ជាតិ
បុណ្យអុំទូក
ការប្រណាំងទូកខ្នាតតូចនៅវត្តស្វាយរមៀតទាក់ទាញអ្នកទស្សនាជាច្រើន
12, Nov 2023 , 1:59 pm        
រូបភាព
ការប្រណាំងទូកខ្នាតតូចនៅក្នុងបារាយណ៍ខាងលិច ដែលរៀបចំឡើងដោយវត្តស្វាយរមៀត។ រូបភាព៖ វត្តស្វាយរមៀត
ការប្រណាំងទូកខ្នាតតូចនៅក្នុងបារាយណ៍ខាងលិច ដែលរៀបចំឡើងដោយវត្តស្វាយរមៀត។ រូបភាព៖ វត្តស្វាយរមៀត
សៀមរាប៖ វត្តមហានទីរតនារាម ហៅវត្តស្វាយរមៀត សង្កាត់ទឹកវិល ក្រុងសៀមរាប បានរៀបចំកម្មវិធីប្រកួតអុំទូកខ្នាតតូច ជាផ្នែកមួយនៃការអភិរក្សវប្បធម៌ ប្រពៃណី និង ទាក់ទាញភ្ញៀវទេសចរ។


 
 ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តវត្តស្វាយរមៀត មានសង្ឃដីកាថា ពិធី ប្រណាំងទូកប្រពៃណីនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១១ និង១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានទូកចូលរួមប្រណាំងសរុប១៧ គូ ក្នុងនោះទូកនារី ៣ទូក។ ទូក នីមួយៗមានចំណុះកីឡាករ ៦នាក់។ ក្រៅពីនេះក៏មានការការប្រណាំងចានដែកចំនួន១០គូ ស្មើនឹង២០នាក់ផងដែរ។ សរុបកីឡាករ ការិនីទាំងអស់ មានចំនួន ២៣៦រូប។ នេះបើតាម ការបញ្ជាក់ពីព្រះគ្រូចៅអធិការវត្តស្វាយរមៀត។
 
តាមសង្ឃដីកាព្រះគ្រូចៅអធិការវត្ត នេះជាឆ្នាំទី៦ហើយដែលគណៈកម្មការវត្ត សហការ ជាមួយអាជ្ញាធររៀបចំពិធីនេះឡើងក្នុងបំណងចូលរួមថែរក្សាប្រពៃណីព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ ចូលរួមថែរក្សាប្រពៃណីរបស់វត្ត សហគមន៍ដែលធ្លាប់មាន កុំឱ្យបាត់បង់ អបអរបុណ្យកឋិនទានសាមគ្គី និងការបង្កភាពរីករាយសម្រាប់ពលរដ្ឋជាពុទ្ធបរិស័ទ និងដើម្បីរំឭកគុណចំពោះវត្ថុស័ក្តសិទ្ធិ ដែលតែងអភិបាលកិច្ចពលរដ្ឋខ្មែរគ្រប់រូប។ 


 
នាពិធីបើកកម្មវិធីប្រណាំងទូកនេះដែរ លោក សួន ចំណាន ស្នងការរងនគរបាលខេត្ដសៀមរាប  ថ្លែងថា ការអភិរក្សថែរក្សាព្រះរាជពិធីបុណ្យអុំទូក ថែរក្សា ការពារ អភិរក្ស និង អភិវឌ្ឍ បេតិកភណ្ឌវប្បធម៌ជាតិ ជាកិច្ចការដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។ បន្ថែមពីនេះ អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស រួមចំណែកសំខាន់ដើម្បីទាញយកប្រយោជន៍សមស្រប សម្រាប់ការអភិវឌ្ឍប្រទេស និងផ្ទេរមរតកដ៏មានតម្លៃនេះទៅក្មេងជំនាន់ក្រោយ។ 
 
 លោក សួន ចំណាន ក៏បានលើកទឹកចិត្តដល់ព្រះគ្រូចៅអធិការវត្ត និងពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែរក្សាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អនេះឱ្យបានស្ថិតស្ថិរគង់វង្ស និងបន្តរៀបចំពិធីនេះ ដើម្បីបង្កភាពរីករាយដល់ប្រជាពលរដ្ឋជិតឆ្ងាយ៕





Tag:
 ប្រណាំងទូក
  ប្រពៃណី
  អុំទូកវត្តស្វាយរមៀត
© រក្សាសិទ្ធិដោយ thmeythmey.com