ជាតិ
EU និង​អង្គការ FAO គាំទ្រ​ការកែ​លម្អ​កម្មវិធី​សិក្សា​ផ្នែក​ជលផល​នៃ​សាកលវិទ្យាល័យ នៅកម្ពុជា​
14, Nov 2023 , 7:39 pm        
រូបភាព
ភ្នំពេញ៖ សហភាព​អឺរ៉ុប និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ បាន​គាំទ្រ​ដល់​ការកែលម្អកម្មវិធីសិក្សាផ្នែកជលផលរបស់សាកលវិទ្យាល័យនៅកម្ពុជា។ បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​អង្គការ FAO ។



អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) និង​រដ្ឋបាលជលផល​ ដែល​ទទួល​បាន​មូលនិធិ​ពី​សហភាព​អឺរ៉ុប (EU) បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះយោបល់​ ស្ដី​ពី​ការ​គាំទ្រ​ទៅ​លើការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​សិក្សា​បរិញ្ញាបត្រ​វិទ្យាសាស្រ្ត​ជលផល ​ជាមួយ​សាកលវិទ្យាល័យ​ចំនួន ៤។ សិក្ខាសាលានេះ រៀបចំចាប់ពីថ្ងៃទី១៤-១៦ ខែ​វិច្ឆិកា នៅខេត្ត​សៀមរាប។
 
សិក្ខាសាលានេះ ធ្វើ​ឡើង​ក្នុង​គោលបំណងលើក​កម្ពស់​ការ​គ្រប់​គ្រង​ជលផល​ក្នុង​ប្រទេស​ ដោយ​បង្កើត​ឱ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ សម្រាប់​យុវវ័យ​ ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ក្នុង​វិស័យ​ជលផល។  កម្ម​វិធី​នេះនឹងធានា​ថា ​និស្សិត​ដែល​សិក្សានៅ​សាកលវិទ្យាល័យ ​ត្រូវ​ទទួល​បាន​ចំណេះដឹង ជំនាញ​ ក៏​ដូចជា​សមត្ថភាព ​ដែល​សម​ស្រប​​បំផុត​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារការងារ​ នាពេល​បច្ចុប្បន្ន។ 
  
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាបត្រវិទ្យាសាស្រ្តជលផល

លោក Eric Baran អ្នកជំនាញ​ស្រាវជ្រាវជលផល​អន្តរជាតិ​នៃ​អង្គការ FAO កម្ពុជា បាន​លើកឡើងថា៖ «យើង​កំពុង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បច្ចុប្បន្ន​របស់​មហាវិទ្យាល័យ​ដែល​បង្រៀន​ផ្នែក​វិទ្យាសាស្រ្ត​ជលផល​ ដើម្បីជួយ​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សាផ្នែក​ជលផល ដោយ​ដាក់បញ្ចូល​ចំណេះដឹង និង​បច្ចេកវិទ្យា​បច្ចុប្បន្ន ព្រម​ទាំង​សម្របខ្លួន​ទៅ​នឹង​ទីផ្សារ​ការងារក្នុងស្រុក តំបន់​ និង​អន្តរជាតិ​ដែល​កំពុងរីកចម្រើនក្នុង​វិស័យ​ជលផល»។ 
 
ជុំវិញការ​កែលម្អ​កម្មវិធីសិក្សានេះ អ្នកស្រី ផេន សុវត្ថិឌី ព្រឹទ្ធបុរស​រងនៃ​មហាវិទ្យាល័យ​វិទ្យាល័យព្រៃឈើ ជលផល នៃ​វិទ្យាស្ថាន​ជាតិកសិកម្ម​ព្រែកលៀប ក៏​បាន​គាំទ្រផងដែរ។ អ្នកស្រី បញ្ជាក់ដូច្នេះ​​៖«វាជា​លើកទី១ ហើយ ដែលកម្មវិធី​សិក្សា​ផ្នែក​ជលផលត្រូវ​បាន​រៀបចំ​ដោយ​មាន​ការ​សម្របសម្រួល​រវាង​សាកលវិទ្យាល័យ​ទាំងបួន»។ 
  
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាបត្រវិទ្យាសាស្រ្តជលផល

ក្រោយពី​ពិគ្រោះ​យោបល់លើកម្មវិធី​សិក្សា និងមេរៀននេះ ជាមួយសាកលវិទ្យានៅកម្ពុជាហើយ អង្គការ FAO នឹងដាក់ទៅ​ក្រសួង​កសិកម្ម និងក្រសួង​អប់រំ ដើម្បីពិនិត្យ និង​អនុម័ត ដើម្បីជំរុញឱ្យ​ក្លាយជា​បទដ្ឋាន​សម្រាប់​ឆ្នាំ​ខាង​មុខ។ 
 
សូម​បញ្ជាក់ថា សហភាពអឺរ៉ុប (EU) ផ្ដល់​មូលនិធិ​ជួយ​កែ​លម្អ​​កម្មវិធី​សិក្សា​សម្រាប់​បរិញ្ញាបត្រ​វិទ្យាសាស្រ្ត​ជលផល​ តាមរយៈអង្គការ FAO ក្រោម​គម្រោងគាំទ្រ​បច្ចេកទេស នៃកម្មវិធី​ជំរុញ​កំណើន​​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន ដែល​កំពុង​អនុវត្ត​ចាប់ពី​២០១៩-២០២៤ ដោយ​ផ្ដោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ​នូវ​ចំណេះដឹងសម្រាប់​ការ​គ្រប់គ្រងជលផល៕ 

Tag:
 កសិកម្ម
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com