ជាតិ
គណៈសង្ឃនាយក សម្រេចបិទវត្តពោធិលង្កាបណ្ដោះអាសន្ន ដើម្បីដោះស្រាយវិវាទ
13, Nov 2023 , 3:29 pm        
រូបភាព
វត្តពោធិលង្កា ត្រូវបានបិទបណ្ដោះអាសន្នដើម្បីដោះស្រាយវិវាទ។
វត្តពោធិលង្កា ត្រូវបានបិទបណ្ដោះអាសន្នដើម្បីដោះស្រាយវិវាទ។
សៀមរាប៖ សមត្ថកិច្ច ចម្រុះជាង១០០នាក់ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា បានចុះបិទវត្តពោធិលង្កា ជាបណ្ដោះអាសន្ន ស្របតាមការស្នើសុំរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

 
យោងតាមសេចក្ដីសម្រេចរបស់គណៈសង្ឃនាយក គឺបានបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្ហា ឬវត្តពោធិលើ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្ដីសម្រេចរបស់គណៈសង្ឃ បានបញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពីចៅអធិការ ,ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូត្រស្ដាំ , ភិក្ខុ ស៊ីញ ស៊ឺន ពីគ្រូសូត្រឆ្វេង និងភិក្ខ សេង សុខុម ពីវិន័យធម៌។
 
សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង បានបញ្ជាក់ក្នុងសេចក្ដីសម្រេចនោះថា ព្រះមេគណ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋា​ន​ ដើម្បីចុះរំសាយរចនាសម្ព័ន្ធក្នុងវត្ត និងត្រូវប្រជុំសម្រេចរៀបចំរចនាសម្ព័ន្ធថ្មីបណ្ដោះអាសន្ន ដើម្បីដឹកនាំការងាររហូតដល់មានការសម្រេច តែងតាំងថ្មីជាផ្លូវការ។ 
 

កិច្ចប្រជុំដោះស្រាយវិវាទព្រះសង្ឃនៅវត្តពោធិលង្កា។ រូបភាពពីរដ្ឋបាលខត្តសៀមរាប

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ មិនបានបញ្ជាក់លម្អិតពីករណីវិវាទខាងលើនេះទេ ដោយលោកលើកឡើងថា វិវាទនេះកើតឡើងប្រមាណ១០ឆ្នាំមកហើយ ដោយសារការបែងចែកបក្ខពួក ជា២-៣ក្រុម និងមិនមានការគោរពវិន័យសង្ឃ ហើយមិនអាចរកដំណោះស្រាយបាន។ 
 
លោក លី វណ្ណៈ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរសព្ទដូច្នេះថា៖«​យើងប្រមូលលោកនេន​ ដែលនៅក្នុងវត្ត១០៤អង្គទៅដាក់នៅក្នុងវត្តថ្មី ដើម្បីបែងចែកទៅតាមវត្តផ្សេងៗ ដើម្បីរៀបចំគណៈកម្មការវត្ត រៀបចំចៅអធិការវត្ត គ្រូសូត្រឆ្វេងគ្រូសូត្រស្ដាំ គ្រូវិន័យហើយ បានគេឱ្យលោកនិមន្តមកវិញ ។ តែឥឡូវបញ្ហានៅត្រង់ថាលោកគ្រូ សូត្រស្ដាំដែលឈ្មោះ ពេជ្រ ដេវីឌ ព្រះអង្គអត់នៅក្នុងវត្តទេ គាត់គង់នៅភ្នំពេញ ហើយកូនចៅព្រះអង្គ៥៣អង្គមិនព្រមចេញទេ»។

កិច្ចប្រជុំដោះស្រាយវិវាទព្រះសង្ឃនៅវត្តពោធិលង្កា។ រូបភាពពីរដ្ឋបាលខត្តសៀមរាប
 
យ៉ាងណាក្រោយសម្របសម្រួលពីគណៈកម្មការជំនាញ ព្រះសង្ឃទាំង៥៣អង្គព្រមចាកចេញពីវត្ត  តែសុំនិមន្តទៅគង់នៅវត្តកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានការសម្របសម្រួលដឹកជញ្ជូនពី​រដ្ឋបាលខេត្តសៀមរាប។ នេះជាការបញ្ជាក់ពីលោក លី វណ្ណៈ នៅរសៀលម៉ោង៣នេះ។
 
មេគណៈខេត្តសៀមរាប ព្រះអង្គ ជុំ គឹមឡេង មិនអាចសុំសង្ឃដីការបកស្រាយបានទេ ដោយព្រះអង្គ កំពុងប្រជុំជុំវិញករណីបញ្ហាវត្តពោធិលង្កានេះ៕



Tag:
 វត្តពោធិលង្កា
  វិវាទព្រះសង្ឃ
  គណៈសង្ឃនាយក
© រក្សាសិទ្ធិដោយ thmeythmey.com