ភ្នំពេញ៖ សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានគាំទ្រដល់ការកែលម្អកម្មវិធីសិក្សាផ្នែកជលផលរបស់សាកលវិទ្យាល័យនៅកម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ FAO ។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាលជលផល ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាបត្រវិទ្យាសាស្រ្តជលផល ជាមួយសាកលវិទ្យាល័យចំនួន ៤។ សិក្ខាសាលានេះ រៀបចំចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា នៅខេត្តសៀមរាប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេស ដោយបង្កើតឱ្យមានជំនាញវិជ្ជាជីវៈ សម្រាប់យុវវ័យ ដែលអាចដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យជលផល។ កម្មវិធីនេះនឹងធានាថា និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ ត្រូវទទួលបានចំណេះដឹង ជំនាញ ក៏ដូចជាសមត្ថភាព ដែលសមស្របបំផុតទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន។
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាបត្រវិទ្យាសាស្រ្តជលផល
លោក Eric Baran អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា បានលើកឡើងថា៖ «យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យដែលបង្រៀនផ្នែកវិទ្យាសាស្រ្តជលផល ដើម្បីជួយពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើនក្នុងវិស័យជលផល»។
ជុំវិញការកែលម្អកម្មវិធីសិក្សានេះ អ្នកស្រី ផេន សុវត្ថិឌី ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាល័យព្រៃឈើ ជលផល នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏បានគាំទ្រផងដែរ។ អ្នកស្រី បញ្ជាក់ដូច្នេះ៖«វាជាលើកទី១ ហើយ ដែលកម្មវិធីសិក្សាផ្នែកជលផលត្រូវបានរៀបចំដោយមានការសម្របសម្រួលរវាងសាកលវិទ្យាល័យទាំងបួន»។
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាបត្រវិទ្យាសាស្រ្តជលផល
ក្រោយពីពិគ្រោះយោបល់លើកម្មវិធីសិក្សា និងមេរៀននេះ ជាមួយសាកលវិទ្យានៅកម្ពុជាហើយ អង្គការ FAO នឹងដាក់ទៅក្រសួងកសិកម្ម និងក្រសួងអប់រំ ដើម្បីពិនិត្យ និងអនុម័ត ដើម្បីជំរុញឱ្យក្លាយជាបទដ្ឋានសម្រាប់ឆ្នាំខាងមុខ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប (EU) ផ្ដល់មូលនិធិជួយកែលម្អកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្រ្តជលផល តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស នៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលកំពុងអនុវត្តចាប់ពី២០១៩-២០២៤ ដោយផ្ដោតលើការធ្វើឱ្យប្រសើរឡើង នូវចំណេះដឹងសម្រាប់ការគ្រប់គ្រងជលផល៕