ជាតិ
លោក ក្រុស សារ៉ាត់ ស្នើឱ្យអ្នកជំងឺដុំគីសសុដន់ប្រញាប់មកព្យាបាល
12, Nov 2023 , 11:59 am        
រូបភាព
សៀមរាប៖ ទោះគ្មានលទ្ធភាពបង់ថ្លៃសេវាក៏ដោយ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត សៀមរាប ស្នើឱ្យស្រី្តដែលមានជំងឺដុំគីសសុដន់ ប្រញាប់ស្វែងរកការព្យាបាល ឱ្យបានរហ័សបំផុត។ ក្នុង បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ក្រុស សារ៉ាត បញ្ជាក់ថា ការយកចិត្តទុកដាក់របស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាភារកិច្ចរបស់ផ្នែកសុខាភិបាល ពិសេសដែលមានជីវភាពខ្វះខាត។ ប្រធាន មន្ទីរសុខាភិបាលខេត្តសៀមរាប អះអាងថា គ្រូពេទ្យនឹងមិនទុកអ្នកជំងឺណាមួយចោលនោះទេ ទោះអ្នកជំងឺទាំងនោះមិនមានលទ្ធភាពបង់សេវាក៏ដោយ។

 
ជំងឺដុំគីសសុដន់ កំពុងក្លាយជាជំងឺដ៏គួរឱ្យបារម្ភមួយសម្រាប់ស្រ្តី ហើយវាអាចវិវឌ្ឍន៍ទៅជាជំងឺ មហារីកបាន ប្រសិនពុំមានការតាមដានដិតដល់។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានស្នើស្រ្តីដែលកើតជំងឺនេះ កុំមានការអៀនខ្មាស និងប្រញាប់ស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា។ ការអៀនខ្មាស មិនហ៊ានប្រាប់គេ ឬទៅជួបគ្រូពេទ្យ អាចធ្វើឱ្យជំងឺវិវត្តន៍ធ្ងន់ធ្ងរបាន។ 
 
«សូមកុំឱ្យមានការខ្មាសអៀន ឬបារម្ភ ទោះមានលុយ អត់លុយ ត្រូវថែរក្សាសុខភាពសិន។ ឥឡូវ ក្រសួងកំពុងរៀបចំការថែរក្សាសុខភាពបឋ មឱ្យខ្លាំងឡើងវិញ។ នៅសៀមរាប (ក្នុងចំណោម) ១០០ឃុំ មានមណ្ឌល(សុខភាព)៩៤ឃុំ គឺចង់គ្រប់ឃុំហើយ។ ដូច្នេះការស្វែងរកសេវាពិនិត្យមានភាពងាយស្រួលច្រើន។»។ លោក ក្រុស សារ៉ាត់ បញ្ជាក់ដូច្នេះ។  
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ មិនអាចសន្និដ្ឋានបានទេ ថាតើស្ថានភាពបច្ចុប្បន្ននៃជំងឺដុំគីសសុដន់ នៅក្នុងខេត្តសៀមរាប មានការកើនឡើង ឬយ៉ាងណា ដ្បិតថាវាជាជំងឺមិនឆ្លង និងកើតមានឡើងដោយមិនដឹងខ្លួន។ លោក ក្រុស សារ៉ាត់ បានណែនាំដល់ស្រ្តី គួរតាមដានសុខភាពឱ្យបានជាប់ជាប្រចាំ និងចេះស្ទាបសុដន់ ឬបរិវេណជុំវិញ ហើយក្នុងករណីសង្ស័យគួរប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត។ 
 
ជាមួយគ្នានេះដែរ លោក ក្រុស សារ៉ាត់ស្នើឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទៅលើបញ្ហាសុខភាពប្រជាពលរដ្ឋ ដើម្បីឱ្យពលរដ្ឋទៅទទួលសេវាសាធារណៈឱ្យបានកាន់តែ ទូលំទូលាយ និងទាន់ពេលវេលាផងដែរ។ 
 
នៅដើមសប្ដាហ៍កន្លងទៅ អ្នកជំងឺដុំគីសសុដន់មួយរូប នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបាននាំយកទៅពិនិត្យសុខភាព និងតាមដានជំងឺឡើងវិញនៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប។ អ្នកស្រី ទេព ពៅ អាយុ៥៤ឆ្នាំ មានជំងឺដុំគីសសុដន់ និងបានវះកាត់ម្ដងរួច ហើយ តែអាការៈនៅឈឺម្ដងៗ។ ស្រ្តីរូបនេះប្រាប់ថា ក្រោយវះកាត់រួច គ្រូពេទ្យបានផ្តល់ យោបល់ឱ្យអ្នកស្រីបន្តស្វែងរកការព្យាបាលនៅ រាជធានីភ្នំពេញ ប៉ុន្តែដោយសារជីវភាព ខ្វះខាតទើបនៅទ្រាំឈឺ ផឹកថ្នាំខ្មែរ ដោយមិនបានព្យាបាលបន្ត តាមការណែនាំ។ 


 
ប្រាប់អ្នកសារព័ត៌មាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អ្នកស្រី ទេព ពៅ លើកឡើងថា៖«ដំបូងពេទ្យប្រាប់ថា កើតដុំគីស អត់ប្រាប់ថាមកពីហូបអីៗទេ ត្រង់ស្លូត ឬកាចក៏ខ្ញុំអត់ដឹងដែរ»។ លោកស្រីបន្តថា៖«ពេលពេទ្យគាត់យកមកព្យាបាលដោយផ្ទាល់បែបនេះ ខ្ញុំសប្បាយ ចិត្ត និងចង់ឱ្យគាត់មើលជំងឺខ្ញុំឱ្យជាសះស្បើយ នឹងឆាប់ធ្វើការបានធម្មតាឡើងវិញ»។
 
នៅឃុំព្រះដាក់អ្នកស្រី ទេព ពៅ ប្រាប់ថា មានស្រ្តី២ទៅ៣នាក់ផ្សេងទៀតដែរ ដែលបាន កើតជំងឺដុំគីស និងឈានដល់មហារីកសុដន់។ ម្នាក់ក្នុងចំណោមអ្នកដែលអ្នកស្រីបាន ឃើញពេលថ្មីៗនេះ បានស្លាប់នៅកំឡុងខែ តុលាកន្លងទៅ។ ជាអ្នកជំងឺ និងឆ្លងកាត់ បទពិសោធន៍ឈឺចុកចាប់ដោយសារជំងឺមិនឆ្លងមួយនេះ អ្នកស្រី ទេព ពៅ ផ្ដាំទៅស្រ្តី ផ្សេងទៀតត្រូវថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ កុំទុកដល់ហួសពេល ដែលពិបាកនៅក្នុងគ្រួសារទាំងមូល។ 
 
លោក ក្រុស សារ៉ាត់ ពន្យល់ថា នេះជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់ក្រសួងសុខាភិបាល ពិសេសលើពលរដ្ឋដែលមានជីវភាពខ្វះខាត។ លោកបន្ថែមថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងតាមដានសុខភាពអ្នកស្រី ទេព ពៅ ឱ្យគាត់សម្រាកពេទ្យ និងជួយសម្រួលរៀបចំឱ្យគាត់ទៅព្យាបាលនៅ ភ្នំពេញជាដើម ប្រសិនក្នុងករណីចាំបាច់។ លោកបញ្ជាក់ថា គ្រូពេទ្យនឹងមិនទុកអ្នកជំងឺណាមួយចោលនោះទេ គឺបន្តមើលថែតាមដានជំងឺគាត់រហូតអស់លទ្ធភាព ទោះអ្នកជំងឺទាំងនោះមិនមានលទ្ធភាពបង់សេវាក៏ដោយ៕

Tag:
 ជំងឺដុំគីសសុដន់
  ក្រុស សារ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com