ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល បដិសេដវិស័យឯកជន លើការបញ្ចុះពន្ធនាំចូលរថយន្តដឹកជញ្ជូន
13, Nov 2023 , 8:19 pm        
រូបភាព
បច្ចុប្បន្ន រដ្ឋាភិបាលមិនទាន់មានលទ្ធភាពក្នុងការបញ្ចុះអត្រាពន្ធ និងអាករ លើការនាំចូលរថយន្តដឹកជញ្ជូនឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបដិសេដបែបនេះទៅកាន់សំណើររបស់លោក សូ ងួន ដែលជាប្រធានក្រុមការងារ«ច» លើផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ របស់វិស័យឯកជន។ សម្តេច​ បានបញ្ជាក់ថា ចំណូលពន្ធ និងអាករលើរថយន្តនេះ គឺជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាល។​

 
កន្លងមក រដ្ឋាភិបាលបានបញ្ចុះអាករពិសេសម្តងរួចហើយ លើការនាំចូលរថយន្តដឹកជញ្ជូន។ ក្នុងកម្មវិធីពេញអង្គនៃ « វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ » នៅវិមានសន្តិភាព នាព្រឹកថ្ងៃ១៣ វិច្ឆិកា​នេះ សម្តេច ហ៊ុន ម៉ាណែត បានរំឭកថា​ ចាប់តាំងពីឆ្នាំ២០២១មក រដ្ឋាភិបាល បានកាត់បន្ថយអត្រាពន្ធពី៤០ភាគរយ មកនៅត្រឹម២៥ភាគរយ លើការនាំចូលរថយន្តសន្តោង និងរ៉ឺម៉កគ្រប់ប្រភេទ(រថយន្តដឹកកុងតឺន័រ) និងពី៤០ភាគរយ មកត្រឹម៣០ភាគរយ លើការនាំចូលរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបលើសពី៥តោន រួមទាំងលើមុខទំនិញរថយន្តបែន រថយន្តស្ទួច និងរថយន្តឯកទេសផ្សេងទៀត។​
 
ទន្ទឹមនេះ អត្រាពន្ធនាំចូលលើរថយន្តលើដឹកជញ្ជូន ជាទូទៅមានតែ១៥ភាគរយប៉ុណ្ណោះ។ សម្តេចបន្តរៀបរាប់ដូច្នេះ ៖ « ប៉ុន្តែអត្រានេះ​ ក៏មានកម្រិតសូន្យភាគរយ ប្រសិនបើរថយន្តដឹកជញ្ជូន​ត្រូវបាននាំចូលពីប្រទេសដៃគូដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយយើងហើយ​។ ដូច្នេះ! ចំពោះការស្នើសុំ[បញ្ចុះពន្ធនាំចូលរថយន្តដឹកជញ្ជូននេះ] ទោះបីជាលើកនេះមិនបានបន្ធូរបន្ថែម តែយើងក៏បានបន្ធូរពីរឆ្នាំមុន មមកហើយដែលកំពុងអនុវត្តមកដល់សព្វថ្ងៃ ដោយបានផលជាច្រើន»។ 
 
ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលបាន៥៦០លានដុល្លារអាម៉េរិក ធា្លក់ចុះ៥,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។ ក្នុងនោះ ចំណូលពីការនាំចូល យានយន្តនិងគ្រឿងចក្រគ្រប់ប្រភេទជាង​២០,៥០​​លានដុល្លារ៕ 

Tag:
 ពន្ធគយ
© រក្សាសិទ្ធិដោយ thmeythmey.com