ជាតិ
សិល្បះ
លោក ម៉ុន ហៃ ទៅរៀនធ្វើគែននៅថៃ ដើម្បីយកចំណេះមកបង្រៀនក្មេងជំនាន់ក្រោយ
12, Nov 2023 , 9:19 am        
រូបភាព
រូបពីហ្វេសប៊ុកផេករថយន្តតន្ត្រីទិព្វខ្មែរ Khmer Magic Music Bus-KMMB
រូបពីហ្វេសប៊ុកផេករថយន្តតន្ត្រីទិព្វខ្មែរ Khmer Magic Music Bus-KMMB
ភ្នំពេញ៖ លោក ម៉ុន ហៃ គឺជាមេភូមិក្រសាំង ដែលស្ថិតក្នុងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានប្រាក់ឧបត្ថម្ភពីរថយន្តតន្ត្រីទិព្វ ទៅរៀនបច្ចេកទេសធ្វើគែន ពីប្រទេសថៃ ដើម្បីយកមកបង្រៀនក្មេងជំនាន់ក្រោយ។


 
លោក ម៉ុន ហៃ គឺជាគ្រូបង្រៀនផ្លុំឧបករណ៍ភ្លេងគែន ដល់ក្មេងៗក្នុងភូមិរបស់លោក អស់ជាច្រើនឆ្នាំមកហើយ។ មកដល់ពេលនេះ លោកបានទៅរៀនធ្វើឧបករណ៍ភ្លេងគែន បន្ថែមទៀតពីប្រទេសថៃ ដើម្បីបង្រៀនដល់ក្មេងៗ។ ចេះផ្លុំគែនតពីដូនតា លោក ម៉ុន ហៃ តែងតែព្រួយបារម្ភខ្លាច ឧបករណ៍ភ្លេងគែន ត្រូវបាត់បង់ ក្រោយពេលលោកបង្រៀនលែងកើត។ ហេតុនោះហើយ ទើបបានជាលោក ខ្នះខ្នែងទៅរៀនធ្វើឧបករណ៍នេះ ដើម្បីផ្ទេរចំណេះទៅកាន់អ្នកជំនាន់ក្រោយ ឱ្យកាន់តែទូលាយ។

លោក ម៉ុន ហៃ មេភូមិក្រសាំង រូបពីហ្វេសប៊ុក ម៉ុន ហៃ

សារព័ត៌មានថ្មីៗ ពុំទាន់អាចសម្ភាសលោក ម៉ុន ហៃ បានឡើយដោយលោកថារវល់រៀន។ ប៉ុន្តែពេលលោករៀនចេះ ហើយត្រឡប់មកប្រទេសខ្មែរវិញ លោកនឹងផ្ដល់បទសម្ភាស អំពីដំណើរការ និងគោលបំណងធំ ដែលលោកទៅរៀនធ្វើគែននេះ។
 
ទោះជាយ៉ាងណា អ្នកស្រី ថន សីម៉ា សហស្ថាបនិកា និងជាអ្នកផលិតកម្មវិធីរបស់រថយន្តតន្ត្រីទិព្វខ្មែរ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា គម្រោងបានឧបត្ថម្ភដល់លោក ម៉ុន ហៃ ទៅរៀនរយៈពេល១ ខែ គឺចាប់ពីថ្ងៃទី១ខែតុលា ដល់ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៣។ ប៉ុន្តែ លោក ហៃ បានបន្តពន្យារពេលស្នាក់នៅរៀនបន្ថែមទៀត ដ្បិតអីលោករៀនមិនទាន់ចេះស្ទាត់ ហើយការចំណាយក្នុងរយៈពេលពន្យារនេះ លោកជាអ្នករ៉ាប់រងខ្លួនឯង។

អ្នកស្រី ថន សីម៉ា សហស្ថាបនិកា រថយន្តតន្ត្រីទិព្វខ្មែរ ដៃកាន់ម៉ៃក្រូហ្វូន រូបពីហ្វេសប៊ុកផេក រថយន្តតន្រ្តីទិព្វខ្មែរ Khmer Magic Music Bus- KMMB

«យើងបានព្យាយាមស្វែងរកអ្នកចេះធ្វើគែនក្នុងស្រុកដែរ ប៉ុន្តែយើងរកមិនបាន។ លោក ហៃ គាត់ប្រាប់យើងថា គាត់រកឃើញអ្នកចេះធ្វើគែននៅថៃ។ គាត់ចង់ទៅរៀន យើងក៏ផ្ដល់ប្រាក់ឧបត្ថម្ភដល់គាត់ ឱ្យគាត់បានទៅរៀន»។ នេះជាការបញ្ជាក់របស់ សហស្ថាបនិការថយន្តតន្រ្តីទិព្វ។
 
អ្នកស្រី ថន សីម៉ា អះអាងថា លោក ម៉ុន ហៃ ព្រួយបារម្ភខ្លាចបាត់បង់មរតកភ្លេងគែន ដែលសល់ពីដូនតារបស់លោក ទើបបានជាលោក ចង់ចេះធ្វើគែន និងយកទៅបង្រៀនកូនចៅជំនាន់ក្រោយ។ សម្រាប់អ្នកស្រី សីម៉ា ក្រោយពីលោក ហៃ រៀនចេះលោកអាចធ្វើគែនលក់ ដើម្បីរកចំណូលបន្ថែម ដ្បិតអីកាលកន្លងទៅ មានភ្ញៀវជាច្រើន បានសួររកទិញឧបករណ៍គែនពីអ្នកស្រី។ 
 
អ្នកស្រី ថន សីម៉ា បន្ថែម៖ «នេះជាធនធានធំមួយដែរ ដែលគាត់អាចបន្តទៅក្មេងជំនាន់ក្រោយ។ យើងចំណេញទាំងពេលវេលា ចំណេញទាំងធនធាន។ គាត់អាចធ្វើលក់ក្នុងស្រុកគាត់ ឬក៏អាចចែកចាយជុំវិញប្រទេសខ្មែរ។ នេះជាគោលដៅធំ ដែលយើងបញ្ជូនគាត់ទៅ ហើយគាត់ក៏ចង់ទៅខ្លួនគាត់ដែរ ព្រោះគាត់គិតថា គាត់អាយុកាន់តែច្រើនហើយ គាត់ចង់ផ្ទេរចំណេះ ផ្លុំនិងធ្វើគែននេះ ទៅក្មេងជំនាន់ក្រោយ កុំឱ្យបាត់បង់»។
 
សូមរំលឹកថា រថយន្តតន្រ្តីទិព្វខ្មែរ ធ្លាប់បានផ្ដល់ប្រាក់ឧបត្ថម្ភដល់លោក ម៉ុន ហៃ បើកថ្នាក់បង្រៀនផ្លុំគែន អស់ជាច្រើនឆ្នាំមកហើយ។ គម្រោងនេះ នឹងបន្តផ្ដល់ដល់លោក រហូតដល់លោកអស់អាយុ។ សម្រាប់គម្រោងបន្ទាប់ រថយន្តតន្ត្រីទិព្វ ចង់ឱ្យលោក ម៉ុន ហៃ ដាក់ស្នើគំនិតរបស់ខ្លួន ទៅកាន់រថយន្តតន្ត្រីទិព្វ ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិតរបស់លោក ពាក់ព័ន្ធនឹងឧបករណ៍គែន។
 
អ្នកស្រី សីម៉ា ពន្យល់៖«យើងក៏ចង់បានគំនិតពីគាត់ដែរ កុំឱ្យថាចេញតែពីគំនិតរបស់គម្រោង។ គាត់ថាពេលចេះ គាត់នឹងយកមកបង្រៀនកូនចៅក្នុងភូមិ។ ចាំគាត់មកវិញ យើងនឹងសួរគាត់ ថាគាត់ចង់ធ្វើអ្វីបន្ត និងជួយគាត់បានក្នុងកម្រិតណា?»។ 

លោក ម៉ុន ហៃ ពាក់អាវយឺត កំពុងដំអណ្ដាតគែន (រូបពីហ្វេសប៊ុក ម៉ុន ហៃ)

អ្នកស្រី ថន សីម៉ា អះអាងថា ទៅថ្ងៃមុខ ប្រសិនរថយន្តតន្ត្រីទិព្វ នៅតែបន្តធ្វើការជាមួយលោក ម៉ុន ហៃ នោះអ្នកស្រីចង់បង្កើតស្នាដៃថ្មីៗ ដែលអាចបញ្ចូលឧបករណ៍ភ្លេងគែន ជាមួយឧបករណ៍ភ្លេងសម័យ។ អ្នកស្រីថា កន្លងទៅរថយន្តតន្ត្រីទិព្វ ក៏ធ្លាប់បានយកឧបករណ៍ភ្លេងបុរាណខ្មែរ ទៅប្រគំជាមួយឧបករណ៍ភ្លេងសម័យដែរ។ ហើយនៅពេលនេះអ្នកស្រី នៅតែត្រៀមខ្លួន ដើម្បីច្នៃប្រឌិត ឧបករណ៍ភ្លេង រួមមានគែន និងភ្លយ បញ្ចូលជាមួយឧបករណ៍ភ្លេងសម័យ។ 
 
អ្នកស្រី ថន សីម៉ា ថាកន្លងមក ឧបករណ៍ភ្លេងបុរាណខ្មែរ ច្រើនតែលេងក្នុងពិធីមង្គលការ។ អ្នកស្រីអះអាងថា នៅមានឧបករណ៍ភ្លេងបុរាណជាច្រើន ដែលនៅតាមសហគមន៍ មិនទាន់បានឃើញ និងមិនទាន់បានស្គាល់។ ដូច្នេះអ្នកស្រី សំណូមពរដល់ក្មេងជំនាន់ក្រោយ ស្វែងយល់បន្ថែមពីឧបករណ៍ភ្លេងបុរាណខ្មែរ និងបន្តជួយលើកតម្កើង ឧបករណ៍ភ្លេងរបស់ជាតិ ដើម្បីឱ្យឧបករណ៍ភ្លេងនេះ នៅតែបន្តរស់រានមានជីវិត។

រូបពីហ្វេសប៊ុកផេករថយន្តតន្ត្រីទិព្វខ្មែរ Khmer Magic Music Bus-KMMB

សូមបញ្ជាក់ថា រថយន្តតន្ត្រីទិព្វខ្មែរ បង្កើតឡើងតាំងពីឆ្នាំ២០១៣ ដែលជាកម្មវិធីតូចមួយ ចុះទៅតាមសហគមន៍ ដើម្បីផ្សព្វផ្សាយពីឧបករណ៍ភ្លេងបុរាណខ្មែរ។ ហើយចាប់ពីឆ្នាំ២០១៧ រថយន្តតន្ត្រីទិព្វខ្មែរ បានចូលជាកម្មវិធីរបស់អង្គការសិល្បៈខ្មែរអមតៈ ដោយមានបេសកកម្ម យកឧបករណ៍ភ្លេងខ្មែរមួយចំនួន ទៅធ្វើបទបង្ហាញ ដល់អ្នកនៅក្នុងសហគមន៍ ជាពិសេសអ្នកនៅតំបន់ដាច់ស្រយាល ឱ្យបានឃើញ បានស្ដាប់ និងបានប៉ះផ្ទាល់ ឧបករណ៍ភ្លេងបុរាណទាំងនោះ។ 
 
ហើយនេះក៏ជាដើមហេតុ ដែលនាំឱ្យរថយន្តតន្ត្រីទិព្វ បានទៅរកឃើញឧបករណ៍គែន នៅក្នុងខេត្តឧត្តរមានជ័យ។ រថយន្តតន្រ្តីទិព្វ បានចុះទៅផ្សព្វផ្សាយ ពីឧបករណ៍ភ្លេងបុរាណខ្មែរ នៅទូទាំងប្រទេសកម្ពុជារួចទៅហើយ។ ហើយនៅខេត្តខ្លះ រថយន្តតន្ត្រីទិព្វ បានចុះទៅផ្សព្វផ្សាយលើសមួយដង។
 
ពេលនេះរថយន្តតន្ត្រីទិព្វបានផ្ដល់មូលនិធិមួយទៀត គឺមូលនិធិការស្រាវជ្រាវ ឧបករណ៍តន្ត្រីដែលជិតនឹងបាត់បង់។ មូលនិធិនេះផ្ដល់ជារៀងរាល់ឆ្នាំ ហើយគម្រោង ក៏ទទួលបានការស្នើសុំជារៀងរាល់ឆ្នាំដែរ៕
 

Tag:
 ម៉ុន ហៃ
  តន្ត្រី
  គែន
  ឧបករណ៍ភ្លេងខ្មែរ
  ឧបករណ៍ភ្លេង
  ឧបករណ៍ភ្លេងបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com