ជាតិ
សេដ្ឋកិច្ច
តំណាងឱ្យវិស័យឯកជន លោក គិត ម៉េង​ ស្នើឱ្យប្រព័ន្ធពន្ធដារមានភាពច្បាស់លាស់ និងព្យាករជាក់លាក់
13, Nov 2023 , 11:59 am        
រូបភាព
លោក គិត ម៉េង ប្រធានសភាពពាណិជ្ជកម្មកម្ពុជា​ និងជាប្រធានក្រុមសម្របសម្រួលវិស័យឯកជនទាំង១៤
លោក គិត ម៉េង ប្រធានសភាពពាណិជ្ជកម្មកម្ពុជា​ និងជាប្រធានក្រុមសម្របសម្រួលវិស័យឯកជនទាំង១៤
វិស័យឯកជនសុំឱ្យប្រព័ន្ធពន្ធដារមានភាពច្បាស់លាស់ និងមានការព្យាករជាក់លាក់។ លោក គិត ម៉េង​ ប្រធានក្រុមសម្របសម្រួលវិស័យឯកជនទាំង១៤ ថ្លែងបែបនេះនៅចំពោះមុខនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីពេញអង្គនៃ « វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ » នៅវិមានសន្តិភាព នាព្រឹកថ្ងៃ១៣វិច្ឆិកា​នេះ។

 
លោក គិត ម៉េង បានបញ្ជាក់ថា​  ​ប្រព័ន្ធពន្ធដារដែលមានការបកស្រាយច្បាស់លាស់ វានឹងផ្តល់អត្ថប្រយោជន៍ជាអនេកដល់វិនិយោគិនទាំងក្នុង និងក្រៅបរទេស​។  ក្រៅពីសំណើរនេះ លោកប្រធានក្រុមសម្របសម្រួលវិស័យឯកជនទាំង១៤ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា​ ក៏បានស្នើ​រដ្ឋាភិបាលឱ្យ​ផ្តោតលើបរិយាប័ន្នហិរញ្ញវត្ថុ បរិយាប័ន្នប្រព័ន្ធអេកូធុរកិច្ច និងសមាហរណកម្មទីផ្សារក្នុងស្រុក និងតំបន់ រួមទាំងការអភិវឌ្ឍគោលនយោបាយហិរញ្ញវត្ថុ ដែលនឹងទាក់ទាញទីផ្សារមូលធនបន្ថែមទៀតមកកម្ពុជា។ 
 
លើសពីនេះ លោក គិត ម៉េង បានសុំឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញ នូវបទបញ្ញត្តិនានាដែលមានលក្ខណៈត្រួតគ្នា ព្រោះ បទបញ្ញាត្តិ និង នីតិវិធីទាំងនេះ ជាឧបសគ្គការងាររដ្ឋបាល ដែលរាំងស្ទះដល់ការវិនិយោគ។​ លោកបានបន្ថែមថា ​ការវាយតម្លៃផលប៉ះពាល់នៃបទបញ្ញត្តិត្រួតគ្នានេះ វានឹងផ្តល់នូវជំហានដំបូង សម្រាប់ការដកចេញនូវរបាំងបទបញ្ញត្តិ ដែលត្រួតគ្នា ឬស្ទួនគ្នាសម្រាប់វិនិយោគិន។ 
 
«សំណើរទាំងបីចំណុចខាងលើនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាបានថា វិស័យឯកជនកំពុងជួយផ្តល់កំណើនធុរៈកិច្ចប្រកបដោយនិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការសម្រេចនូវគោលដៅរបស់យើង ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។ លោក គិត ម៉េង បានអះអាងយ៉ាងដូច្នេះ​។
 
សូមជម្រាបថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នេះ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ចាត់ទុកជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ ដែលជាការដឹកនាំជាលើកដំបូង របស់សម្តេចក្នុងតួនាទីជាប្រមុខរដ្ឋាភិបាលអាណត្តិទី៧៕ 

Tag:
 ពន្ធដារ
  លោក គិត ម៉េង
© រក្សាសិទ្ធិដោយ thmeythmey.com