តតាកែវ។ 


 
អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន លើកឡើងដែរថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឲ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។ ដូច្នេះលោកស្នើឱ្យ ពលរដ្ឋខ្មែរទាំងអស់ ត្រូវមានស្មារតីជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីឱ្យសេដ្ឋកិច្ចក្នុងប្រទេស មានភាពល្អប្រសើរ។
 
សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ការចុះបញ្ជីពាណិជ្ជកម្មមានការកើនឡើងពីចំនួនប្រមាណជាង ៤៣២ ក្នុងឆ្នាំ២០២១ និង៧៣២ក្នុងឆ្នាំ២០២២  អាចដល់ប្រមាណជាង១០០០ នាដំណាច់ឆ្នាំ២០២៣នេះ។ តម្លៃស្រូវ និងដំឡូងមី មានតម្លៃល្អ និងរំពឹងថាតម្លៃនេះនឹងបន្តមានស្ថិរភាពក្នុងរង្វង់ឆ្នាំទៅមុខៗទៀត។
 
គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុកនៅខេត្តសៀមរាប រៀបចំឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់៕





Tag:
 ពិព័រណ៍
 បន្លែ
  ផ្លែឈើ
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com