ជាតិ
បារាំងគាំទ្រ​បេក្ខភាពកម្ពុជា​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីឆ្នាំ​២០២៦
14, Nov 2023 , 4:09 pm        
រូបភាព
ព្រះរាជ​សវនាការ​រវាង​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងលោក អេម៉ានុយអែល ម៉ាក្រុង នៅ​វិមាន Elysee កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ រូបថត AFP
ព្រះរាជ​សវនាការ​រវាង​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងលោក អេម៉ានុយអែល ម៉ាក្រុង នៅ​វិមាន Elysee កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ រូបថត AFP
ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​លើកទឹក​ចិត្តឱ្យ​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះនៃកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី (Sommet de la Francophonie) ឆ្នាំ​២០២៦។ នេះ​បើតាម​ការ​បញ្ជាក់​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ អំពី​លទ្ធផល​នៃព្រះរាជ​សវនាការ​រវាងព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​លោក​ប្រធានាធិបតី​បារាំង នៅវិមាន​ Élysée កាលពីថ្ងៃទី​១៣ ខែវិច្ឆិកា។

 
លោក អេម៉ានុយអែល ម៉ាក្រុង បាន​លើកទឹកចិត្ត និង​សន្យា​គាំទ្រ​បេក្ខភាពកម្ពុជា បន្ទាប់​ពី​បាន​ដឹងអំពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុងការទទួល​រៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី។ សម្រាប់ព្រះករុណា ព្រះមហាក្សត្រ កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារសំខាន់របស់បារាំងនៅអាស៊ី។
 
បារាំង​នឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំ​កំពូលនៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី​១៩ នៅ​ក្រុង​ Villers-Cotterêts នា​ខែតុលា ឆ្នាំ២០២៤។ ក្នុង​ព្រះរាជ​សវនាការ លោក ម៉ាក្រុង បាន​សូមយាង​ព្រះករុណា ព្រះមហាក្សត្រ​ ចូលរួម ហើយព្រះប្រមុខ​រដ្ឋកម្ពុជា ក៏បានអញ្ជើញលោក​ប្រធានាធិបតី​បារាំង និង​ភរិយា ចូល​រួមកិច្ច​លើកទី​២០​នៅ​កម្ពុជា​វិញ​ផងដែរ។
 
ចាប់​ផ្តើម​ដំបូង​នៅ​ឆ្នាំ១៩៨៦ កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) ជាជំនួប​រវាង​​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាលដែលជា​សមាជិក​អង្គការ​អន្តរជាតិ​នៃក្រុម​ប្រទេសនិយាយ​ភាសា​បារាំង (OIF) ដើម្បីពិភាក្សា​ ផ្លាស់ប្តូរយោបល់​លើ​បញ្ហា​ផ្សេងៗដូចជា នយោបាយ​អន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ច​សហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និង​ប្រជាធិបតេយ្យ ជាដើម។
 
កិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​​លើកទី​១៨ ត្រូវ​បាន​រៀបចំឡើងកាលពី​ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុង Djerba ប្រទេសទុយនីស៊ី។ សម្រាប់ជំនួបកំពូល​លើកទី​១៩ នាឆ្នាំ២០២៤ បារាំងនឹងក្លាយ​ជា​ម្ចាស់​ផ្ទះ​លើកទី៣ ខណៈក្រុងហាណូយ ប្រទេសវៀតណាម ជាម្ចាស់​ផ្ទះដំបូង​បំផុត​ពី​តំបន់អាស៊ី ដែល​បាន​រៀបចំកិច្ច​កំពូល​នេះ នា​ព្រឹត្តិការណ៍លើកទី៧ កាលពីឆ្នាំ​១៩៩៧។
 
ព្រះ​ករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺជា​បិតា​ស្ថាបនិក​មួយ​ព្រះអង្គ នៃ​អង្គការអន្តរជាតិ​ហ្វ្រង់​កូហ្វូនី ដែលបាន​ចាប់កំណើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៩ ដោយ​បិតាស្ថាបនិក​ផ្សេងទៀត​រួមមាន​ដោយអតីតប្រធានាធិបតីសេណេ​ហ្គាល់ លោក Léopold Sédar Senghor, អតីតប្រធានាធិបតីទុយនេស៊ី លោក Habib Bourguiba និង​អតីត​ប្រធានាធិបតីនីហ្សេរីយ៉ា លោក Hamani Diori។
 
តាម​តួលេខ​របស់ OIF រដ្ឋ និង​រដ្ឋាភិបាលជាសមាជិក​ហ្វ្រង់កូហ្វូនី មាន​៨៨ (សមាជិកពេញសិទ្ធិ៥៤, មិន​ពេញសិទ្ធិ​៧ និង​សង្កេតការណ៍​២៧)។ កម្ពុជាជាសមាជិក​ពេញ​សិទ្ធិចាប់តាំងពី​ឆ្នាំ​១៩៩៣ ក្រោយ​ឆ្លងកាត់ជាសមាជិក​សង្កេតការណ៍២ឆ្នាំ។
 
បច្ចុប្បន្ន​អ្នក​ប្រើ​ប្រាស់ភាសាបារាំង មាន​៣២១លាននាក់​នៅ​ទូទាំងពិភពលោក និង​មានអ្នក​រៀន​ប្រមាណ​១៤៤លាននាក់ ហើយ​ភាសាបារាំងជាភាសាទី​៥លើពិភពលោក និងជា​ភាសា​លំដាប់ទី​៤​លើ​បណ្តាញអ៊ីនធ័រណិត៕

Tag:
 ហ្វ្រង់កូហ្វូនី
© រក្សាសិទ្ធិដោយ thmeythmey.com